ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រួច​ផុត​ជីវិត​ពី​ការ​ចាប់ជម្រិត​នៅ​ថៃ ជនសង្ស័យ​ចាប់ខ្លួន​នៅ​ខ្មែរ

9 ឆ្នាំ មុន

ខេត្តបន្ទាយមានជ័យ ៖ ជនសង្ស័យ​ប្ដី​ប្រពន្ធ​២​នាក់ ត្រូវ​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត ឃាត់ខ្លួន​ពី​បទ​ឃុបឃិត​ចាប់ជម្រិត​នៅ​ថៃ តាម​ពាក្យបណ្ដឹង​របស់​ស្ត្រី​សមាជិក​ក្រុមហ៊ុន (​អៃ​យ៉ា​រ៉ា​) ម្នាក់

ខេត្តបន្ទាយមានជ័យ ៖ ជនសង្ស័យ​ប្ដី​ប្រពន្ធ​២​នាក់ ត្រូវ​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត ឃាត់ខ្លួន​ពី​បទ​ឃុបឃិត​ចាប់ជម្រិត​នៅ​ថៃ តាម​ពាក្យបណ្ដឹង​របស់​ស្ត្រី​សមាជិក​ក្រុមហ៊ុន (​អៃ​យ៉ា​រ៉ា​) ម្នាក់ កាលពី​រសៀល​ថ្ងៃ​ទី​១២ មេ​សា ២០១៥ នៅ​ភូមិ​បា​លិ​លេ​យ្យ សង្កាត់​ប៉ោយ​ប៉ែ​ត ពេល​ដែល​មក​ទារប្រាក់​២០​ម៉ឺន​បាត​បន្ថែម​។ ជនសង្ស័យ​ទាំង​២​ខាងលើ បុរស​ជា​ប្ដី​ឈ្មោះ​ស៊ុំ ស៊ី​ណាត អាយុ​២៨​ឆ្នាំ ប្រពន្ធ​ឈ្មោះ​ឆេ​ង ហង្ស ឬ​ហុ​ក ហង្ស អាយុ​៣២​ឆ្នាំ មាន​ទីលំនៅ​ភូមិ​អូរ​អំបិល សង្កាត់​អូរ​អំបិល ក្រុង​សិរី​សោភ័ណ ខេត្តបន្ទាយមានជ័យ​។

តាម​ស្ត្រី​រង​គ្រោះ​ឈ្មោះ​វង្ស ស្រី​មុំ អាយុ​៤០​ឆ្នាំ មាន​ទីលំនៅ​ភូមិ​បា​លិ​លេ​យ្យ​០២ សង្កាត់​និង​ក្រុង​ប៉ោយ​ប៉ែ​ត ជា​សមាជិក​ក្រុមហ៊ុន (​អៃ​យ៉ា​រ៉ា​) ផ្នែក​លក់​ផលិតផល​ល្ងរ​ខ្មៅ ប្រាប់​ថា នាង​បាន​ស្គាល់​ជនសង្ស័យ​២​នាក់​ប្ដី​ប្រពន្ធ​នៅ​វត្ត​ភ្នំ​បាក់ ក្នុង​ក្រុង​សិរី​សោភ័ណ នៅ​ពេល​ដែល​ទៅ​និមន្ត​លោក​ស្រោច​ទឹក បន្ទាប់​មក​ក៏​មាន​ទំនាក់ទំនង​ស្គាល់គ្នា រហូត​នាង​ជា​ជនសង្ស័យ​មក​ដល់​ក្រុង​ប៉ោយ​ប៉ែ​ត ដើម្បី​ខ្ចីប្រាក់​២.០០០​បាត​ទៀត​ផង​។ ជន​រង​គ្រោះ​បន្ត​ថា លុះ​ក្រោយមក​ជនសង្ស័យ​បាន​ប្រាប់​ថា មាន​គេ​ត្រូវការ​ផលិតផល​ល្ងរ​ខ្មៅ​៧​ទៅ​៨​ឈុត នៅ​ឯ​ប្រទេស​ថៃ ហើយ​ក៏​បបួល​យក​ថ្នាំ​ទៅ​ឲ្យ​គេ​នៅ​ក្រុង​បាងកក​។ ជន​រង​គ្រោះ​ប្រាប់​ថា នៅ​រសៀល​ថ្ងៃ​ទី​០៩ ជនសង្ស័យ​បាន​ចេញពី​កម្ពុជា​ទៅ​ថៃ រង់ចាំ​នៅ​ផ្សារ​រុង​ក្លឿ​មុន បន្ទាប់​មក​ចុច​ទូរស័ព្ទ​ប្រាប់​ថា គេ​ចាំ​នៅ​ទីនោះ នាង​ក៏​ទៅ​តាម​ក្រោយ​ជួប​គ្នា​។

ស្ត្រី​រង​គ្រោះ​បន្ត​ថា ពេល​ទៅ​ដល់​ប្រទេស​ថៃ​នៅ​យប់​ថ្ងៃ​ទី​០៩ មេ​សា នោះ នាង​និង​ស្ត្រីជន​សង្ស័យ​ដេក​ផ្ទះរ​បស់បង​ជនសង្ស័យ ជា​អ្នកលក់​បាយ លុះ​រសៀល​ថ្ងៃ​ទី​១០ ជនសង្ស័យ​បាន​នាំ​នាង​ទៅ​លេង​ផ្សារ​ទំនើប​មិន​ស្គាល់ឈ្មោះ​ទិញ​ទឹកកក​ផឹក រួច​ជនសង្ស័យ​ក៍បាន​គេច​ទៅ​បាត់​មួយ​ភ្លេ​ត ស្រាប់តែ​មាន​ជន​បុរស​ថៃ​២​នាក់ ស្លៀកពាក់​ស៊ី​វិល មក​អះអាង​ថា គេ​ជា​ប៉ូ​លី​ស​សុំ​ឆែកឆេរ​ផលិតផល ស្រាប់តែ​ឃើញ​មាន​ថ្នាំ​ញៀន​០១​គ្រាប់​។ ស្ត្រី​រង​គ្រោះ​បន្ត​ថា ក្រោយ​ហេតុ​ការ​ឆែកឆេរ​នោះ បុរស​២​នាក់​នោះ​ក៏​បាន​នាំ​នាង​ជិះ​រថយន្ត​តាក់ស៊ី​ថា នាំ​ទៅ​ស្ថានីយ​ប៉ូ​លី​ស ទីបំផុត​យក​នាង​ទៅ​ទុក​នៅ​ចំណុច​សួនច្បារ​មួយ​ក្បែរ​ស្ថានីយ​ប៉ូ​លី​ស​ទៅ​វិញ​។ នាង​បន្ត​ថា នៅ​ចំណុច​សួនច្បារ​នោះ បុរស​សង្ស័យ​ទាំង​២​បាន​ទាក់ទង​ជាមួយ​ស្ត្រី​សង្ស័យ​ឲ្យ​ទៅ​កន្លែង​កើតហេតុ ដើម្បី​និយាយ​គ្នា​។ អ្វី​ដែល​គួរ​ឲ្យ​ហួសចិត្ត​នោះ ស្ត្រី​រង​គ្រោះ​ប្រាប់​ថា បុរស​ទាំង​២​បាន​ជម្រិត​ទារប្រាក់​ចំនួន​៣០​ម៉ឺន​បាត តាម​រយៈ​ស្ត្រី​សង្ស័យ ទើប​គេ​ឲ្យ​រួចខ្លួន​។ នាង​បន្ត​ថា នៅ​កន្លែង​កើតហេតុ​ស្ត្រី​សង្ស័យ​បាន​ក្លាយជា​អ្នក​រត់ការ​សម្របសម្រួល ដោយ​ឲ្យ​នាង​វេរ​ប្រាក់​ចំនួន​១០​ម៉ឺន​បាត ឲ្យ​សិន គេ​សុខចិត្ត​ចេញ​ជំនួស​២០​ម៉ឺន​បាត ចាំ​សង​គ្នា​នៅ​ដី​ខ្មែរ​។ ស្ត្រី​រង​គ្រោះ​បន្ត​ថា ដើម្បី​រួច​ជីវិត​ពី​ការ​ចាប់ជម្រិត​នេះ នាង​បាន​ខ្ចីប្រាក់​បងប្អូន ហើយ​ឲ្យ​កូនស្រី​បង្កើត​ឈ្មោះ​ល័​ក្ខ វេរ ទៅ​ឲ្យ​ចំនួន​១០​បាត តាម​ធនាគារ​ថៃ​ចំនួន​២ ដាក់​ចូល​លេខ​កុង ដែល​គេ​ឲ្យ​ទើប​បុរស​សង្ស័យ​ទាំង​២​នាក់​នោះ ព្រម​ឲ្យ​លិខិតឆ្លងដែន និង​អនុញ្ញាត​ឲ្យ​ត្រឡប់​មក​ស្រុក​វិញ​។ ជន​រង​គ្រោះ​បន្ត​ថា ថ្ងៃ​ទី​១១ នាង​បាន​វិល​ត្រឡប់​មក​ដល់​កម្ពុជា​វិញ តាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត ហើយ​បាន​ដាក់​ពាក្យបណ្ដឹង​នៅ​ប៉ុស្តិ៍​រដ្ឋបាល​នគរបាល​សង្កាត់​ប៉ោយ​ប៉ែ​ត ពី​ស្ត្រី​សង្ស័យ លុះ​រសៀល​ថ្ងៃ​ទី​១២​ខែ​ឆ្នាំ​ដដែល ស្ត្រី​សង្ស័យ​បាន​នាំ​ប្ដី​មក​ទារប្រាក់​២០​បាត ដែល​គេ​ថា បាន​ចេញ​ឲ្យ​បុរស​ជនជាតិ​ថៃ​នោះ ស្រាប់តែ​ត្រូវ​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន​តែ​ម្ដង​។

ជុំវិញ​ករណី​ខាងលើ​ស្ត្រី​សង្ស័យ​និយាយ​ថា នៅ​ថ្ងៃ​ទី​០៩ មេ​សា ២០១៥ នាង​និង​ប្ដី​ប្រុង​ចេញពី​កម្ពុជា​ទៅ​ថៃ​រួម​គ្នា ប៉ុន្តែ​ដោយសារ​ប្ដី​ចុកពោះ​ក៏​ឲ្យ​វិល​ត្រឡប់​ទៅ​ផ្ទះ​វិញ ហើយ​នាង​បាន​ទៅ​ប្រទេស​ថៃ​ជាមួយ​ស្ត្រី​ឈ្មោះ​វង្ស​ស្រី​មុំ​។ ស្ត្រី​សង្ស័យ​បន្ត​ថា រឿងរ៉ាវ​ដែល​កើតឡើង​នៅ​ក្នុង​ប្រទេស​ថៃ​រវាង​នាង​វង្ស ស្រី​មុំ និង​បុរស​ថៃ​២​នាក់​ដែល​ឆែកឆេរ​ប៉ះ​ថ្នាំ​ញៀន​នោះ នាង​មិន​ពាក់ព័ន្ធ​ទេ ប៉ុន្តែ​នាង​ទទួលស្គាល់​ថា នាង​ជា​អ្នកសម្របសម្រួល​ជាមួយ​បុរស​ថៃ​ទាំង​២​នាក់​នោះ ហើយ​ថា ប្រាក់​ដែល​ឈ្មោះ​វង្ស ស្រី​មុំ វេរ​ឲ្យ​១០​ម៉ឺន​បាត​នោះ នាង​ឲ្យ​បុរស​ថៃ​ទាំង​២​នាក់ តែ​៤​ម៉ឺន​បាត​ទេ មិនតែប៉ុណ្ណោះ​នាង​ទទួលស្គាល់​ថា សូ​ម្បី​តែ​លិខិតឆ្លងដែន​របស់​វង្ស ស្រី​មុំ ក៏​នាង​ជា​អ្នក​ទាក់ទង​ទូរស័ព្ទ​ពី​បុរស​ថៃ​ទាំង​២​នាក់ ឲ្យ​ផ្ញើរ​តាក់ស៊ី​ឲ្យ​ជន​រង​គ្រោះ​ដែរ​។ លុះ​មក​ដល់​ដី​ខ្មែរ​ស្រាប់តែ​ឈ្មោះ​វង្ស ស្រី​មុំ ទូរស័ព្ទ​ឲ្យ​នាង (​ជនសង្ស័យ​) មក​យក​ប្រាក់​ក៏​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​តែ​ម្ដង​។

លោក​ព្រហ្ម ពិសិដ្ឋ នាយ​ផ្នែក​នគរបាល​យុត្តិធម៌​នៃ​អធិការ​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត ប្រាប់​តាម​ទូរស័ព្ទ​នៅ​រសៀល​ថ្ងៃ​ទី​១៩ មេ​សា នេះ​ថា ករណី​ខាងលើ​ជន​រង​គ្រោះ​បាន​ប្ដឹង​ជនសង្ស័យ​ពី​បទ​ចាប់ជម្រិត​លើ​ទឹកដី​ថៃ​។ លោកនាយ​ផ្នែក​ប្រាប់​ថា ជនសង្ស័យ​បាន​សារភាព​ថា ប្រាក់​ដែល​កូន​ជន​រង​គ្រោះ​វេរ​ឲ្យ​១០​ម៉ឺន​បាត​នោះ គឺ​ជនសង្ស័យ និង​បុរស​ជនជាតិ​ថៃ ចែក​គ្នា ដោយ​នាង​ទទួល​បាន​៦​ម៉ឺន​បាត លុះ​មក​ទារប្រាក់​បន្ថែម ទើប​សមត្ថកិច្ច​ចាប់ខ្លួន​។ ទោះជា​យ៉ាងណា លោកនាយ​ផ្នែក​ប្រាប់​ថា ជនសង្ស័យ​២​នាក់​ប្ដី​ប្រពន្ធ​ត្រូវ​បាន​បញ្ជូន​ទៅ​តុលាការ​ហើយ​កាលពី​រសៀល​ថ្ងៃ​ទី​១៣ កន្លង​ទៅ​ថ្មី​ៗ​នេះ​៕