រាជធានីភ្នំពេញ ៖ យុវជនពីរនាក់ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ទន្លេបាសាក់ ធ្វើការឃាត់ខ្លួននៅពេលដែលកំពុងតែជិះម៉ូតូមួយគ្រឿង ក្រោយពីមានការសង្ស័យ ហើយហៅសួរនាំ និងបានប្រទះឃើញមានដាវសាម៉ូរ៉ៃព៌ណស ដងព៌ណខ្មៅ ដែលមានប្រវែងប្រហែលជាង៣តឹក មួយដើមលាក់ទុក នៅក្នុងការបូបស្ពាយ ព៌ណខ្មៅមួយរួចមក ។ ក្រុមយុវជនដែលប្រដាប់ដោយដាវសាម៉ូរ៉ៃនេះ ត្រូវបានកម្លាំងល្បាត ធ្វើការឃាត់ខ្លួន បានកាលពីវេលាម៉ោង៦ល្ងាច ថ្ងៃទី១៣ ខែមករា នៅទីក្រុងកោះពេជ្រ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។
តាមប្រភពព័ត៌មានពីមន្ត្រីនគរបាលម្នាក់បានប្រាប់ឱ្យដឹងថា យុវជនប្រដាប់ដោយដាវសាម៉ូរ៉ៃទាំងពីរនាក់ ដែលបានឃាត់ខ្លួននេះមាន ទី១-ឈ្មោះ ឡេង គឹមហុង អាយុ១៩ឆ្នាំ មានទីលំនៅក្នុងសង្កាត់បឹងកេងកងទី២ ខណ្ឌចំការមន ទី២-ឈ្មោះមួន សារ៉ាន់និមិត្ត អាយុ១៨ឆ្នាំ មានទីលំនៅក្នុងសង្កាត់និរោធ ខណ្ឌច្បាអំពៅ រួមទាំងដាវសាម៉ូរ៉ៃមួយដើម និងម៉ូតូមួយម៉ាកអាយខន់ ព៌ណក្រហមលាយខ្មៅ បាក់ស្លាកលេខភ្នំពេញ ១AD-៦៨០៧ មួយគ្រឿង ។
តាមប្រភពដដែលបានប្រាប់បន្តទៀតថា មុនពេលដែលឈានដល់ការឃាត់ខ្លួនយុវជនដែលប្រដាប់ដោយដាវសាម៉ូរ៉ៃទាំងពីរនាក់បាននោះ កម្លាំងនគរបាលប៉ុស្តិ៍ ធ្វើការល្បាតក៏បានប្រទះឃើញពួកគេ ជិះម៉ូតូមួយគ្រឿង ដោយមានការសង្ស័យ ក៏បានជិះម៉ូតូដេញតាម និងហៅអោយឈប់ដើម្បីសួរនាំ ។ ក្រោយពីបានហៅ អោយយុវជនទាំងពីរនាក់ ឈប់ម៉ូតូរួចហើយ កម្លាំងនគរបាលល្បាតរបស់ពួកគាត់ក៏បានធ្វើការសួរនាំ និងឆែកឆេរក្នុងការបូបស្ពាយព៌ណខ្មៅមួយ ដែលពួកគេស្ពាយជាប់នឹងខ្លួន ក៏ប្រទះឃើញមានដាវសាម៉ូរ៉ៃមួយដើមផងដែរ ទើបឈានទៅដល់ការឃាត់ខ្លួន ។
ក្រោយពីបានឃាត់ខ្លួនយុវជនទាំងពីរនាក់ រួមជាមួយនិងវត្ថុតាងរួចហើយ កម្លាំងនគរបាលល្បាត ក៏បាននាំខ្លួនពួកគេ មកកាន់ប៉ុស្តិ៍រដ្ឋបាលទន្លេបាសាក់ ដើម្បីធ្វើកំណត់ហេតុបញ្ជូនទៅកាន់ អធិការដ្ឋាននគរបាលខណ្ឌចំការមនជាបន្តទៅទៀត ៕
ចែករំលែកព័តមាននេះ