រាជធានីភ្នំពេញ ៖ រឿងរ៉ាវស្នេហាត្រីកោណរវាងបុរសម្នាក់មានប្រពន្ធអាយុច្រើនជាងខ្លួន រហូតដល់ទៅជិត១០ឆ្នាំ ហើយចំណងដៃ គឺបានកូនប្រុសម្នាក់ ក្រោយមកបុរសនោះក៏ទៅស្រលាញ់គ្នាលួចលាក់ជាមួយក្មួយស្រីបង្កើតរបស់ប្រពន្ធខ្លួន ហើយត្រូវបានប្រពន្ធដឹង ក៏បានឈ្លោះប្រកែកគ្នា រហូតឈានដល់ការផ្ទុះហិង្សាដាក់គ្នាមួយប្រាវ ។
អំឡុងពេលផ្ទុះហិង្សា បុរសសម្បូរស្នេហ៍បានវាយស្ត្រីជាប្រពន្ធ បណ្ដាលឱ្យរងរបួសបែកក្បាលហូរឈាមកក្លាក់ បន្ទាប់ក៏មានកម្លាំង
ប៉ូលិសប៉ុស្ដិ៍ចោមចៅចុះទៅអន្តរាគមន៍ឃាត់ខ្លួនបុរសនោះ នាំយកទៅសាកសួរ និងកសាងសំណុំរឿងចាត់ការតាមផ្លូវច្បាប់ ។
ហេតុការណ៍ខាងលើបង្កភ្ញាក់ផ្អើលកាលពីម៉ោង៧ និង៥៥នាទីយប់ថ្ងៃទី០៧ មេសា ២០១៥ ស្ថិតនៅចំណុចបន្ទប់ផ្ទះជួល ក្នុងភូមិជ្រៃកោង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។
បុរសជាប្ដីត្រូវប៉ូលិសឃាត់ខ្លួនឈ្មោះគា វ៉ាន់នឿន អាយុ២៩ឆ្នាំ ជាជាងសំណង់ ស្នាក់នៅក្នុងភូមិកើតហេតុខាងលើ ចំណែកស្ត្រីជាប្រពន្ធរងគ្រោះឈ្មោះហង់ ស្រីអូន អាយុ៣៦ឆ្នាំ ជាកម្មករសំណង់ (រងរបួសបែកក្បាល) ដោយត្រូវប្ដីវាយនឹងស៊ុមរូបថត មានទីលំនៅក្នុងភូមិស្វាយផ្អែម ឃុំឈូក ស្រុកឈូក ខេត្តកំពត និងស្នាក់នៅបន្ទប់ផ្ទះជួលខាងលើ អ្នកទាំង២នាក់រស់នៅជាមួយគ្នា មានកូនប្រុសម្នាក់អាយុ២ឆ្នាំ ។ ដោយឡែក នារីជាក្មួយបង្កើតប្រពន្ធឈ្មោះវ៉ាន់ ស្រស់ អាយុ២០ឆ្នាំ ស្នាក់នៅ និងធ្វើការជាមួយគ្នា។
តាមប្រភពឱ្យដឹងថា បុរសឈ្មោះគា វ៉ាន់នឿន និងប្រពន្ធឈ្មោះហង់ ស្រី អូន នោះបានបង្កាត់ភ្លើងស្នេហ៍ខុសវ័យគ្នាដល់ជិត១០នោះ យកគ្នាជាប្ដីប្រពន្ធ ដោយមិនបានរៀបការអស់រយៈពេលជាង២ឆ្នាំមកហើយ ។ ប្រភពបន្តថា ដើមឡើយអ្នកទាំង២ស្រលាញ់គ្នាណាស់ចាក់ទឹកមិនលិចនោះទេ ប៉ុន្តែក្រោយមក បុរសជាប្ដីចាប់ផ្ដើមជិនណាយប្រពន្ធដែលមានអាយុច្រើនជាង ហើយបានងាកទៅស្រលាញ់គ្នាជាមួយនឹងស្ត្រីឈ្មោះវ៉ាន់ ស្រស់ ដែលត្រូវជាក្មួយស្រីបង្កើតរបស់ប្រពន្ធនោះទៀត ប៉ុន្តែមិនមានកូននោះឡើយ ។
សេចក្តីរាយការណ៍បានបញ្ជាក់ទៀតថា ស្នេហាលួចលាក់បែបសហាស្មន់នោះបានប្រព្រឹត្តទៅអស់រយៈពេល២ឆ្នាំ ក្រោយមកត្រូវបានប្រពន្ធដឹង ក៏បានឈ្លោះគ្នាបែកផ្សែង និងឈានដល់ការលែងលះគ្នា ប៉ុន្តែមិនទាន់ដាច់ស្រេចនៅឡើយ ។ លុះដល់យប់ថ្ងៃកើតហេតុ ស្ត្រីជាប្រពន្ធដើមបានទៅរករឿងម្ដងទៀត ក៏ត្រូវបានបុរសជាប្ដីនោះទាញយកស៊ុមរូបថតវាយក្បាល បណ្ដាលឱ្យរងរបួសបែកក្បាលហូរឈាមកក្លាក់តែម្ដង ។ ក្រោយផ្ទុះអំពើហិង្សា ប្រពន្ធដើមបានប្ដឹងឱ្យប៉ូលិសឃាត់ខ្លួនបុរសសជាប្ដី និងបានទាមទារសំណង៥ពាន់ដុល្លារ ប៉ុន្តែបុរសនោះអត់លុយបង់ឱ្យ ទើបស្ត្រីរូបនោះសំណូមពរឱ្យប៉ូលិសចាត់ការតាមផ្លូវច្បាប់ ៕
ចែករំលែកព័តមាននេះ