រាជធានីភ្នំពេញ ៖ បុរសម្នាក់តូចចិត្តនឹងសង្សារជិតរៀបការ បានផឹកស្រាស្រវឹងហើយអង្គុយនិយាយទូរស័ព្ទទាំងទឹកភ្នែកហូររហាមបោកបោកក្បាល និងជញ្ជាំងថ្មបន្ទប់ជួលរបស់នារីជាសង្សាររហូតដួលសន្លប់លេចនោមដាក់ខោ ដែលហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៨យប់ថ្ងៃទី០៨ មីនា ២០១៥ ស្ថិតនៅផ្ទះជួលផ្លូវ២៦១ស្ទួន ក្រុម៤ ភូមិបឹងសាឡាង សង្កាត់បឹងសាឡាង ខណ្ឌទួលគោក ។
ប្រភពបានឱ្យដឹងថា នៅមុនកើតហេតុវេលាម៉ោងប្រហែល៧យប់ គេឃើញបុរសឈ្មោះហ៊ួរ ម៉ាលី អាយុ២៤ឆ្នាំ មានស្រុកកំណើតនៅភូមិបូព៌ ឃុំសាលាកុំរើក ស្រុកសៀមរាប ក្រុងសៀមរាប បានដើរមកឈប់មុខផ្ទះជួលកន្លែងកើតហេតុ ហើយបាននិយាយទូរស័ព្ទជាមួយសង្សារដែលស្នាក់នៅបន្ទប់ជួលខាងលើ ដោយអង្គុយនិយាយទូរស័ព្ទទាំងទឹកភ្នែកថា អូនចេញមកជួបបងអត់ បងមកដល់មុខផ្ទះអូនហើយ ហេតុអ្វីអូនបោកបង បើអូនមិនចេញមកជួបបងទេ បងនិងចូលទៅរកអូនហើយ ។
ពេលនិយាយចប់ បុរសនោះបានបើកទ្វារចូលទៅក្នុងបន្ទប់ តែត្រូវនារីនោះចេញមកខាងក្រៅហើយនិយាយថា ខ្ញុំមិនបានបោកទេ ហើយឈប់មករកខ្ញុំទៀត ខ្ញុំមានគូដណ្តឹងជិតរៀបការហើយ គ្រាន់តែនិយាយចប់នារីនោះបានជិះម៉ូតូគេចចេញទៅបាត់ ចំណែកបុរសខូចចិត្ត ក៏បានដើរត្រឡប់ទៅវិញ។
រំលងបានប្រហែលកន្លះម៉ោង បុរសខូចចិត្តបានត្រឡប់មកម្តងទៀត ហើយនិយាយទូរស័ព្ទបណ្តើរយំបណ្តើរ ដោយយកក្បាលគាត់បោកនិងជញ្ជាំងនិយាយថា អូនបោកបងៗៗរហូត ដេកសន្លប់ឈឹងកណ្តាលផ្លូវបង្កជាការភ្ញាក់ដល់ប្រជាពលរដ្ឋដែលរស់នៅក្បែរកន្លែងកើតហេតុ និងសមត្ថកិច្ចចុះទៅចោមរោមមើលដាស់យ៉ាងណាក៏មិនភ្ញាក់ដែរ ដោយមានការព្រួយបារម្ភខ្លាចរងរបួសធ្ងន់ធ្ងរ សមត្ថកិច្ចបានសម្រេចចិត្តបញ្ជូនបុរសនោះទៅសម្រាកព្យាបាលនៅមន្ទីពេទ្យរងចាំសាច់ញាតិទៅមើល ។
ចែករំលែកព័តមាននេះ