រាជធានីភ្នំពេញ៖ យុវជន២នាក់បានធ្វើសកម្មភាពឆក់ខ្សែក ពីអ្នកដំណើរ កាលពីវេលាម៉ោង៤ នឹង១០នាទី រសៀលថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៥ នៅចំណុចលើផ្លូវលេខ៧០ ម្តុំខាងលិចរង្វង់មូលស្តាតចាស់ ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ។
ដោយសំណាងមិនល្អជនសង្ស័យខាងលើត្រូវបានកំលាំងល្បាត សមត្តកិច្ចខណ្ឌដូនពេញ អន្តរាគមន៍ចាប់ខ្លួនបានភ្លាមៗ នឹងដកហូតមកវិញនូវខ្សែក របស់ជនរងគ្រោះផងដែរ ។ ជនសង្ស័យមានឈ្មោះចាន់ សាវិន ហៅអន អាយុ៣១ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិស្វាយតាអុក ឃុំវាលស្បូវ ស្រុកកៀនស្វាយ ខេត្តកណ្តាល ជននេះជាអ្នកបើកម៉ូតូពេលធ្វើសកម្មភាព ។ រីឯម្នាក់ទៀតឈ្មោះយ៉យ យ៉ាត ភេទប្រុស អាយុ ២០ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅផ្ទះជួល សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វាជិះពីក្រោយជាអ្នកឆក់ខ្សែកជនរងគ្រោះ ។
ចំណែកជនរងគ្រោះមានឈ្មោះមាន លាងមួយ ភេទស្រីអាយុ២៥ ឆ្នាំ មុខរបរលក់ខោអាវនៅផ្សារធំថ្មី ។
បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចខណ្ឌដូនពេញធ្វើការសាកសួរ ដើម្បីកសាងសំណុំរឿងបញ្ចូនទៅតុលាការ ៕
ចែករំលែកព័តមាននេះ