ខេត្តព្រៃវែង ៖ បន្ទាប់ពីស្ពានអ្នកលឿងត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់កាលពីថ្ងៃទី៦ មេសា ២០១៥ មក គេសង្កេតឃើញទិដ្ឋភាពនៅលើស្ពានមានសភាពអ៊ូអរដូចផ្សារ ឬទីប្រជុំជន ពោរពេញទៅដោយប្រជាពលរដ្ឋ ក្មេង ចាស់ ប្រុស ស្រីមកពិទីជិតឆ្ងាយមកទស្សនាស្ពានអ្នកលឿង មានខ្លះអង្គុយ ខ្លះឈរមើលទេសភាព ខ្លះចតរថយន្ត ឬម៉ូតូពាសពេញចិញ្ចើមស្ពាន ជាហេតុធ្វើឱ្យស្ទះចរាចរណ៍ម្តងម្កាលដែរ មិនតែប៉ុណ្ណោះមានក្មេងស្ទាវមួយក្រុមនាំគ្នាទៅបង្ហោះម៉ូតូរោទិ៍សម្លេងស្ទើរបែកត្រចៀក ចំណែកមួយចំនួនទៀតនាំគ្នាចោលកាកសំណល់នៅលើស្ពាន។
ឃើញស្ថានភាពដូច្នេះ សមត្ថកិច្ចស្រុកលើកដែក និងសមត្ថកិច្ចស្រុកពាមរក៍បានសហការគ្នារៀបចំសណ្តាប់ធ្នាប់ក៏ដូចជារបៀបរៀបរយដើម្បីការពារសុវត្ថិភាពជូនប្រជាពលរដ្ឋដែលមកទស្សនាស្ពានអ្នកលឿង។ ក្នុងនោះសមត្ថកិច្ចស្រុកពាមរក៍បានឃាត់ខ្លួនក្មេងទំនើងដែលទៅបង្ហោះម៉ូតូនៅលើស្ពានបានចំនួន២នាក់។
លោកអាត អ៊ន មេប៉ុស្តិ៍ឃុំព្រែកខ្សាយខ បានឱ្យដឹងថា ក្មេងទំនើងដែលឃាត់ខ្លួនបាន ឈ្មោះលីម វណ្ឌី ភេទប្រុស អាយុ១៨ឆ្នាំ មានទីលំនៅភូមិកំពង់ចម្លង ឃុំព្រែកទន្លាប់ ស្រុកលើកដែក និងឈ្មោះឈាង តារា ភេទប្រុស អាយុ១៨ឆ្នាំ មានទីលំនៅជាមួយគ្នា។
ក្មេងទំនើងទាំង២នាក់ត្រូវបានឃាត់ខ្លួនកាលពីវេលាម៉ោង៦ និង៤៥នាទីល្ងាច ថ្ងៃទី៨ មេសា ២០១៥ នៅលើស្ពានអ្នកលឿង។ មូលហេតុដែលសមត្ថកិច្ចឃាត់ពួកគេដោយសារពួកគេនាំគ្នាបង្ហោះម៉ូតូនៅលើស្ពាន ដាក់ស៊ីម៉ាំងរោទិ៍។ លោកមេប៉ុស្តិ៍បានអញ្ជើញឪពុក ម្តាយក្មេងទំនើងទាំង២នាក់ឱ្យមកធ្វើលិខិតធានា បន្ទាប់ពីឃុំខ្លួនបានមួយយប់នៅប៉ុស្តិ៍រដ្ឋបាល៕
ចែករំលែកព័តមាននេះ