ខេត្តកំពង់ឆ្នាំង ៖ ស្ត្រីមានកូនតូចអាយុអាយុ៣ខែម្នាក់ ត្រូវបានប្តីដែលគ្មានខាន់ស្លា និងម្តាយក្មេកបណ្តេញចេញពីផ្ទះ ដោយនិយាយថា នាងមិនមែនជា ប្រពន្ឋស្របច្បាប់ និងនាងជាមនុស្សក្រីក្រ ហើយថែមទាំងរូបសម្ផស្សមិនស្អាតទៀត ។ ដោយសារតែមិនអាចទ្រាំទ្រ នូវពាក្យតិះដៀល និងបណ្តេញចេញ ជាច្រើនលើក ច្រើនសារ មិនបាន នាងបានសម្រចចិត្តចុះចេញពីផ្ទះនៅរសៀលថ្ងៃទី២៥ កុម្ភៈ ២០១៥ ហើយមកអង្គុយយំ នៅសួនច្បារមុខសាលាខេត្ត ធ្វើអោយមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចនគរបាលទៅដណ្តឹងសួរនាំ ។
នៅលើបង់ថ្មក្នុងសួនកុមារមុខសាលាខេត្ត នាងយំបណ្តើរ ទូរស័ព្ទបណ្តើរ ដៃម្ខាងពរកូនតូច និងបានប្រាប់ដល់សមត្ថកិច្ចបណ្តើរថា នាងមានឈ្មោះ សឿន ស្រីឡែន អាយុ២៩ឆ្នាំ មានទីលំនៅភូមិ ថ្នល់បំបែក ឃុំអមលាំង ស្រុកថ្ពងខេត្តកំពង់ស្ពឺ ។ ក្នុងអំឡុងឆ្នាំ២០១៣ នាងបានមកធ្វើជាកម្មការិនី រោងចក្រធ្វើខ្ចៅខ្ចង មួយកន្លែងនៅភ្នំពេញ ។ ក្រោយមកនាងបានស្គាល់យុវជនម្នាក់ឈ្មោះ សឿក ម៉េងហ័ង ហៅពៅ អាយុ១៩ឆ្នាំ (អាយុប្អូននាង១០ឆ្នាំ) និងមានទីលំនៅខេត្តស្ទឹងត្រែង និងបានមកស្នាក់នៅភ្នំពេញ ធ្វើជាងឈើ ។ ក្រោយមកពួកយើងបានស្រឡាញ់គ្នា និងរស់នៅជាមួយគ្នា ដោយគ្មានបានរៀបការតាមប្រពៃណីឡើយ ។ រស់នៅមួយគ្នាបានជាង១ឆ្នាំ នាងបានកូនប្រុសតូចម្នាក់ អាយុ៣ខែ ។
ក្រោយពីជូតទឹកភ្នែករួចនាងបានបន្តថា បន្ទាប់ពីប្តីអត់ខាន់ស្លា មានការងារធ្វើនៅខេត្តកំពង់ឆ្នាំង នាងបានតាមមករស់នៅជាមួយប្តីដោយជួលផ្ទះស្នាក់នៅរួមជាមួយម្តាយក្មេកម្កាក់ទៀត នៅភូមិទី៨ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង ចំណែកប្តីនាង ធ្វើការក្នុងសិប្បកម្មធ្វើតុទូមួយកន្លែង ។ រយៈពេលរស់នៅជាប្តីប្រពន្ធ នៅខេត្តកំពង់ឆ្នាំង នាងមិនបានសេចក្តីសុខទេ ព្រោះតែនាងមានរូបសម្ផស្សមិនស្អាត និងចាស់ជាងប្តីរហូតដល់១០ឆ្នាំ ធ្វើអោយម្តាយក្មេកនាងឈ្មោះ ស្រីនាង អាយុ៤៧ឆ្នាំ ចេះតែព្យាយាម បំបែកនាងពីប្តី ។ នាងបានរំឮកថា កាលនាងមានផ្ទៃពោះ៥ខែ ម្តាយក្មេកបានបង្ខំអោយនាងទៅទំលាក់កូនចោល តែគ្រូពេទ្យមិនហ៊ានទំលាក់អោយ ក្រោយមកទោះបីនាងធ្វើអី ក៏ម្តាយក្មេកនាងមិនពេញចិត្តដែរ ចំណែកប្តីនាងក៏ធ្វើតាមចិត្តម្តាយគេដែរ ។
ដោយសារតែម្តាយក្មេកនាង និងប្តីបានបណ្តេញនាងអោយចុះចេញពីផ្ទះជាច្រើនលើក ច្រើនសារ ដោយនិយាយដដែលថា រូបនាងមិនមែនជាប្រពន្ធស្របច្បាប់នោះទេ ទៅប្តឹងអ្នកណា ក៏ប្តឹងទៅ…! ។ ដោយមិនអាចទ្រាំរស់នៅបាននាងក៏បានចុះចេញពីផ្ទះ ដោយគ្មានលុយ១រៀលជាប់នឹងខ្លួនឡើយ ។ ក្រោយពីសមត្ថកិច្ចជួយអន្តរាគមន៍អោយដាក់ពាក្យប្តឹង តែនាងសំរេចចិត្តមិនប្តឹងផ្តល់អីទេ ព្រោះគ្មានលុយ ហើយសមត្ថកិច្ច ក៏បានរ៉ៃអង្គាសប្រាក់គ្នា បាន១៥ម៉ឺនរៀល ជូននាង ដើម្បីអោយនាងជិះរថយន្តទៅផ្ទះ នៅខេត្តកំពង់ស្ពឺវិញ ។ នេះគឺជាមេរៀនមួយនៃជីវិតស្ត្រី គួរពិចារណា និងគួរចៀសវាងមុននឹងសម្រចចិត្តជ្រើសរើសគូស្រករ ។
សូមបញ្ជាក់ថា ព័ត៌មានខាងលើនេះ គឺជាព័ត៌មានដែលយើងទទួលបានតែភាគីម្ខាងប៉ុណ្ណោះ ចំណែកភាគីខាងប្តីមិនអាចសុំការបំភ្លឺបានទេ ៕
ចែករំលែកព័តមាននេះ