ខេត្តបាត់ដំបង ៖ មន្ត្រីរដ្ឋបាលព្រៃឈើបានអះអាងថា ស្ថានប័នខ្លួន និងមន្ត្រីបរិស្ថានបានស្ទាក់ចាប់រថយន្តម៉ាកកូរ៉ូឡា១គ្រឿងរបស់អង្គការអភិរក្សព្រៃឈើ ដែលសំបូរទៅដោយរឿងអាស្រូវមួយប្រចាំខេត្តបាត់ដំបងកាលពីរសៀលថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៥ លើកំណាត់ផ្លូវមួយកន្លែងក្នុងភូមិអូរតាទាក ឃុំតាតោក ស្រុកសំឡូត បន្ទាប់ពីម្ចាស់សិប្បកម្មឈើមួយកន្លែងបានប្ដឹងចោទប្រកាន់ថា មន្ត្រីអង្គការនោះបានជំរិតទារប្រាក់ពីខ្លួនយកអស់ជិត៩០ម៉ឺនរៀល ហើយប្លន់យកពកឈើបេងដែលមានតំលៃមួយដុំធំទៀត ។
មន្ត្រីរដ្ឋបាលព្រៃឈើបានប្រាប់ថា រថយន្តម៉ាកកូរ៉ូឡានោះពណ៌ឈាមជ្រូក ពាក់ស្លាលេខ ភ្នំពេញ 2H-9421 បើកបរដោយឈ្មោះស្រស់ វីរៈ ជាអនុប្រធានស្នាក់ការអង្គការ «ការពារ និងអភិរក្សសត្វព្រៃ ឈើ ជលផលកម្ពុជា» សាខាប្រចាំខេត្តបាត់ដំបង និងអ្នករួមដំណើរម្នាក់ឈ្មោះនេត្រ សំអុល ហៅកូយ ជាមន្ត្រីយោធាភូមិភាគ៥ ។ មន្ត្រីដដែលនិយាយថា ក្រុមអង្គការនេះត្រូវម្ចាស់សិប្បកម្មម្នាក់ឈ្មោះយ៉ុង ផុន ភេទប្រុស អាយុ៤៧ឆ្នាំ នៅភូមិពាមតា ឃុំតាតោក ស្រុកសំឡូត ប្ដឹងចោទថា បានទៅជំរិតទារប្រាក់ពីខ្លួនចំនួន៩០ម៉ឺនរៀល ហើយប្លន់យកពកឈើបេង១ដុំធំរបស់គាត់ទៀត ។
មន្ត្រីព្រៃឈើដដែលបញ្ជាក់ថា ក្រោយពីទទូលបានព័ត៌មាននេះ កម្លាំងរដ្ធបាលព្រៃឈើសំឡូតសហការជាមួយកម្លាំងបរិស្ថាន ចេញអន្តរាគមន៏ស្ទាក់ចាប់បានតែម្ដង ប៉ុន្តែឈ្មោះស្រស់ វីរៈ និងឈ្មោះនេត្រ សំអុល ដែលរួមដំណើរបានបើកទ្វារត់ចេញពីឡានភ្លាមៗដែរ ពេលបើកមកដល់គោលដៅដែលកម្លាំងចាំស្ទាក់ចាប់ ។
ដើមបណ្ដឹងឈ្មោះយ៉ុង ផុន ជាម្ចាស់សិប្បកម្មត្រូវគេស្រង់សំដីថា ឈ្មោះស្រស់ វីរៈ និងគួរកនម្នាក់ទៀតឈ្មោះកូយ ដែលអះអាងថា ខ្លួនជាមន្ត្រីអង្គការការពារព្រៃឈើស្អីគេនោះ… បានបើកឡានចូលមកកន្លែងសិប្បកម្មរបស់ខ្លួន រួចសួរនាំរកច្បាប់ទម្លាប់ ។ លុះគាត់យកមកបង្ហាញ ស្រាប់តែកោសរូសរកលុយកាក់ពីគាត់ទៀត ។ បុរសនេះនិយាយថា ឈ្មោះវីរៈ បាននិយាយគំរាមគាត់គ្រប់បែបយ៉ាង ដើម្បីទាមទារលុយពីគាត់ ដែលបង្ខំឲ្យគាត់បង់ប្រាក់ចំនួន៩០ម៉ឺនរៀលជាថ្នូរឈប់មករំខានមុខរបគាត់ទៀត ។ គាត់និយាយថា ដោយសារជ្រក់ជ្រិញពេកគាត់ក៏បង្ខំចិត្តប្រគល់លុយ៩០ម៉ឺននោះឲ្យ តែពេលបានលុយដល់ដៃ ស្រាប់តែជនទាំង២នាក់នោះចាប់លើកពកឈើបេងដ៏មានតំលៃរបស់គាត់១ដុំទម្ងន់ជាង៦០គីឡូក្រាមដាក់ចូលក្នុងគូថឡានហើយបើកចេញយ៉ាងលឿនទៅបាត់ បើទោះជាគាត់រត់តាមទាយកមកវិញ ក៏ពួកគេមិនងាកមើលដែរ ទើបគាត់រាយការណ៍ទៅមន្ត្រីព្រៃឈើឲ្យជួយស្ទាក់ចាប់តែម្ដងទៅ ។
តាមប្រពភព័ត៌មានពីស្រុកសំឡូតបានឲ្យដឹងថា ឈ្មោះស្រស់ វីរៈ និងគូកនដែលអះអាងថា ពួកខ្លួនជាមន្ត្រីអង្គការការពារព្រៃឈើខាងលើនេះ គេតែងឃើញស្នាក់ជាប្រចាំនៅផ្ទះមេភូមិព្រៃធំ ឃុំកំពង់ល្ពៅ ស្រុកសំឡូត ។ ក្រុមនេះតែងចេញស្ទាក់ចាប់ឡានដឹកឈើ ដឹកអុស ដឹកធ្យូង ជំរិតទារប្រាក់ មិនថាយប់ឬថ្ងៃទេ ពាសពេញតំបន់ស្រុកសំឡូត ។ ប្រភពដដែលបញ្ជាក់ថា ក្រោយពីជិះឡានល្បាតស្ទាក់ជំរិតទារប្រាក់ពីអ្នកដឹកបទល្មើសព្រៃឈើខាងលើ ក្រុមនេះក៏តែងជិះឡានដើរជម្រិញជំរិតទារប្រាក់ពីតាមរោងសិប្បកម្មកែច្នៃឈើនានាក្នុងស្រុកសំឡូតរាល់ថ្ងៃដែរ មិនថាសិប្បកម្មមានច្បាប់ ឬគ្មានច្បាប់នោះទេ ។ ប៉ុន្តែបើតាមប្រភពដែលស្និទ្ធនឹងឈ្មោះស្រស់ វីរៈ នេះបានប្រាប់ «កោះសន្តិភាព» ថា កាតសម្គាល់ខ្លួនក្នុងអង្គភាពអង្គការការពារព្រៃឈើនោះអស់សុពលភាពច្រើនខែហើយ ។
ទោះជាបែបណា មន្ត្រីរដ្ឋបាលព្រៃឈើស្រុកសំឡូតបានបញ្ជាក់ថា ពួកគេបានរៀបចំសំណុំរឿងបញ្ជូនទាំងរថយន្ត និងវត្ថុតាង ដែលបានរឹបអូសទៅកាន់ខណ្ឌរដ្ធបាលព្រៃឈើបាត់ដំបងហើយ ដើម្បីបញ្ជូនបន្តទៅតុលាការចាត់ការតាមនិតិវិធីច្បាប់ហើយ បើទោះជាជនសង្ស័យទាំង២នាក់កំពុងរត់ចោលស្រុកក្ដី ៕
ចែករំលែកព័តមាននេះ