ខេត្តបន្ទាយមានជ័យ៖ស្ត្រីចំណាស់ម្ចាស់ផ្ទះម្នាក់ត្រូវភ្លើងឆេះបណ្តាលឱ្យរងរបួសធ្ងន់ធ្ងរត្រូវបានសមត្ថកិច្ចដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យដើម្បីសង្គ្រោះ ខណៈរថយន្តដឹកទំនិញ១គ្រឿងបើកបុកចូលផ្ទះ លក់សាំងនិងលក់ភេសជ្ជៈបង្កជាអគ្គិភ័យកើតឡើង។
ចំណែកអ្នកបើករថយន្តបានរត់គេចខ្លួនបាត់ ខណៈអគ្គិភ័យកំពុងឆាបឆេះឡើង។ភ្លាមៗនោះរថយន្តពន្លត់អគ្គិភ័យរបស់ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យចំនួន២គ្រឿងចេញជួយអន្តរាគមន៍បាញ់ទឹកពន្លត់ទាន់ពេលវេលាមិនឱ្យភ្លើងបន្តទៅឆាបឆេះផ្ទះអស់ផ្ទះទាំងមូលនោះឡើយ។ហេតុការណ៍កើតឡើងកាលពីវេលាម៉ោង៣និង៣០នាទីរសៀលថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០១៥ នៅ ចំណុចផ្លូវកាច់កែងមួយកន្លែងក្បែរសាលា ក្រុងសិរីសោភ័ណ ស្ថិតក្នុងភូមិ២ សង្កាត់កំពង់ ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
បុរសឈ្មោះ ខន ខែម អាយុ៥០ឆ្នាំជាប្តី ប្រពន្ធឈ្មោះចែ សុជាតិ អាយុ៤០ឆ្នាំ រស់នៅភូមិសង្កាត់កើតហេតុខាងលើបានរបួសធ្ងន់ ។អគ្គិភ័យឆេះអស់តែផ្នែកខាងមុខនៃផ្ទះដែលកសាងជាតូបធ្វើអំពីថ្មប្រក់សង្ក័សីប្រវែងប្រហែល៥ម៉ែតការ៉េសម្រាប់ដាក់តាំងលក់សាំងដបនិងលក់គ្រឿងភេសជ្ជៈគ្រប់មុខ។រីឯរថយន្តបង្កដឹកផ្ទុកគ្រឿងបន្លាស់ត្រូវភ្លើងឆាបឆេះអស់ទាំងស្រុងរួមទាំងឆេះអស់ម៉ូតូ១គ្រឿង ក្នុងនោះប្រាក់អស់ប្រហែលជាង៣ពាន់ដូល្លា។
ជុំវិញនៃហេតុការដែលកើតឡើងបើតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋឃើញហេតុការណ៍ប្រាប់ឱ្យដឹងថាមុនពេលកើតហេតុគេឃើញរថយន្តធុនធំ១គ្រឿងធ្វើដំណើរពីក្នុងទិសដៅ ពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុគេមិនដឹងរថយន្តនោះមានបញ្ហាអ្វីនោះទេ ស្រាប់រេចង្កូតទៅបុកដបសាំងដាក់លក់ខាងមុខតូប ចូលទៅខាងក្នុងបង្កជាអគ្គិភ័យឆាបឆេះ តែម្តង។នៅពេលនោះភ្លើងក៏បានឆាបឆេះស្ត្រីចំណាស់ម្នាក់កំពុងអង្គុយក្នុងតូបហើយគេឃើញស្ត្រីរងគ្រោះបានរត់ចេញមកក្រៅទាំងភ្លើងកំពុងឆេះ រំពេចនោះត្រូវបានប្រជាពលរដ្ឋយកទឹកមកបាញ់ពន្លត់ ហើយនគរបាលក្រុងសិរីសោភ័ណដឹកយកទៅសង្គ្រោះជីវិតនៅមន្ទីរពេទ្យ ។នៅក្នុងផ្ទះក៏មានបុរសម្នាក់ទំនងទៅទិញអីវ៉ាន បានរត់គេចខ្លួន ទាន់ពេល វេលា។រីឯអ្នកបើករថយន្តបានបំបែកកញ្ចក់រថយន្តខាងមុខរត់គេចខ្លួនបាត់ស្រមោល ។ម្ចាស់រថយន្តត្រូវ បានគេស្គាល់ថា ឈ្មោះ គីម រស់នៅក្រុងសិរីសោភ័ណ។បច្ចុប្បន្នសមត្ថកិច្ចកំពុងតែស្វែងរក ចាប់ឃាត់ខ្លួនអ្នកបើករថយន្តដើម្បីយកមកផ្តន្ទាទោសតាមច្បាប់ ៕
ចែករំលែកព័តមាននេះ