ខេត្តបន្ទាយមានជ័យ ៖ ក្មេងស្ទាវម្នាក់មកមើលការប្រគុំតន្ត្រីលាក់ដាវសាមូរ៉ៃនៅក្នុងកាបូបស្ពាយ សមត្ថកិច្ចមានការសង្ស័យឆែកឆេររកឃើញនាំខ្លួនមកធ្វើការអប់រំ និងធ្វើកិច្ចសន្យា រួចហើយហៅឪពុកម្តាយ និងអាណាព្យាបាលមកទទួលយកទៅអប់រំបន្ត ។
ប្រភពព័ត៌មានពីនគរបាលការពារ និងអន្តរាគមន៍បានឲ្យដឹងថា នៅវេលាម៉ោង១០យប់ ថ្ងៃទី០៨ ខែមីនា ឆ្នាំ២០១៥ កម្លាំងនគរបាលការពារ និងអន្តរាគមន៍ បានដាក់កម្លាំងយាមល្បាតក្នុងកម្មវិធីប្រគុំតន្ត្រីរបស់ក្រុមស្រាបៀរហ្គេនស៍បឺគ(Ganzberg) នៅក្នុងបរិវេណវេទិការខេត្ត ស្ថិតក្នុងភូមិ៣ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។
ប្រភពដដែលបានបញ្ជាក់ថា នៅពេលដែលកម្លាំងនគរបាលការពារ និងអន្តរាគមន៍កំពុងឈរយាមឃើញឈ្មោះ អ៊ី នី ភេទប្រុស អាយុ២០ឆ្នាំ នៅភូមិបែកចានថ្មី ឃុំរលួស ស្រុកស្វាយចេក មានស្ពាយកាបូបពីក្រោយ ដោយមានការសង្ស័យហៅមកធ្វើការត្រួតពិនិត្យ ឆែកឆេរក្នុងកាបូបឃើញមានដាវសាមូរ៉ៃ រួចនាំខ្លួនមកប្រគល់ឲ្យកម្លាំងនគរបាលជំនាញការិយាល័យកណ្តាលព្រហ្មទណ្ឌ (ការិយាល័យនគរបាលកំរិតស្រាល ) ។
លោកវរៈសេនីយ៍ទោ ញាណ ដាវី នាយការិយាល័យនគរបាលកំរិតស្រាលបានឲ្យដឹងថា យុវជនឈ្មោះអ៊ី នី ដោយមិនទាន់មានសកម្មភាពអ្វីបង្កឲ្យមានអ្នកដទៃមានរបួសស្នាម លោកស្នងការរងទទួលការិយាល័យកណ្តាលនគរបាលព្រហ្មទណ្ឌបានឲ្យការិយាល័យជំនាញធ្វើការអប់រំ និងធ្វើការកិច្ចសន្យា រួចប្រគល់ឲ្យឪពុកម្តាយ និងអាណាព្យាបាលយកទៅអប់រំបន្តដោយដកហូតយកតែដាវសាមូរ៉ៃរក្សាទុក៕
ចែករំលែកព័តមាននេះ