ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សំណុំរឿង​កូនប្រុស​លោក​ប៉េ​អឹ​ម​ម្នាក់​ដែល​វាយ​ភ្ញៀវ​ និង​ដក​កាំភ្លើងខ្លី​ដេញ​ភ្ជង់​សមត្ថកិច្ច​ក្នុង​ខារ៉ាអូខេ​នៅ​តែ​មិន​ទាន់​ស្ងប់​ដោយសារ​សមត្ថកិច្ច​មិន​ចាត់ការ

9 ឆ្នាំ មុន

ខេត្តបាត់ដំបង​ ៖ រហូត​មក​ដល់​ព្រឹក​ថ្ងៃ​ទី​១៩ ​មេ​សា ​២០១៥​នេះ សំណុំរឿង​កូនប្រុស​មន្ត្រី​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ម្នាក់​ដែល​បាន​វាយ​ភ្ញៀវ និង​ដក​កាំភ្លើងខ្លី​អា​ម៉េ​ភ្ជង់​សមត្ថកិច្ច​ពេល​ចុះ​អន្តរា​គម​ន៍​ក្នុង​ជម្លោះ​ផឹកស៊ី​នៅ​ក្នុង​ក្លិប​ខា​រ៉ា​ខេ​មួយ​

ខេត្តបាត់ដំបង​ ៖ រហូត​មក​ដល់​ព្រឹក​ថ្ងៃ​ទី​១៩ ​មេ​សា ​២០១៥​នេះ សំណុំរឿង​កូនប្រុស​មន្ត្រី​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ម្នាក់​ដែល​បាន​វាយ​ភ្ញៀវ និង​ដក​កាំភ្លើងខ្លី​អា​ម៉េ​ភ្ជង់​សមត្ថកិច្ច​ពេល​ចុះ​អន្តរា​គម​ន៍​ក្នុង​ជម្លោះ​ផឹកស៊ី​នៅ​ក្នុង​ក្លិប​ខា​រ៉ា​ខេ​មួយ​កន្លែង ក្នុង​ក្រុង​បាត់ដំបង កាលពី​ពាក់កណ្ដាល​ស​ប្ដា​ហ៏​មុន​នេះ នៅ​តែ​មិន​ទាន់​ស្ងប់ស្ងាត់​នៅឡើយ ហើយ​ត្រូវ​បាន​ក្រុម​អ្នក​រិះគន់​តាម​តុ​កាហ្វេ និង​ម​ជ្ឍ​ដ្ធា​ន​នានា លើកយក​មក​ជជែក​គ្នា​បែកពពុះមាត់​អំពី​ចំណាត់ការ​គ្មាន​ប្រសិទ្ធភាព​របស់​សមត្ថកិច្ច ខណៈ​ប្រព័ន្ធ​ផ្សព្វផ្សាយ​នានា​ក៏​រង​នូវ​ការ​រិះគន់​ផង​ដែរ​ថា បាន​ជួយ​បិទ​បាំង​នូវ​ព័​ត៌មាន​នេះ​។

សូម​បញ្ជាក់​ថា កាលពី​វេលា​ម៉ោង​១២​យប់​ ថ្ងៃ​ទី​១៣​ មេ​សា កម្លាំង​ព្រហ្មទណ្ឌ​ផ្នែក​បង្ការ​-​បង្ក្រាប​របស់​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល បាន​ចុះ​អន្តរា​គម​ន៏​ក្នុង​ជម្លោះ​ផឹកស៊ី​មួយ​ក្នុង​ក្លិប​ខារ៉ាអូខេ​«​អូ​មេ​ហ្គា​»​ស្ថិត​ក្នុង​សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង បន្ទាប់​ពី​មានការ​ស្នើ​សុំ​អន្តរា​គម​ន៏​តាម​ទូរស័ព្ទ​ថា មាន​បុរស​ម្នាក់​ស្រវឹង​ជោកជាំ​បង្កជម្លោះ​ជាមួយ​ភ្ញៀវ​ដទៃ​ក្នុង​បន្ទប់​ខារ៉ាអូខេ​។

ប៉ុន្តែ​ពេល​កម្លាំង​សមត្ថកិច្ច​ចុះ​ទៅ​ដល់ ជន​បង្ក​នោះ​បានរ​ត់ទៅ​យក​កាំភ្លើងខ្លី​ម៉ាក Beretta ចេញពី​ក្នុង​រថយន្ត​របស់​ខ្លួន ហើយ​ភ្ជង់​ទៅ​លើ​សមត្ថកិច្ច​ម្នាក់​ឈ្មោះ​សិ​ដ្ធ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ពេញ​ក្លិប​ខារ៉ាអូខេ​។ បន្តិច​ក្រោយមក​ទើបត្រូវ​កម្លាំង​សមត្ថកិច្ច​ចាប់ខ្លួន​ជន​បង្ក​នោះ​នៅ​ក្នុង​បន្ទប់​ច្រៀង​តែ​ម្ដង ខណៈ​ជន​នេះ​និង​ប​ក្ស​ពួក​ម្នាក់​ទៀត​កំពុង​ផឹកស៊ី​ធម្មតា ហើយ​យក​កាំភ្លើងខ្លី​ដាក់​ស​ម្ញែ​ង​គេឯង​នៅ​លើ​តុ​។

នៅ​ក្នុង​ហេតុ​ការ​ណ៍នេះ បើ​តាម​ការ​បំភ្លឺ​ពី​សាក្សី​នានា​នៅ​ក្នុង​ក្លិប​ខារ៉ាអូខេ​បាន​ឲ្យ​ដឹង​ថា ដំបូង​ជន​ដៃដល់​នោះ​បាន​យក​កែវ​ស្រា​ទៅ​ជល់​ជាមួយ​ភ្ញៀវ​ម្នាក់​ឈ្មោះ​យៀ​ត តែ​មិន​ត្រូវ​បាន​ឈ្មោះ​យៀ​ត ស្វា​គម​ន៏​ទេ ព្រោះ​មិន​ដែល​ស្គាល់គ្នា ជា​ហេតុ​ធ្វើ​ឲ្យ​ជន​ដៃដល់​ខឹង​ស​ម្បា​ក៏​ទះកំផ្លៀង​ឈ្មោះ​យៀ​ត មួយ​ដៃ​ ហើយ​រុញ​ផ្ដួល​ទៀត​។

ប្រភព​ដដែល​បញ្ជាក់​ថា ឈ្មោះ​យៀ​ត មិន​តបត​ទេ ហើយ​ក៏​ដើរ​ចេញ​ក្រៅ​បន្ទប់​ទូរស័ព្ទ​ប្ដឹង​សមត្ថកិច្ច​តែ​ម្ដង​។ ប៉ុន្តែ​ពេល​សមត្ថកិច្ច​ចុះ​ទៅ​ដល់ ស្រាប់តែ​ជន​ដៃដល់រ​ត់ទៅ​ទាញ​កាំភ្លើងខ្លី​ចេញពី​ក្នុង​ឡាន រួច​អា​ម៉េដេញ​ភ្ជង់​សមត្ថកិច្ច​ និង​ជេរ​​ប្រមាថ​​យ៉ាង​ចាស់ដៃ ហើយ​ត្រូវ​ត្រូវ​ឃាត់ខ្លួន​ភ្លាម​ៗ​ដែរ​។

ក្រោយ​ពី​សាក​សួរបឋម សមត្ថកិច្ច​បាន​ប្រាប់​ថា ជន​បង្កហេតុ​នោះ​ឈ្មោះ​ស ឧត្តម អាយុ​២៤​ឆ្នាំ ​ជា​មន្ត្រី​យោធា​នៅ​អង្គភាព​យោធភូមិ​ភាគ​ពិសេស មាន​ឋានៈ​ជា​នាយចំណង់ និង​ជា​កូនប្រុស​លោក​ប៉េ​អឹ​ម​លើ​ផ្ទៃ​ប្រទេស​ពាក់​ផ្កាយ​២​ម្នាក់​ផង​។ បុរស​នេះ​ប្រើប្រាស​កាំភ្លើងខ្លី​ម៉ាក​Beretta និង​មាន​គ្នា​២​នាក់​ជិះ​រថយន្ត​ម៉ាក​កាម​រី​ព​ណ៌ខ្មៅ​ស៊េរី​ទំនើប ​ពាក់​ស្លាក​លេខ​ភ្នំពេញ​2N-7566​។ សមត្ថកិច្ច​និយាយ​ថា ពេល​នាំ​ខ្លួន​ទៅ​ដល់​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល នៃ​ស្នងការ​ខេត្ត ជន​បង្ក​ឈ្មោះ​ស ឧត្តម នេះ​ហាក់​មិន​បាន​ខ្លាចញញើត​អ្វី​ទាំងអស់ ថែម​ទាំង​បាន​បង្ក​ការ​អុកឡុក​ជេរ​ប្រមាថ និង​ធាក់​ទៅ​លើ​សមត្ថកិច្ច​ទាំង​ដៃ​ជាប់​ខ្នោះ នៅ​ចំពោះ​មុខ​ឪពុក​របស់​ខ្លួន​ដែល​បាន​ទៅ​អន្តរា​គម​ន៍ដល់​ស្នងការ​ខេត្ត​ទាំង​យប់​ទៀត​ផង​។

ស្រប​ពេល​ដែល​សមត្ថកិច្ច​កំពុង​សួរនាំ​ជន​បង្ក​ឈ្មោះ​ស ឧត្តម នា​យប់​នោះ ក៏​មាន​អ្នក​អន្តរា​គម​ន៏​ខ្វាត់ខ្វែង​ឲ្យ​មានការ​ដោះ​លែង​ជន​ដៃដល់​នេះ​ទាំង​កណ្ដាល​អា​ធ្រា​ត្រ​ផង​ដែរ នេះ​បើ​តាម​ការ​បង្ហើប​ឲ្យ​ដឹង​ពី​មន្ត្រី​ជំនាញ​។ ទំនង​ដោយសារ​មានការ​អន្តរា​គម​ន៍​ពី​អ្នកមាន​ឥទ្ធិពល​បែប​នេះ​ហើយ ទើប​លោក​ម៉េ​ង លៀង ប្រធាន​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល ដែល​ទ​ទូល​ចាត់ការ​លើ​ករណី​នេះ សម្រេច​ដោះ​លែង​ជន​បង្ក​នៅ​ព្រឹក​ថ្ងៃ​ទី​១៤ ​មេ​សា ដោយ​អះអាង​ថា ឈ្មោះ​ស ឧត្តម មិន​បាន​បង្ក​បទល្មើស​ដែល​សម​នឹង​ចាប់ខ្លួន​នោះ​ទេ​។

រីឯ​ជន​រង​គ្រោះ​ឈ្មោះ​យៀ​ត ក៏​ត្រូវ​គេ​សម្រប​ស​ម្រូ​ល​ឲ្យ​ដក​ពាក្យបណ្ដឹង​វិញ ចៀសវាង​ការ​ប្រឈម​មុខជា​មួយ​ជន​បង្ក​ដែល​សំបូរ​ទៅ​ដោយ​ខ្សែ​អ្នកមាន​ឥទ្ធិពល ខណៈ​សមត្ថកិច្ច​ថ្នាក់​ក្រោម​មួយ​ចំនួន​ហាក់​មិន​សប្បាយចិត្ត និង​បាន​ត្រឹម​តែ​រង​នូវ​ការ​ជេរ​ប្រមាថ​ពី​ជន​បង្ក​តែ​ប៉ុណ្ណោះ​។

កោះសន្តិភាព​មិន​អាច​ស្វែងរក​ការ​ឆ្លើយ​បំភ្លឺ​ពី​ភាគី​បង្ក និង​ភាគី​រង​គ្រោះ​បន្ថែម​បាន​ទេ​នៅ​ព្រឹក​ថ្ងៃ​ទី​១៩​ មេ​សា​នេះ​។ ប៉ុន្តែ​លោក​ម៉េ​ង លៀង ប្រធាន​ការិយាល័យ​ព្រហ្ម​កំរិត​ស្រាល​បាន​ច្រានចោល​រាល់​ការ​ចោទប្រកាន់​ទាំងឡាយ ដែល​ថា ជន​បង្ក​ឈ្មោះ​ស ឧត្តម បាន​ជេ​រប្រមាថ ឬ​ធាក់​សមត្ថកិច្ច​នៅ​ក្នុង​ការិយាល័យ ឬ​ប្រើប្រាស​កាំភ្លើងខ្លី​ភ្ជង់​កម្លាំង​សមត្ថកិច្ច​របស់​លោក​ពេល​ចុះ​អន្តរា​គម​ន៏​។ លោក​ម៉េ​ង លៀង បាន​បកស្រាយ​ផ្ទុយ​ពី​ការ​បំភ្លឺ​របស់​មន្ត្រី​ក្រោម​ឱ​វាទ​និង​សាក្សី​មួយ​ចំនួន​ថា ឈ្មោះ​ស ឧត្តម មិន​បាន​ដក​កាំភ្លើងខ្លី​ដេញ​ភ្ជង់​សមត្ថកិច្ច​ទេ គ្រាន់តែ​ដក​ដាក់​លើ​តុ ដើម្បី​ការពារ​ខ្លួន​ក្រែង​ឈ្មោះ​យៀ​ត ទូរស័ព្ទ​ហៅ​ប​ក្ស​ពួក​មក​បន្ថែម​តែ​ប៉ុណ្ណោះ​។

លោក​បញ្ជាក់​ថា ឈ្មោះ​ស ឧត្តម បាន​ប្រើប្រាស់​កាំភ្លើង​ស្របច្បាប់ ដោយ​មាន​លិខិត​ឧទ្ទេសនាម និង​លិខិត​បញ្ជា​បេសកកម្ម​ត្រឹ​ម​ត្រូវ​ពី​អង្គភាព ដូច្នេះ​គ្រាន់តែ​ដក​កាំភ្លើង​ដាក់​លើ​តុ​ក្នុង​បន្ទប់​ច្រៀង​ខារ៉ាអូខេ គឺ​គ្មាន​កំហុស​ទេ​។ ប៉ុន្តែ​បើ​ពិនិត្យ​មើល​​​កាល​បរិ​ច្ឆេ​ទនៃ​លិខិត​ឧទ្ទេសនាម និង​លិខិត​បញ្ជា​បេសកកម្ម​របស់​លោកនាយ​ចំណង់ ស ឧត្តម គឺ​ផុត​សុពលភាព​ច្រើន​ថ្ងៃ​ហើយ​។ នៅ​ក្នុង​លិខិត​ឧទ្ទេសនាម និង​លិខិត​បញ្ជា​បេសកកម្ម គឺ​មាន​សុពលភាព​រយៈពេល​១​ខែ ចាប់ពី​ថ្ងៃ​ទី​០៦ ​មិ​នា ដល់​ថ្ងៃ​ទី​០៦​ មេ​សា​ ២០១៥​។ លុះ​នៅ​យប់​ថ្ងៃ​ទី​១៣​ មេ​សា មន្ត្រី​យោធា​រូប​នេះ​បាន​ប្រើប្រាស​កាំភ្លើងខ្លី​នេះ​ទៅ​គំរាម​គេឯង​នៅ​ក្នុង​ជម្លោះ​ពេល​ផឹកស៊ី​។

លោក​ម៉េ​ង លៀង បាន​ពន្យល់​អំពី​បញ្ហា​នេះ​ដូច្នេះ​ថា​«​ពិតមែនតែ​លិខិត​បេសកកម្ម​នោះ​ហូ​ស​ថ្ងៃ​កំណត់ ក៏​គេ​អាច​ប្រើប្រាស់​កាំភ្លើង​បាន​ដែរ ព្រោះ​កន្លង​មក​កូនចៅ​របស់​លោក​ខ្លះ​បាន​ប្រើប្រាស់​កាំភ្លើង​ហូ​ស​បេសកកម្ម​រហូត​ដល់​១​ខែ​ក៏​មាន​ដែរ​»​។

ជុំវិញ​ការ​ដោះ​លែង​ជន​បង្ក​ឈ្មោះ​ស ឧត្តម ផុយ​ៗ​ដោយ​គ្មាន​ចំណាត់ការ​តាម​ផ្លូវច្បាប់​បែប​នេះ បាន​ធ្វើ​ឲ្យ​មានការ​រិះគន់​យ៉ាង​ខ្លាំង​ពី​ម​ជ្ឍ​ដ្ធា​ន​នានា ដែល​បាន​តាមដាន​អំពី​សំណុំរឿង​នេះ ខណៈ​ប្រព័ន្ធ​ផ្សព្វផ្សាយ​នានា​បាន​ផ្អាក​ការ​ផ្សាយ​មួយ​រយះ​ក្នុង​ឱ​កាស​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ខ្មែរ ដែល​ជា​ហេតុ​នាំ​ឲ្យ​មានការ​សង្ស័យ​ថា អ្នក​សារ​ព័​ត៌​មាន​មួយ​ចំនួន​បាន​ព្យាយាម​ជួយ​បិទ​បាំង​នូវ​ព័​ត៌មាន​នេះ​ទៀត​ផង​។ មក​ដល់​ព្រឹក​ថ្ងៃ​ទី​១៩​មេ​សា​នេះ សំណុំរឿង​របស់​កូនប្រុស​លោក​ផ្កាយ​២​ប៉េអឹ​ម នៅ​តែ​ជា​ចំណុចរសើប ជា​ព័​ត៌មាន​ក្ដៅ​ៗ សំរាប់​អ្នក​និយម​តាមដាន​ព័​ត៌មាន និង​អ្នកវិភាគ​តាម​តុ​កាហ្វេ​នៅឡើយ បើ​ទោះជា​ព័​ត៌មាន​នេះ​សមត្ថកិច្ច​ព្យាយាម​បំភ្លេច​ជាង​១​ស​ប្ដា​ហ៍ទៅ​ហើយ​ក្ដី​។ អ្វី​ដែល​អ្នក​តាមដាន​ចង់​ដឹង​បំផុត​នោះ គឺ​អំពី​មូលហេតុ​នៃ​ការ​ដោះ​លែង​ជន​ដៃដល់ និង​អំពី​មូលហេតុ​នៃ​ការ​មិន​ចេញផ្សាយ​លើ​ទំព័រ​សារ​ព័​ត៌មាន​។

អ្នក​រិះគន់ និង​សាក្សី​មួយ​ចំនួន​ដែល​បានដឹង​រឿង​នេះ បាន​លើក​ហេតុផល​ដូច្នេះ​ថា បើ​យោង​លើ​សកម្មភាព​បង្កហេតុ​របស់​ជនសង្ស័យ​ខាងលើ​នេះ ដែល​បាន​វាយតប់​ទៅ​លើ​អ្នក​ដទៃ និង​ដក​កាំភ្លើងខ្លី​គំរាម​លើ​សមត្ថកិច្ច​ទៀត​នោះ គឺ​សម​ល្មម​អាច​ចោទប្រកាន់​ថា បាន​ប្រ​ព្រិ​ត្តបទ​ល្មើស​ហើយ តែ​នេះ​ដោយសារ​តែ​ជន​បង្ក​មាន​ខ្នង​ក្រាស និង​មាន​អ្នកធំ​អន្តរា​គម​ន៍​ច្រើន ទើប​សមត្ថកិច្ច​មិន​ហ៊ាន​ចាត់ការ ឬក៏​អាច​បាន​សើម​មាត់ សើ​ម.ក​ខ្លះ​ផង​ក៏​មិនដឹង ទើប​ព្យាយាម​ជួយ​ឆ្លើយ​សម្រាល​បន្ទុក​ជន​បង្ក ហើយ​ដោះ​លែង​ងាយ​ៗ​បែប​នេះ​៕ ​

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព