ខេត្តព្រះសីហនុ ៖ ជនបរទេសម្នាក់បន្ទាប់ពីផឹកស្រាស្រវឹងហើយដើរចូលទឹកលង់ស្លាប់ បង្កឱ្យភ្ញាក់ផ្អើល កាលពីវេលាម៉ោង០៣រសៀលថ្ងៃទី១៦ មីនា ២០១៥ ស្ថិតតាមបណ្តោយឆ្នេរអូរត្រេះ១ ត្រង់ចំណុចហាង វ៉ាន់ នី ក្នុងក្រុម៨ ភូមិ៦ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ។
ប្រភពបានឱ្យដឹងថា ជនរងគ្រោះឈ្មោះGRIGAS RIMANTAS ភេទប្រុស អាយុ៥៧ឆ្នាំ ជាជនជាតិលិតធូនៀ ជាភ្ញៀវទេសចរ ស្នាក់នៅផ្ទះជួលម្តុំក្បែរកន្លែងកើតហេតុ ។
ប្រភពបន្តថា ជនរងគ្រោះដោយសារតែស្រវឹងខ្លាំងពេក ព្រោះនៅមុនកើតហេតុ ជនបរទេសរួមជាមួយមិត្តជាច្រើននាក់ទៀតបានអង្គុយផឹកស្រារហូតទល់ភ្លឺ និងបន្តផឹករហូតដល់ព្រឹក ។ ដោយឡែកបើយោងតាមប្រភពពីសាក្សីឱ្យដឹងថា នៅវេលាម៉ោងកើតហេតុ មានជនបរទេសមួយក្រុម មានស្រី មានប្រុស អង្គុយផឹកស៊ី ចាប់តាំងពីយប់រហូតដល់វេលារសៀល ។ នៅមុនកើតហេតុ ក្រុមជនបរទេសនោះ អ្នកខ្លះបានផឹកបណ្តើរនៅលើឆ្នេរ ឯអ្នកខ្លះទៀតបានចុះងូតទឹក ក្នុងនោះមានជនរងគ្រោះផងដែរ កំពុងតែសប្បាយស្រាប់តែគេបានឃើញជនបរទេសដែលជាមិត្តភ័ត្រ មានស្រីមានប្រុសស្រែកឡូឡា ដោយបានស្រង់ជនរងគ្រោះពីក្នុងទឹក ដោយពុំអនុញ្ញាត ឱ្យអ្នកផ្សេងចូលជិតនោះទេ ហើយបានយកតុ និងឆត្រមកបាំងជុំវិញជនរងគ្រោះ រួចចាប់ផ្តើមសង្គ្រោះដោយសង្កត់ទ្រូង។
បច្ចុប្បន្នសព ត្រូវសមត្ថកិច្ចប្រគល់ទៅឱ្យមិត្តភក្តិយកទៅរក្សាទុកនៅក្នុងមន្ទីពេទ្យបង្អែកចំការចេក រង់ចាំស្ថានទូតមកទទួលយកទៅចាត់ចែងបន្ត ។
ចែករំលែកព័តមាននេះ