ខេត្តស្ទឹងត្រែង ៖ កម្លាំងប៉ូលិសបានចុះធ្វើការចាប់ខ្លួនជនសង្ស័យល្បួងកុមារីរំលោភជាច្រើននាក់បាន កាលពីរសៀលម៉ោងជាង៥ ថ្ងៃទី១៨ មីនា ២០១៥ នៅឃុំកាំងចាម នាំមកស្នងការដ្ឋានហើយ ។ ជនសង្ស័យត្រូវបានបង្ហាញជាសាធារណៈ និងបានជាប់ចោទរំលោភសេពសន្ទវៈលើកុមារី៦នាក់បន្តបន្ទាប់ក្នុងថ្ងៃខុសគ្នា ត្រូវឪពុកម្តាយកុមារីរងគ្រោះទាំងអស់ បានសាទរចំពោះកម្លាំងប៉ូលិសខេត្តស្ទឹងត្រែង ដែលបានទប់ស្កាត់រាល់សកម្មភាពអសីលធម៌ទាំងនោះផងដែរ ។
សូមបញ្ជាក់ថា «ក្មេងស្រី៦នាក់អាយុក្រោម១០ឆ្នាំ សង្ស័យជនម្នាក់រំលោភវិលជុំម្នាក់ម្តងៗ» នៅព្រឹកថ្ងៃទី១៨ មីនា ២០១៥ ឪពុកម្តាយកុមារីរងគ្រោះជាច្រើននាក់ បាននាំមកដាក់ពាក្យប្តឹង នៅស្នងការដ្ឋាននគរបាលខេត្ត ដើម្បីសុំការអន្តរាគមន៍ ពីប៉ូលិស និងបន្តចំណាត់ការលើជនសង្ស័យ ដែលចាប់កូនស្រីតូចរបស់ពួកគាត់ រំលោភជាច្រើនលើកបន្តបន្ទាប ។ កុមារីម្នាក់ក្នុងចំណោមកុមារី៦នាក់ ដែលស្ថិតក្នុងការរងគ្រោះ បាននិយាយរៀបរាប់ថា ជនសង្ស័យឈ្មោះ គង់ បានចាប់នាងរំលោភ ចំនួន៣លើកមកហើយ ហើយល្បួងនាងមិនឲ្យប្រាប់ឪពុកម្តាយទេ ដោយថ្នូរ ឲ្យលុយ៥០០០រៀលទិញខោអាវពាក់ ។
លោក ឌួង ស៊ីវុត្ថា នាយការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែងបានឲ្យដឹងថា ក្រោយទទួលបណ្តឹងពីក្រុមគ្រួសារកុមារីរងគ្រោះ ក្រោមបទបញ្ជារបស់លោកស្នងការនគរបាលខេត្ត ដាក់បទបញ្ជាឲ្យលោកស្នងការង ទទួលផែនការិយាល័យកណ្តាលនគរបាលព្រហ្មទណ្ឌ ចាត់កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ ចុះទៅស្រាវជ្រាវស៊ើបអង្កេត ជាក់ស្តែកម្លាំងបានឃាត់ខ្លួនជនសង្ស័យបានភ្លាមៗ ទាំងពុំដឹងខ្លួនទាន់ នៅក្នុងភូមិកេះ ឃុំកាំងចាម ស្រុកថាឡាបរិវ៉ាត់ នាំមកស្នងការដ្ឋាននគរបាលខេត្តដើម្បីសាកសួរ ។ ក្រោយការសាកសួរ ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបាន ល្បួងកុមារីទាំងនោះ រំលោភនៅលើផ្ទះពិតមែន ។
តាមការឆ្លើយបំភ្លឺរបស់ជនសង្ស័យឈ្មោះ រ៉ន គង់ ភេទប្រុស អាយុ១៨ឆ្នាំ ថា ករណីនេះខ្លួនបានប្រព្រឹត្តចាប់តាំងពីកំឡុងខែធ្នូ ចុងឆ្នាំ២០១៤ រហូតដល់ថ្ងៃទី១៤ មីនា ២០១៥ ។ ជនសង្ស័យធ្វើសកម្មភាពយកទូរស័ព្ទមកបើកមើល(រឿងអាសអាភាស) នៅលើទូរស័ព្ទហើយ ទើបចាប់រំលោភ ដែលខ្លួនបានល្បួងក្មេងទាំងនោះ រំលោភលើផ្ទះរបស់ខ្លួនផង និងនៅកន្លែងផ្សេងជាច្រើនទៀត ។
ក្រោយការឆ្លើយសាររភាព ប៉ូលិសព្រហ្មទណ្ឌកម្រិតធ្ងន់បានធ្វើការសន្និដ្ឋានថា ជនសង្ស័យពិតជាបានធ្វើសកម្មភាពល្បួងកុមារីរងគ្រោះ ទាំងនោះរំលោភសេពសន្ទវៈពិតប្រាកដមែន ។ បច្ចុប្បន្នជនសង្ស័យរូបនេះ ត្រូវបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូង ដើម្បីចាត់ការតាមផ្លូវច្បាប់ នៅព្រឹកថ្ងៃទី១៩ មីនា ២០១៥នេះ ផងដែរ ៕
ចែករំលែកព័តមាននេះ