រាជធានីភ្នំពេញ ៖ កំលាំងសមត្ថកិច្ចនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី៣១ មីនា ២០១៥ បានធ្វើការឃាត់ខ្លួនជនជាតិវៀតណាមម្នាក់ជាអ្នករកស៊ី ទិញ-លក់ឈើតាមដីកាបញ្ជាឲ្យចូលខ្លួនរបស់តំណាងអយ្យការ ពាក់ព័ន្ធចេញមូលប្បទានបត្រអត់សាច់ប្រាក់ជាង១០ម៉ឺនដុល្លារអាមេរិក ។
អ្នករកស៊ីទិញលក់-ឈើ ឈ្មោះគ្រឿង ហ្វីញីន ហៅ សុខ វី ភេទប្រុស អាយុ៣១ឆ្នាំ ស្នាក់នៅផ្ទះលេខ២០ ផ្លូវ២៨៨ សង្កាត់បឹងកេងកង២ ខណ្ឌចំការមន រាជធានីភ្នំពេញ ។ ទាក់ទិននឹងការឃាត់ខ្លួនជនជាតិវៀតណាមជាអ្នករកស៊ីទិញ-លក់ឈើខាងលើនេះលោក វរសេនីយ៍ទោជាវ វិបុល អនុប្រធានការិយាលយ័នគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញបានឲ្យដឹងថា នេះជាការអនុវត្តតាមដីកាបញ្ជារឲ្យចូលខ្លួនរបស់តំណាងអយ្យការសាលាដំបូងរាជធានីភ្នំពេញ ។
សមត្ថកិច្ចរបស់លោកមិនបានដឹងពីអង្គហេតុនៃការចាប់ខ្លួននោះទេ ។ ទោះជាយ៉ាងណានៅសាលាដំបូងត្រូវបានគេដឹងថា ការឃាត់ខ្លួនអ្នកជំនួញឈើរូបនោះពាក់ព័ន្ធលើបណ្តឹងអ្នករកស៊ីឈើដូចគ្នា រឿងចេញសែកស្អុយអត់សាច់ប្រាក់ជាង១០ម៉ឺនដុល្លារ ។
អ្នកជំនួញឈើរូបនោះបើសិនជាគ្មានប្រាក់សងដើមបណ្តឹង ឬតំកល់នៅតំណាងអយ្យការទេ កុំសង្ឃឹមថាបានវិលទៅផ្ទះវិញ ប្រាកដជាទៅដេកពន្ធនាគារជាក់ជាមិនខាន ៕
ចែករំលែកព័តមាននេះ