រាជធានីភ្នំពេញ ៖ ស្នូរបាញ់រះយ៉ាងសាហាវប្រមាណជិត២០គ្រាប់ដោយកាំភ្លើងអាកា ដូចក្នុងខ្សែភាពយន្ត បានធ្វើឱ្យមជ្ឈមណ្ឌលកម្សាន្តរ៉ក់ ដែលស្ថិតនៅកណ្តាលរាជធានីភ្នំពេញ ញ័រកក្រើកកណ្តាលរាត្រី ឈានចូលថ្ងៃទី១៥ មីនា ។ ហេតុការណ៍បាញ់រះនេះ បានកើតឡើងនៅពេលដែលជនប្រដាប់អាវុធមួយក្រុម មានគ្នា៣នាក់ បានជិះរថយន្តទំនើបម៉ាកឡិចស៊ីស៥៧០មួយគ្រឿង ប្រដាប់ដោយកាំភ្លើងខ្លី និងកាំភ្លើងវែងម៉ាកអាកា៤៧ គ្រប់ដៃ បានបាញ់ស្រោចលើមជ្ឈមណ្ឌលកម្សាន្តរ៉ក់ បណ្តាលឱ្យមានការអន្តរាយយ៉ាងដំណំ ដោយសារតែការតុបតែងក្លិបរាត្រីដ៏ធំនេះ លម្អដោយកញ្ចក់ចម្រុះពណ៌ ។
ករណីបាញ់ប្រហារដែលបង្កឱ្យមានការភ្ញាក់ផ្អើលនេះ បានកើតឡើងកាលពីវេលាម៉ោង២និង១៥នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៥ មីនា នៅមជ្ឈមណ្ឌលកម្សាន្តរ៉ក់ ដែលមានទីតាំងស្ថិតនៅតាមបណ្តោយមហាវិថីព្រះមុនីវង្ស ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។ ការបាញ់រះនេះ សមត្ថកិច្ចរកឃើញសម្បកគ្រាប់ចំនួន១១ ប៉ុន្តែសន្តិសុខទីនោះនិយាយថា ការបាញ់នេះប្រមាណជា១៧គ្រាប់ឯណោះ ។
ប្រភពព័ត៌មាននានាបានឱ្យដឹងថា ក្រុមជនប្រដាប់អាវុធដែលបង្កឱ្យមានការភ្ញាក់ផ្អើលទាំង៣នាក់នេះ ត្រូវបានគេស្គាល់អត្តសញ្ញាណហើយគឺ ១-ឈ្មោះ ទូ ភេទប្រុស អាយុ២៣ឆ្នាំ ២-ឈ្មោះ ក្រិម ភេទប្រុស អាយុ៣០ឆ្នាំ និង៣-ឈ្មោះ ឡាន់ អាយុ៣២ឆ្នាំ ដែលសុទ្ធតែជាឈ្មោះសម្រាប់ហៅក្រៅប៉ុណ្ណោះ ។ ពួកគេបានជិះរថយន្តឡិចសុីស៥៧០ ពណ៌ស មួយគ្រឿងចូលទៅបង្ករឿង រួចនាំគ្នាឡើងជិះរថយន្តគេចខ្លួនពីកន្លែងកើតហេតុដោយសុវត្ថិភាពបាត់ទៅ បន្ទាប់ពីពួកគេបានវាយបុរសម្នាក់ ដែលជាអតីតគូទំនាស់ ឈ្មោះ ទេព សុវណ្ណដារ៉ា ហៅចាប អាយុ២៨ឆ្នាំ ជាមន្ត្រីនគរបាលបម្រើការនៅការិយាល័យអន្តរាគមន៍រាជធានីភ្នំពេញ ដោយវាយចំនួន២ស្នាប់កាំភ្លើងខ្លី បណ្តាលឱ្យបែកក្បាលហូរឈាមស្រោចខ្លួន ។
ប្រភពដដែលបន្តទៀតថា មុនពេលកើតហេតុ បុរសជាជនរងគ្រោះ និងគ្នីគ្នាមួយក្រុមមានប្រុស មានស្រី បាននាំគ្នាចូលទៅច្រៀងខារ៉ាអូខេក្នុងបន្ទប់លេខ២៥១ នៃមជ្ឈមណ្ឌលកម្សាន្តរ៉ក់ ស្រាប់តែលេចមុខក្រុមជនបង្កទាំង៣នាក់ខាងលើ នាំគ្នាមកគោះទ្វារបន្ទប់ខារ៉ាអូខេនោះ ។ ពេលឮសំឡេងគោះទ្វារនោះ ឈ្មោះ ទេព សុវណ្ណដារ៉ា ក៏ចេញមកបើកទ្វារ ហើយត្រូវក្រុមជនទាំងនោះប្រាប់ឱ្យឈ្មោះ ឡុញ សំណាង ចេញមកក្រៅ ដើម្បីនិយាយគ្នាពីរឿងដែលជនម្នាក់នេះបានទះកំផ្លៀងឈ្មោះ ក្រិម ជាបក្សពួករបស់គេ កាលពីយប់ថ្ងៃទី១១ មីនា កន្លងមក នៅក្នុងមណ្ឌលកម្សាន្តរ៉ក់នេះ ។
ពេលដែលគូភាគីទាំងពីរកំពុងនិយាយគ្នាមិនបានប៉ុន្មានម៉ាត់ផង ឈ្មោះ ក្រិម បានដកកាំភ្លើងខ្លីមិនស្គាល់ម៉ាកមួយដើមពីចង្កេះ វាយទៅលើក្បាលឈ្មោះ សុវណ្ណដារ៉ា ចំនួនពីរដង បណ្តាលឱ្យបែក និងហូរឈាមស្រោចខ្លួន ។
ក្រោយពេលជនបង្កធ្វើសកម្មភាពវាយក្បាលបែកហើយ ក្រុមជនរងគ្រោះក៏បានស្រែកឆោឡោឡើង ធ្វើឱ្យមានការភ្ញាក់ផ្អើលតែម្តង។ ពេលមានការភ្ញាក់ផ្អើលហើយនោះ បុរសជាបក្ខពួកក្រុមជនបង្កម្នាក់ ឈ្មោះ ទូ បានរត់ចេញមកក្រៅរួចខ្លួន ចំណែកបក្ខពួករបស់គេពីរនាក់ទៀត ត្រូវបានក្រុមសន្តិសុខបិទទ្វារជាប់នៅខាងក្នុង មិនអាចចេញរួចទេ ។
តាមប្រភពដដែលបានប្រាប់ទៀតថា ពេលដែលដឹងថា បក្ខពួករបស់គេទាំងពីរនាក់ទៀត ត្រូវក្រុមសន្តិសុខបិទទ្វារជាប់នៅខាងក្នុងនោះ ឈ្មោះ ទូ បានរត់សំដៅទៅរថយន្តរបស់ខ្លួន យកកាំភ្លើងអាកា៤៧មួយដើម មកឈរជំទែងយ៉ាងស្ទាត់ជំនាញ បាញ់រះជាច្រើនគ្រាប់ ស្រោចទៅលើទ្វារកញ្ចក់ក្នុងចេតនារំដោះបក្ខពួករបស់ខ្លួនពីរនាក់ទៀតដែលជាប់ក្នុងនោះ ។ ពេលបាញ់រះលាន់កក្រើកមួយចំហៀងក្រុងនោះ អ្នកណាៗក៏រត់គេចរកកន្លែងពួនដែរ ជាឱកាសឱ្យបក្ខពួក២នាក់ដែលជាប់ក្នុងក្លិប អាចរត់ចេញមកក្រៅវិញបានដោយសុវត្ថិភាព រួចនាំគ្នាឡើងជិះរថយន្តគេចខ្លួនពីទីនោះទៅបាត់ ដោយបន្សល់ទុកតែបុរសជាគូបដិបក្ខរងគ្រោះ និងការភ្ញាក់ផ្អើល ។
លុះព្រឹកឡើង កម្លាំងសមត្ថកិច្ច ក៏បានស្រាវជ្រាវរកឃើញរថយន្តឡិចស៊ីស៥៧០ អត់ស្លាកលេខ របស់ក្រុមជនទាំង៣នាក់ ដែលបើកយកទៅចតទុកចោលនៅក្នុងបុរីពិភពថ្មី ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។ ចំណែកកាំភ្លើងអាកា៤៧មួយដើម ដែលពួកគេប្រើសម្រាប់បាញ់រះនោះ ត្រូវគេយកទៅលាក់ក្នុងរោងម៉ាស៊ីនភ្លើងក្បែរនោះដែរ ។ ក្រោយពីកម្លាំងសមត្ថកិច្ច បានរកឃើញរថយន្តនិងកាំភ្លើងអាកា៤៧នេះរួចមក សមត្ថកិច្ចកំពុងតែតាមស្រាវជ្រាវស្វែងរកចាប់ខ្លួនក្រុមជនបង្កទាំង៣នាក់ដែលកំពុងតែរត់គេចខ្លួននៅឡើយ ទំនងចាប់ខ្យល់ទៀតហើយ៕
ចែករំលែកព័តមាននេះ