ខេត្តស្ទឹងត្រែង ៖ ស្ត្រីជាអាជីវករលក់ខោអាវក្នុងផ្សារម្នាក់ ត្រូវជនមិនស្គាល់មុខលបបាញ់ប្រហារ៣គ្រាប់ បណ្តាលឱ្យស្លាប់ភ្លាមៗនៅនិងកន្លែង ខណៈកំពុងគេងក្នុងអង្រឹងម្នាក់ឯង ដែលហេតុការណ៍នេះបង្កឱ្យភ្ញាក់ផ្អើលកាលពីវេលាម៉ោង០២ និង២០នាទីរសៀលថ្ងៃទី០៧ មីនា ២០១៥ នេះ ស្ថិតនៅចំណុចផ្សារធំ ក្នុងក្រុងស្ទឹងត្រែង ។
ប្រភពបានឱ្យដឹងថា ស្ត្រីរងគ្រោះឈ្មោះរស្មី ស្រីខូច អាយុ២២ឆ្នាំ ជាស្ត្រីមេម៉ាយកូន១ មានទីលំនៅក្នុងភូមិត្រពាំងព្រីង សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ។
ប្រភពបន្តថា ស្ត្រីរងគ្រោះបានលែងលះជាមួួយប្តីជាង១ឆ្នាំមកហើយ ប៉ុន្តែកន្លងមកប្តីរូបនោះតែងតែមកជួបជារឿយៗ ដើម្បីចង់ផ្សះផ្សាគ្នាវិញ តែស្ត្រីរងគ្រោះមិនព្រម ។ ប្រភពបានបន្តទៀតថា អតីតប្តីរបស់ស្ត្រីរងគ្រោះ ក៏ធ្លាប់បានគំរាមកំហែងថា ប្រសិនជាហ៊ានយកប្តីថ្មី គេនឹងគប់គ្រាប់បែក និងសម្លាប់ចោលជាមិនខាន ។
តែទោះបីជាយ៉ាងណា ករណីនេះគេនៅមិនទាន់អាចកំណត់បានថា ជនដៃដល់ដែលមកបាញ់ប្រហារនោះ គឺជាអតីតប្តី ឬក៏ជាអ្នកណានោះទេ ខណៈដែលសមត្ថកិច្ចកំពុងតែធ្វើការស្រាវជ្រាវយ៉ាងក្តៅគគុក ។
ព័ត៌មានលម្អិតនឹងផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព
ចែករំលែកព័តមាននេះ