ខេត្តបន្ទាយមានជ័យ ៖ ក្មេងស្រីអាយុ១៨ខែម្នាក់ បានលង់ទឹកស្ទឹងស្លាប់យ៉ាងអាណោចអាធ័ម ខណៈពេលដែលជីដូនរវល់ទៅទិញម្ហូបនៅឯផ្សារផ្ញើនឹងមីង តែមីងរវល់ដើរទៅខាងមុខផ្ទះមើលគេ មិនបានចាប់អារម្មណ៍ក្មេងស្រីនោះដើរទៅមាត់ស្ទឹងរអិលជើងធ្លាក់ចូលស្ទឹងលង់ស្លាប់។
ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៤ និង៣០នាទីរសៀល ថ្ងៃទី១៩ មេសា ២០១៥ នៅភូមិចំណោមលិច ឃុំសំណោម ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ។ លោកវរសេនីយ៍ទោស៊ី ឌី អធិការនគរបាលស្រុកមង្គលបូរី បានឲ្យដឹងថា ក្មេងស្រីរងគ្រោះឈ្មោះ វណ្ណា លីតា អាយុ១៨ខែ រស់នៅភូមិ-ឃុំខាងលើ ។
លោកអធិការបានបញ្ជាក់ថា កុមារីរងគ្រោះ មានឪពុកឈ្មោះ វណ្ណា អាយុ៣៧ឆ្នាំ ម្តាយឈ្មោះបៀន សារឿង អាយុ២២ឆ្នាំ គឺជាកូនទី១។ កុមារីរងគ្រោះ ត្រូវបានឪពុកម្តាយ ទៅធ្វើការនៅថៃ ទុកកូនស្រីផ្ញើនឹងជីដូនឈ្មោះកែវ រ៉េន អាយុ៤៧ឆ្នាំ មើលថែរក្សា ។ មុនពេលកើតហេតុជីដូនរវល់ទៅផ្សារទិញម្ហូប ដោយទុកក្មេងរងគ្រោះឲ្យមីងអាយុ១៤ឆ្នាំមើល តែមីងរវល់ដើរទៅមុខផ្ទះ ក្មេងស្រីនោះបានដើរទៅលេងមាត់ស្ទឹងនៅជិតផ្ទះក៏រអិលជើងធ្លាក់ចូលក្នុងទឹកស្ទឹងលង់ស្លាប់ មិនដឹងពីពេលណាទេ ពេលដែលបាត់ក្មេងរងគ្រោះនាំគ្នាដើររកតែលើគោក លុះដល់សពអណ្តែតទើបដឹងថាកុមារីស្លាប់ដោយលង់ទឹកទើបមានការភ្ញាក់ផ្អើលតែម្តង។
សាកសពក្រោយពីនគរបាលពិនិត្យរួចបានប្រគល់ជូនក្រុមគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕
ចែករំលែកព័តមាននេះ