ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើ​នាង​ស្លា.ប់​អ្នក​វាយប្រហារ​ទឹក​អា​ស៊ីត​ត្រូវ​ជាប់គុក​១​ជីវិត

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ជា​ការ​ពិត​ណាស់ ទីណា​មានទុក្ខ​លំបាក​ក៏​មាន​សម្តេច​តេ​ជោ ឬ​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ចេញ​មុខ​ជួយ​យកអាសា​គ្មាន​រំលង​នរណា​ម្នាក់​ទេ និង​ការ​ជួយ​សង្គ្រោះ​ទៀត​សោត​គឺ​មិន​មានការ​រើសអើង​នោះ​ទ្បើ​យ

រាជធានី​ភ្នំពេញ ៖ ជា​ការ​ពិត​ណាស់ ទីណា​មានទុក្ខ​លំបាក​ក៏​មាន​សម្តេច​តេ​ជោ ឬ​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ចេញ​មុខ​ជួយ​យកអាសា​គ្មាន​រំលង​នរណា​ម្នាក់​ទេ និង​ការ​ជួយ​សង្គ្រោះ​ទៀត​សោត​គឺ​មិន​មានការ​រើសអើង​នោះ​ទ្បើ​យ ។ បន្ទាប់​ពី​បាន​ទទួល​ព័ត៌មាន​ថា ស្ត្រី​វ័យក្មេង​ម្នាក់​ជា​សន្តិសុខ​រោងចក្រ​រង​គ្រោះ​ដោយ​ទឹក​អាស៊ីត សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន សែន បាន​ផ្តល់​ទឹកប្រាក់​ចំនួន​៣០០០​ដុល្លារ​អា​មេ​រិ​ក ដល់​ស្ត្រី​រង​គ្រោះ​តាម​រយៈ​លោក​សាស្ត្រាចារ្យ ឈាង រ៉ា អគ្គនាយក​មន្ទីរពេទ្យ​កាល់​ម៉ែ​ត ខណៈ​ដែល​នាង​កំពុង​ស្ថិត​នៅ​ក្នុង​ការ​ជួយ​ព្យាបាល​យ៉ាង​យកចិត្តទុកដាក់​នៅ​ក្នុង​មន្ទីរពេទ្យ ។

លោក​សាស្ត្រាចារ្យ ឈាង រ៉ា នៅ​ព្រឹក​ថ្ងៃ​ទី​១១ មីនា បាន​នាំ​យក​ប្រាក់​ឧបត្ថម្ភ​ជូន​ដល់​នារី​រង​គ្រោះ​ដោយសារ​ទឹក​អាស៊ីត និង​បាន​នាំ​ទៅ​ជាមួយ​នូវ​ប្រសាសន៍​ផ្តាំផ្ញើ​សាកសួរ​សុខទុក្ខ និង​សម្តែង​ការ​អាណិតអាសូរ​ពី​សំណាក់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា ដែល​សម្តេច​តែងតែ​គិតគូរ​ជាប់​ជា​និច្ច​ពី​សុខទុក្ខ​របស់​ប្រជាពលរដ្ឋ ។ ក្នុង​ពេល​ជាមួយ​គ្នា​នេះ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​បាន​ផ្តាំផ្ញើ​ឱ្យ​លោក​អគ្គនាយក​មន្ទីរពេទ្យ​ជួយ​យកចិត្តទុកដាក់​ថែទាំ​ព្យាបាល​ស្ត្រី​រង​គ្រោះ​ឱ្យ​បាន​ល្អ ។ លោក​សាស្ត្រាចារ្យ ឈាង រ៉ា​ថ្លែង​ថា លោក​តែងតែ​យកចិត្តទុកដាក់​ថែទាំ​ព្យាបាល​គ្រប់​អ្នកជំងឺ ក្នុង​នាម​ជា​គ្រូពេទ្យ​ដែល​មាន​ក្រមសីលធម៌​វិជ្ជាជីវៈ​ម្នាក់ ហើយ​ក៏​គោរព​តាម​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ផង​ដែរ ។

ម្តាយមីង​នារី​រង​គ្រោះ បាន​ថ្លែងអំណរគុណ​ដ៏​ជ្រាលជ្រៅ​ចំពោះ​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា ដែល​បាន​ផ្តល់​អំណោយ​ជា​ទឹកប្រាក់​ដ៏​ច្រើន​ដែល​គាត់​មិន​ធ្លាប់​មាន​នេះ ដើម្បី​ជួយ​ក្មួយ​ស្រី​រង​គ្រោះ​និង​បាន​សម្តែង​អំណរ​គុណ និង​កោតសរសើរ​លោក​សាស្ត្រាចារ្យ ឈាង រ៉ា ដែល​តែងតែ​យកចិត្តទុកដាក់ ក្នុង​ការ​ជួយ​សង្គ្រោះ​ក្មួយ​របស់​អ្នកស្រី​ដោយ​ក្តី​អាណិតអាសូរ និង​ការ​សន្តោស​ប្រណី ។

ស្ត្រី​រង​គ្រោះ​ដោយ​ទឹក​អាស៊ីត​មានឈ្មោះ មាស វ​ន្នី អាយុ​២០​ឆ្នាំ ជា​សន្តិសុខ​រោងចក្រ ស៊ិ​ន តា​យ ឪពុក​ឈ្មោះ ស៊ិ​ន ស៊ី​នឿ​ន អាយុ​៥០​ឆ្នាំ ជា​កម្មករ​ដាំ​ដំ​ទ្បូ​ង​ឱ្យ​ក្រុមហ៊ុន​ចិន និង​ម្តាយ​ឈ្មោះ មាស វ​ណ្ណា អាយុ​៥៧​ឆ្នាំ មាន​ជំងឺសរសៃប្រសាទ ។ ស្ត្រី​រង​គ្រោះ​មានស្រុក​កំណើត​នៅ​ស្រុក​ក្រគរ ខេត្តពោធិ៍សាត់ មាន​បងប្អូន​៦​នាក់ (​ស្រី​២​នាក់​ប្រុស​៤​នាក់​) ហើយ​នាង​ជា​កូន​ទី​៥ នៅ​ក្នុង​គ្រួសារ ។

សូម​បញ្ជាក់​ថា មាស វ​ន្នី ដែល​ជា​សន្តិសុខ​រោងចក្រ​ស៊ិ​នតា​យ ស្ថិត​នៅ​សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ត្រូវ​បាន​ស្ត្រី​ឈ្មោះ ស្រឿ​ន ណា​ន់ អាយុ​៣៨​ឆ្នាំ យក​ទឹក​អាស៊ីត​មួយ​ដប​ទឹកបរិសុទ្ធ ស្រោច​ទៅ​លើ​នាង​និង​ជះ​ដាក់​ផ្ទៃមុខ​បណ្តាល​ឱ្យ​ក្តៅ​ក្រហល់ក្រហាយ​ស្រែកយំ​យ៉ាង​រន្ធត់ ខណៈ​នាង​កំពុង​ធ្វើ​ដំណើរ​ចេញពី​ធ្វើការ ដោយ​យាមរោងចក្រ​១​យប់ កាលពី​វេលា​ម៉ោង​៦​និង​១០​នាទី​ព្រឹក​ព្រលឹម ថ្ងៃ​ទី​៦ មីនា ស្ថិត​នៅ​មុខ​ផ្សា​រកា​ណា​ស៊ី​ធី ដោយសារ​តែ​ការ​ប្រចណ្ឌ​នឹង​ប្តី​របស់​ខ្លួន ។

ឃុំខ្លួន​ស្ត្រី​វាយប្រហារ​ដោយ​ទឹក​អាស៊ីត​ជាប់ចោទ​ពី​បទ​ប៉ុនប៉ង​ឃាតកម្ម

កាលពី​ល្ងាច​ថ្ងៃ​ទី​៩ មីនា ក្រោយ​ពី​តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ សាកសួរ​ស្ត្រី​ជាប់ចោទ​វាយប្រហារ​ដោយ​ទឹក​អាស៊ី​តទៅ​លើ​នារី​ជា​សន្តិសុខ​រោងចក្រ​ចប់​សព្វគ្រប់​ហើយ លោក អ៊ុំ សុ​ភ័ក្ត្រ ព្រះរាជអាជ្ញា​រង បាន​ធ្វើការ​ចោទប្រកាន់​ជន​ត្រូវ​ចោទ​ឈ្មោះ ស្រឿ​ន ណា​ន់ ពី​បទ​ប៉ុនប៉ង​ឃាតកម្ម ។ បទល្មើស​នេះ​មាន​ចែង​តាម​បញ្ញត្តិ​មាត្រា​២៧ និង​មាត្រា​១៩៩ នៃ​ក្រមព្រហ្មទណ្ឌ ហើយ​បាន​ចាត់​បញ្ជូន​ទៅ​ចៅក្រម​ស៊ើបសួរ​ដើម្បី​សម្រេច​ឃុំខ្លួន​ដាក់​ពន្ធនាគារ​ជា​បណ្តោះអាសន្ន ។

ប៉ុន្តែ​នៅ​ល្ងាច​ថ្ងៃ​ដដែល​នោះ ខាង​ចៅក្រម​បាន​ផ្ញើ​ជនជាប់ចោទ​ទៅ​សមត្ថកិច្ច​វិញ ដោយ​តម្រូវ​ឱ្យ​ព្រឹក​ថ្ងៃ​ទី​១០ មីនា នាំ​ខ្លួន​មក​សាកសួរ​បន្ត ។ លុះដល់​ម៉ោង​៩​ព្រឹក​ថ្ងៃ​ទី​១០ មីនា លោក ស្វាយ តុញ ចៅក្រម​ស៊ើបសួរ​បាន​ចេញ​ដីកា​សម្រេច​ឃុំខ្លួន​ជន​ត្រូវ​ចោទ​ដាក់​ពន្ធនាគារ និង​តម្រូវ​ឱ្យ​សមត្ថកិច្ច​នាំ​ទៅ​ឃុំខ្លួន​តែ​ម្តង ។

លោក​ព្រះរាជអាជ្ញា​រង​ដែល​កាន់​សំណុំរឿង​នេះ​បាន​បង្ហើប​ឱ្យ​ដឹង​ថា បទល្មើស​ដូច​ការ​ចោទប្រកាន់​ពី​បទ​ប៉ុនប៉ង​ឃាតកម្ម​នេះ នៅ​មិន​ទាន់​កំណត់​បាន​នៅ​ទ្បើ​យ​ទេ គឺ​ចង់​និយាយ​ថា បើ​ជន​រង​គ្រោះ​មានកា​រវិ​វត្ត​កាន់តែ​ធ្ងន់ធ្ងរ ឬ​ឈាន​ដល់​ស្លាប់​នោះ តំណាង​អយ្យការ​អម​សាលាដំបូង​នឹង​កែប្រែ​ការ​ចោទប្រកាន់​ជនជាប់ចោទ​ទ្បើ​ង​វិញ ពោល​គឺ​បទ​ឃាតកម្ម​គិត​ទុកជា​មុន ដែល​បទល្មើស​នេះ​តាម​បញ្ញត្តិ​មាត្រា​២០០​នៃ​ក្រមព្រហ្មទណ្ឌ​តម្រូវ​ឱ្យ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​អស់​១​ជីវិត ។ ចំពោះ​ស្ថានភាព​ស្ត្រី​រង​គ្រោះ​នៅ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត គឺ​ស្ថិត​ក្នុង​ការ​សង្គ្រោះ​បន្ទាន់​នៅ​ទ្បើ​យ​ទេ មាន​ន័យ​ថា ស្ថិត​ក្នុង​អាកា​រៈ​ធ្ងន់ធ្ងរ និង​គួរ​ឱ្យ​សង្វេគ​ណាស់​៕