រាជធានីភ្នំពេញ ៖ ក្រុមវេជ្ជបណ្ឌិតបានចំណាយពេលជិតដប់ម៉ោងកាលពីថ្ងៃសុក្រកន្លងមកនេះដើម្បីវះកាត់សាច់រលួយ និងលាងសម្អាតលើផ្ទៃមុខ និងដងខ្លួនរបស់អ្នកនាងមាស វន្នី អាយុ២០ឆ្នាំ ជាសន្តិសុខរោងចក្រកាត់ដេរដែលរងគ្រោះក្នុងការវាយប្រហារដោយទឹកអាស៊ីតស៊ីកាន់តែជ្រៅទៅៗក្នុងស្បែកឈានដល់ស្ថានភាពធ្ងន់ធ្ងរហើយពេលនេះកំពុងស្ថិតនៅក្នុងបន្ទប់សង្គ្រោះបន្ទាន់នៃមន្ទីរពេទ្យកាល់ម៉ែតក្រោមការយកចិត្តទុកដាក់ពីក្រុមគ្រូពេទ្យឯកទេស។
លោកវេជ្ជបណ្ឌិតប៊ុន សឿន គ្រូពេទ្យឯកទេសប្រពោធនកម្មមន្ទីរពេទ្យកាល់ម៉ែតបានឲ្យដឹងថា ពេលនេះស្ត្រីរងគ្រោះឈ្មោះ មាស វន្នី កំពុងសម្រាកព្យាបាលនៅបន្ទប់សង្គ្រោះបន្ទាន់(ប្រពោធនកម្ម)ក្រោយពីក្រុមវេជ្ជបណ្ឌិតធ្វើការវះកាត់សាច់រលួយផ្នែកខាងក្រោយខ្នង ក្បាល ផ្ទៃមុខ ដៃ ជើង ភ្នែកខាងឆ្វេងមើលមិនឃើញ រីឯភ្នែកខាងស្តាំមើលឃើញព្រាលៗ ។
ក្រោយពីលាងសម្អាតនាងត្រូវបានដាក់ជំនួយអុកស៊ីហ្សែន និងដាក់ទុយោបំពង់អាហារនិយាយជារួមអ្នកនាងមាស វន្នី ស្ថិតនៅកម្រិតទី៣បានន័យថា របួសធ្ងន់ធ្ងរដោយសារទឹកអាស៊ីត៤០ភាគរយនៃរាងកាយ។ ស្ត្រីរងគ្រោះ ត្រូវបានគ្រូពេទ្យឯកទេសយកស្បៃរុំក្បាល ផ្ទៃមុខ ដៃជើង និងដងខ្លួនក្រោយពីវះកាត់ និងលាងសម្អាតមុខរបួសដ៏ធ្ងន់ធ្ងរជាមួយនឹងការថែទាំយ៉ាងយកចិត្តទុកដាក់។ លោកវេជ្ជបណ្ឌិតប៊ុន សឿន បានបញ្ជាក់ថា ទំហំនៃការរលាកទឹកអាស៊ីតជាទូទៅពិបាកវាយតម្លៃភ្លាមៗដោយអាស៊ីតស៊ីកាន់តែជ្រៅទៅៗក្នុងស្បែកជាក់ស្តែងស្ត្រីរងគ្រោះ បានឈានដល់ស្ថានភាពធ្ងន់ធ្ងរហើយមុខរបួសរបស់គាត់ត្រូវធ្វើការលាងសម្អាតពីរដងក្នុងមួយសប្តាហ៍ផងដែរ។
គួររំលឹកថា បន្ទាប់ពីបានទទួលព័ត៌មានថា មានយុវតីសន្តិសុខរោងចក្រម្នាក់បានរងគ្រោះដោយទឹកអាស៊ីត សម្តេចកិត្តិព្រឹទ្ឋបណ្ឌិតប៊ុន រ៉ានីហ៊ុន សែន បានផ្តល់ទឹកប្រាក់ចំនួន៣.០០០ដុល្លារអាមេរិកដល់យុវតីរងគ្រោះ តាមរយៈលោកសាស្ត្រាចារ្យឈាង រ៉ា អគ្គនាយកមន្ទីរពេទ្យកាល់ម៉ែត។ ស្ត្រីរងគ្រោះដោយទឹកអាស៊ីតមានឈ្មោះមាស វន្នី អាយុ២០ឆ្នាំ ជាសន្តិសុខរោងចក្រស៊ិន តាយ និងមានឪពុកឈ្មោះស៊ិន ស៊ីនឿនអាយុ៥០ឆ្នាំ ជាកម្មករដាំដំទ្បូងឲ្យក្រុមហ៊ុនចិន និងមានម្តាយឈ្មោះមាស វណ្ណា អាយុ៥៧ឆ្នាំ មានជំងឺសរសៃប្រាសាទ។
ស្ត្រីរងគ្រោះមានស្រុកកំណើតនៅភូមិអារ៉ង់ព្រួច ស្រុកក្រគរ ខេត្តពោធិសាត់ មានបងប្អូន៦នាក់ ស្រី២នាក់ ប្រុស៤នាក់ ហើយស្ត្រីរងគ្រោះជាកូនទី៥ នៅក្នុងក្រុមគ្រួសារ។ ស្ត្រីរងគ្រោះឈ្មោះមាស វន្នី អាយុ២០ឆ្នាំ ជាសន្ដិសុខនៅរោងចក្រ ស៊ិនតាយ ស្ថិតនៅសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ត្រូវបានជនល្មើសស្រឿន នាន់ អាយុ៣៨ឆ្នាំ កាន់ទឹកអាស៊ីតមួយដបទឹកបរិសុទ្ធ ជះស្រោចពេញខ្លួន ខណៈដែលនារីរងគ្រោះ កំពុងធ្វើដំណើរទៅធ្វើការកាលពីវេលាម៉ោង៦ និង១០នាទីព្រឹកព្រលឹម ថ្ងៃទី៦ មីនា ២០១៥ ស្ថិតនៅមុខផ្សារកាណាស៊ីធី ៕
ចែករំលែកព័តមាននេះ