រាជធានីភ្នំពេញ ៖ ការបង្ហោះរូបថតស្ត្រីអាក្រាតល្វែងលើ ក្នុងប្រាង្គប្រាសាទខ្មែរ ដែលមានរំលេចអក្សរ WANIMAL ពិតជាបានធ្វើឱ្យឆោឡោ ដល់គ្រប់មជ្ឈដ្ឋាននានា និងបង្កឱ្យមានប្រតិកម្មដ៏ខ្លាំងក្លាមួយ ។ អាជ្ញាធរជាតិអប្សរាដែលជាស្ថាប័នទទួលខុសត្រូវ សម្រាប់តំបន់ឧទ្យានជាតិអង្គរ កាលពីថ្ងៃទី២៥ មករា បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលស្រាវជ្រាវដំបូង អំពីរូបភាពនារីអាក្រាតពាក់កណ្តាលខ្លួន ឈរនៅមុខប្រាសាទ ផ្សព្វផ្សាយតាមបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក ។
ជាលទ្ធផល ការស្រាវជ្រាវដំបូងរបស់អាជ្ញាធរជាតិអប្សរាឱ្យដឹងថា ក្រុមដែលផ្សព្វផ្សាយរូបនារីអាសអាភាស នៅមុខប្រាសាទនោះ មានឈ្មោះថា WANIMAL ដែលមានមូលដ្ឋាន និងប្រភពនៅប្រទេសចិន ។ ក្រុម WANIMAL នេះតែងតែផលិតរូបភាពបែបអាសអាភាស តាមការថតយករូបភាពផ្ទាល់នៅតាមទីតាំងជាក់ស្តែងល្បីៗនានា ជាច្រើនក្នុងពិភពលោក ឬតាមរបៀបកាត់តក្នុងស្ទូឌីយោ ។
ដើម្បីឆ្លើយតបនឹងទង្វើអសីលធម៌របស់ក្រុម WANIMAL ក្នុងការផលិត និងផ្សព្វផ្សាយរូបភាព ដែលមានខ្លឹមសារផ្ទុយស្រឡះគ្នាទាំងស្រុង ពីលក្ខណៈដ៏ពិសិដ្ឋនៃទីតាំងភូមិសាស្ត្រ និងប្រវត្តិសាស្ត្ររមណីយដ្ឋានអង្គរ ជាពិសេសធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរ ដល់ភាពថ្លៃថ្នូរនៃនារីភេទ និងអារ្យធម៌ខ្មែរ ដ៏ថ្កើងថ្កាន អាជ្ញាធរជាតិអប្សរា នឹងចាត់វិធានការតាមផ្លូវច្បាប់ ដល់ក្រុមនេះ នៅពេលណាដែលយើងមានព័ត៌មានបន្ថែមគ្រប់គ្រាន់ ។
អាជ្ញាធរជាតិអប្សរាបញ្ជាក់ថា រាល់ភ្ញៀវទេសចរដែលទិញប័ណ្ណចូលទស្សនាអង្គរ អាចថតរូបភាពផ្ទាល់ខ្លួនជាអនុស្សាវរីយ៍បាន ។ រីឯការថតខ្សែ ភាពយន្ត ការថតវីដេអូឯកសារ ឬរូបភាពឯកសារផ្សព្វផ្សាយនានា ចាំបាច់ត្រូវមានការអនុញ្ញាតពីអាជ្ញាធរជាតិអប្សរា ហើយក្នុងករណីនោះភ្នាក់ងារអាជ្ញាធរជាតិអប្សរា តែងចុះពិនិត្យតាមដានការថត ចៀសវាងការថតមិនសមរម្យ ។
ដោយឡែក ចំពោះការថតរូបភាពរបស់ក្រុម WANIMAL នេះ គឺធ្វើដោយលួចលាក់ពុំមានការអនុញ្ញាតពីអាជ្ញាធរជាតិអប្សរាឡើយ ៕
ចែករំលែកព័តមាននេះ