ខេត្តកំពង់ស្ពឺ ៖ កូនកំលោះម្នាក់ត្រូវអាក់ខានផ្សំដំណេកដោយសារតែយកកែវទៅវាយក្បាលភ្ញៀវខាងកូនស្រីក្នុងថ្ងៃមង្គលការបណ្តាលឱ្យបែកក្បាលហូរឈាមជោកខ្លួន ហើយត្រូវសមត្ថកិច្ចបានឃាត់ខ្លួនភ្លាមៗយកទៅសួរនាំ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៨ និង៣០នាទីយប់ ថ្ងៃទី២៦ មេសា ២០១៥ ស្ថិតក្នុងភូមិទី២ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ កូនកំលោះដែលយកកែវវាយភ្ញៀវខាងស្រីឈ្មោះអន សំអឿន ភេទប្រុស អាយុ២៧ឆ្នាំ រៀបការជាមួយកូនក្រមុំឈ្មោះអ៊ែល ស្រីនាង អាយុ២២ឆ្នាំ រស់នៅក្នុងភូមិ-ឃុំខាងលើ។
នៅចំពោះមុខសមត្ថកិច្ចកូនកំលោះដៃដល់បានសារភាពថា នៅពេលដែលរូបគេរវល់ទទួលភ្ញៀវស្រាប់តែបងប្អូនរបស់គេនាំគ្នាប្រុងត្រលប់ទៅផ្ទះវិញ ឃើញដូចនោះរូបគេបានហៅមកវិញដើម្បីឱ្យចូលតុ និងហូបបាយនៅរួមសប្បាយនឹងគេ។តែនៅពេលដែលរូបគេកំពុងឃាត់បងប្អូនឱ្យនៅហូបបាយក៏មានមនុស្សម្នាក់មកនិយាយឌឺដងថា គេរៀបបាយឱ្យតែខាងកូនស្រីហូបទេ ចំណែកខាងកូនប្រុសមិនរៀបឱ្យហូបទេ។
ដោយសារតែផ្តើមចេញរឿងនេះហើយធ្វើឱ្យគេមានកំហឹងយ៉ាងខ្លាំងក៏ស្ទុះយកកែវស្រាទៅវាយជនដែលមកនិយាយឌឺដងមួយកែវចំចិញ្ចើមបណ្តាលឱ្យបែកហូរឈាមជោកខ្លួន ហើយត្រូវបងប្អូនបញ្ជូនទៅកាន់មន្ទីពេទ្យបង្អែកខេត្តកំពង់ស្ពឺដើម្បីព្យាបាល។
លោកអនុសេនីយ៏ទោប្រាក់ ប៊ុនឡៃ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំត្រែងត្រយឹងបានឱ្យដឹងថា ជនរងគ្រោះមានឈ្មោះ គង់ វិចិត្ត្រ ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅភូមិឈូកស ឃុំព្រៃញាតិស្រុក គង់ពិសី ដែលជាភ្ញៀវខាងកូនស្រី។ លោកអនុសេនីយ៍ទោប្រាក់ ប៊ុនឡៃ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំត្រែងត្រយឹងបានបន្តឱ្យដឹងទៀតថា ក្រោយកើតហេតុសមត្ថកិច្ចរបស់លោកបានឃាត់ខ្លួនកូនកំលោះជាជនដៃដល់ភ្លាមៗតែម្តង គឺឃាត់តាមការប្តឹងរបស់បងស្រីជនរងគ្រោះ។
បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចប៉ុស្តិ៍ឃុំត្រែងត្រយឹងបញ្ជូនទៅស្នងការខេត្តកំពង់ស្ពឺដើម្បីសម្របសម្រួលគ្នាជាមួយសាច់ញាតិជនរងគ្រោះ៕
ចែករំលែកព័តមាននេះ