ខេត្តបាត់ដំបង ៖ ក្មេងទំនើង៤នាក់ក្នុងចំណោម៥នាក់ ដែលសមត្ថកិច្ចចាត់ទុកថា ជាក្រុមជើងខ្លាំងប្រចាំស្រុករតនណ្ឌល ត្រូវបានបញ្ជូនទៅតុលាការហើយនៅព្រឹកថ្ងៃទី១៦ មីនា បន្ទាប់ពីត្រូវឃាត់ខ្លួនក្នុងអំពើហិង្សាដ៏កំរោលមួយកាលពីថ្ងៃសៅរ៏ចុងសប្ដាហ៏មុន នៅភូមិអូរត្រែង ឃុំផ្លូវមាស ស្រុករតនមណ្ឌល។
មន្ត្រីនគរបាលការិយាល័យព្រហ្មទណ្ឌកំរិតស្រាលនិយាយថា ក្រុមក្មេងទំនើងទាំង៤នាក់នោះ ត្រូវកម្លាំងអធិការដ្ធាននគរបាលស្រុករតនមណ្ឌលឃាត់ខ្លួន កាលពីល្ងាចថ្ងៃទី១៤ មីនា នៅចំណុចភូមិ ឃុំខាងលើ បន្ទាប់ពីក្រុមនេះប្រដាប់ដោយកកាំបិតនិងដុំថ្ម ដេញកាប់ និងគប់ទៅលើភាគីម្ខាងទៀតដែលកំពុងធ្វើដំណើរតាមដងផ្លូវ។
ជើងខ្លាំងទាំង៤នាក់មាន ១-ឈ្មោះរូន សេត អាយុ១៧ឆ្នាំ ២-ឈ្មោះធី វណ្ណា អាយុ១៧ឆ្នាំ ៣-ឈ្មោះហ៊ាន ស៊ីខួច អាយុ១៨ឆ្នាំ និង៤-ឈ្មោះរស់ គឹមភត្រា អាយុ១៩ឆ្នាំ រីឯម្នាក់ទៀតឈ្មោះហូត ចាន់រស្មី អាយុ១៧ឆ្នាំ បានរត់រួច។ ជាមួយនឹងការឃាត់ខ្លួនជនសង្ស័យ សមត្ថកិច្ចបានដកហូតដាវសាំម៉ូរៃ១ដើម កាំបិតខ្វែវ១ដើម និងច្រវាក់១ខ្សែ ដែលក្រុមនេះប្រើជាអាវុធប្រយុទ្ធទៅលើភាគីម្ខាងទៀត។
ជនរងគ្រោះម្នាក់ក្នុងចំណោម១០នាក់ ឈ្មោះម៉ាន ហាន់ណាហ្វី ភេទប្រុស អាយុ២២ឆ្នាំ នៅភូមិនរា ឃុំនរា ស្រុកសង្កែ បាននិយាយថា នៅថ្ងៃកើតហេតុនោះពួកខ្លួនបាននាំគ្នាជិះម៉ូតូទៅលេងរមណីយដ្ធាន«ជ្រលងបុព្វតា»នៅឃុំផ្លូវមាស ស្រុករតនមណ្ឌល លុះល្ងាចឡើងក៏នាំគ្នាត្រឡប់មកវិញ។ យុវជនរូបនេះប្រាប់ថា ពេលជិះមកដល់ចំណុចខាងលើ ស្រាប់តែមានជនមួយក្រុមប្រដាប់ដោយកាំបិតដុំថ្មក្នុងដៃចាំស្ទាក់វាយពួកខ្លួន។
គ្រានោះពួកគេបានគប់ដុំថ្ម និងដេញកាប់ពួកខ្លួនទាំងកំរោល តែសំណាងល្អពួកខ្លួនបានរត់ចូលប៉ុស្ដិ៍នគរបាលឃុំផ្លូវមាសនៅក្បែរ ហើយសមត្ថកិច្ចបានជួយអន្តរាគមន៍រហូតតាមឃាត់ខ្លួនក្រុមនេះបាន៤នាក់ជាបន្តបន្ទាប់។ ក្រុមជនរងគ្រោះខាងលើនេះអះអាងថា ខ្លួនមិនដែលស្គាល់ក្រុមជើងខ្លាងប្រចាំស្រុករតនមណ្ឌលទេ ហើយក៏គ្មានប្រវត្តិប៉ះទង្គិចគ្នាដែរ ព្រោះរស់នៅស្រុកផ្សេងគ្នា។
ដោយឡែកក្រុមជើងខ្លាំងប្រចាំស្រុករតនមណ្ឌលទាំង៤នាក់វិញបានឆ្លើយថា គួសត្រូវរបស់ខ្លួនជាអ្នកស្ដោះទឹកមាត់ និងយកដុំថ្មគប់មកលើពួកខ្លួនមុន តាំងពីនៅខាងមុខអនុវិទ្យាល័យស្ដៅម្ល៉េះ ដោយគ្រាន់តែពួកខ្លួនជិះម៉ូតូតាមមើលមុខ។ ក្រុមនេះបញ្ជាក់ថា ដោយសារតែបែបនេះហើយ ទើបពួកខ្លួនកេណ្ឌគ្នាតាមចាំស្ទាក់កាប់តាមផ្លូវតែម្ដងទៅ៕
ព័ត៌មានលម្អិតនឹងផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព
ចែករំលែកព័តមាននេះ