ខេត្តកំពង់ចាម ៖ ដោយសារតែតូចចិត្តជាមួយប្រុសស្នេហ៍មិនរវល់ នារីម្នាក់មានផ្ទៃពោះជាង៣ខែហើយមកប៉ុនប៉ងលោតពីលើស្ពានគីហ្ស៊ុណា ដើម្បីធ្វើអត្តឃាត តែសំណាងល្អត្រូវកម្លាំងនគរបាលចរាចរខេត្ត ដែលយាមប្រចាំការនៅក្បាលស្ពានឃើញទាន់ក៏ចាប់ឃាត់និងដឹកតាមម៉ូតូយកមកសាកសួរនៅអធិការដ្ឋាននគរបាលក្រុងកំពង់ចាម ។
ហេតុការណ៍នេះបង្កឱ្យភ្ញាក់ផ្អើលកាលពីវេលាម៉ោង០៨ និង៤០នាទីព្រឹកថ្ងៃទី១៣ មីនា ២០១៥ នេះ នៅលើស្ពានគីហ្ស៊ុណា ត្រង់ចន្លោះសសរប៉េ៩ និងប៉េ១០ ។
ប្រភពបានឱ្យដឹងថា នារីរងគ្រោះឈ្មោះយ៉ុង ធីតា អាយុ១៧ឆ្នាំ រស់នៅភូមិទ្រាន ឃុំទ្រាន ស្រុកកំពង់សៀម ។
លោកស៊ឹង ចាន់អូន អធិការស្តីទីក្រុងកំពង់ចាមប្រាប់ឱ្យដឹងថា ក្រោយពីសមត្ថកិច្ចបញ្ជូននារីដែលប៉ុនប៉ងលោតពីលើស្ពានមិនបានសំរេចមកកាន់អធិការដ្ឋាននគរបាលក្រុងកំពង់ចាមសួរនាំរួចរាល់ ក៏បានប្រគល់ឱ្យទៅនគរបាលស្រុកកំពង់សៀម ដើម្បីឱ្យសាច់ញាតិមកទទួលយកទៅផ្ទះវិញ ។
នាងរងគ្រោះបានឱ្យដឹងថា ដំបូងនាងបានជួលបន្ទប់សម្រាប់ស្នាក់នៅម្តុំមុខរោងចក្រកាត់ដេរស្រុកកំពង់សៀម ដោយមានបុរសម្នាក់ឈ្មោះភ័ណ្ឌ ជួលបន្ទប់នៅទល់មុខនាង ហើយបុរសនោះបានអួតថា នៅកម្លោះមិនទាន់មានគូសង្សារទេ ថែមទាំងបានដាក់ចិត្តស្រលាញ់លើរូបនាង ។ នាងបន្តថា នាងរៀនសម្អាងការ ក្រោយមកក៏ឈប់រៀន បន្ទាប់មកក៏បានរស់នៅជុំគ្នាដូចប្តី-ប្រពន្ធជាមួយនឹងបុរសនោះ ចាប់តាំងពីបានស្រឡាញ់គ្នារហូតមកដល់ពេលនេះ គឺរយៈជាង៧ខែ ហើយថែមទាំងមានផ្ទៃពោះជាង៣ខែទៀត ។
ក្នុងពេលដែលនាងមានផ្ទៃពោះជាង២ខែ ប្រុសស្នេហ៍នោះបានប្រាប់ឱ្យនាងយកកូនក្នុងផ្ទៃចេញ តែនាងមិនព្រមយកនោះទេ ទុកចិញ្ចឹម ហើយសង្សារនោះចេះតែគេចមុខពីនាងរកទៅរាជធានីភ្នំពេញបាត់ ។
ព័ត៌មានលម្អិតនឹងផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព
ចែករំលែកព័តមាននេះ