រាជធានីភ្នំពេញ ៖ ក្រុមអ្នករត់រ៉ឺម៉កម៉ូតូប្រមាណជា៥០នាក់បាននាំគ្នាយករ៉ឺម៉កម៉ូតូមកស្ទាក់រថយន្តរបស់ការិយាល័យប៉ូលិសចរាចរណ៍ផ្លូវគោករាជធានី បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១រសៀល ថ្ងៃទី១៣ មីនា ២០១៥ ខណៈរថយន្តនោះព្យាយាមដឹកម៉ូតូមួយគ្រឿងម៉ាកស្គូពីដែលម្ចាស់ទើបទិញជិះបាន៤គីឡូម៉ែត្រហើយត្រូវនគរបាលស្ទាក់ចាប់ដោយចោទថា អត់ស្លាកលេខ ។
ម្ចាស់ម៉ូតូស្គូពីដែលប៉ូលិសចាប់ដាក់រថយន្តឈ្មោះតូ សំអាត ភេទប្រុស អាយុ៤៥ឆ្នាំ ជាអ្នករត់រ៉ឺម៉កម៉ូតូ មានទីលំនៅភូមិថ្មគោល សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។
តាមការអះអាងពីម្ចាស់ម៉ូតូបានឱ្យដឹងថា កាលពីព្រឹកមិញគាត់បានទិញម៉ូតូម៉ាកស្គូពីពណ៌ស ស៊េរី២០១៥ នៅឃ្លាំង ដោយមិនទាន់បានធ្វើស្លាកលេខនៅឡើយ ហើយជិះធ្វើដំណើរបំណងទៅផ្ទះ ពេលទៅដល់ចំណុចស្តុបណូគៀក្នុងសង្កាត់ទឹកល្អក់៣ ស្រាប់តែនគរបាលចរាចរណ៍ស្ទាក់ឃាត់ចោទថា ម៉ូតូអត់ស្លាកលេខ ទោះបីគាត់ខំអង្វរ.កប្រាប់ប៉ូលិសថាម៉ូតូគាត់ទើបទិញក៏ដោយក៏ប៉ូលិសនៅតែព្យាយាមលើកម៉ូតូដាក់លើរថយន្តដែរ ទើបក្រុមអ្នករត់រ៉ឺម៉កម៉ូតូលើកគ្នាមកព័ទ្ធស្ទាក់រថយន្តរបស់ប៉ូលិសតែម្តងទៅ។ ក្នុងហេតុការណ៍នោះធ្វើឱ្យកកស្ទះចរាចរណ៍ផងដែរ។
បើតាមប្រភពព័ត៌មានចុងក្រោយបានឱ្យដឹងថា ពេលនេះក្រុមអ្នករត់រ៉ឺម៉កម៉ូតូបានបំបែកគ្នាវិញហើយ បន្ទាប់ពីមេសមាគមក្រុមអ្នករត់រ៉ឺម៉កម៉ូតូធ្វើការសម្របសម្រួលយល់ព្រមឱ្យនគរបាលយកម៉ូតូខាងលើទៅការិយាល័យចរាចរណ៍ដើម្បីដោះស្រាយ៕
ចែករំលែកព័តមាននេះ