រាជធានីភ្នំពេញ ៖ កាលពីវេលាម៉ោង២ និង៥០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៥ នៅមុខក្លិបវ៉ាវ ឌីស្កូ តាមបណ្តោយផ្លូវជាតិលេខ៣ ក្នុងភូមិព្រៃព្រីងខាងត្បូង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែន័យ អ្នកចូលផឹកស៊ីមួយក្រុមបានបង្កទំនាស់ជាមួយបុគ្គលិកក្លិប ដេញគប់គ្នាប្រសាចពេញមុខក្លឹបសុទ្ធតែដុំថ្ម និងសំបកដបរាយពេញមុខក្លឹប ធ្វើឲ្យលោកនាយរងប៉ុស្តិ៍ចោមចៅម្នាក់រងរបួសស្រាល បន្ទាប់មកសមត្ថកិច្ចបានបាញ់គំរាម២គ្រាប់ ដោយខ្លាចក្រុមទំនាស់ទាំងនោះដេញវាយអ្នកយកព័ត៌មាន ។
ប្រភពព័ត៌មានពីបុគ្គលិកក្លិបវ៉ាវឌីស្កូបានឲ្យដឹងថា មុនពេលកើតហេតុជនបង្កមានគ្នា៣នាក់ជិះម៉ូតូវីវ៉ា១គ្រឿងចូលទៅផឹកស៊ីក្នុងក្លិប លុះដល់ម៉ោងកើតហេតុខាងលើក៏មានទំនាស់វាយតប់ជាមួយបុគ្គលិកក្លិប បណ្តាលឲ្យរងរបួសម្នាក់ ហើយជនបង្កបានរត់ចេញមកក្រៅយកដុំថ្មគប់ចូលទៅក្នុងក្លិប ធ្វើឲ្យបុគ្គលិកក្លិបទាំងប្រុសទាំងស្រីជាង១០នាក់កាន់សំបកគ្រប់ដៃ រត់ចេញពីក្នុងក្លិបដេញតាមគប់ជនបង្កវិញ ធ្វើឲ្យជនបង្កភ័យបានរត់ចោលម៉ូតូវីវ៉ា១គ្រឿងនៅកន្លែងកើតហេតុ ។ ភ្លាមៗនោះ ប៉េអឹមដែលយាមនៅមុខក្លឹបនោះបានយកម៉ូតូវីវ៉ានោះទៅរក្សាទុកនៅទីបញ្ជាការកងរាជអាវុធហត្ថខណ្ឌពោធិ៍សែនជ័យ ។
ក្នុងហេតុការណ៍គប់ដុំថ្ម និងគប់សំបកដបទៅវិញទៅមកនោះ ធ្វើឲ្យសំបកដប និងដុំថ្មនៅរាយប៉ាយពេញខាងមុខក្លិប និងត្រូវលោកនាយរងប៉ុស្តិ៍ចោមចៅម្នាក់ត្រូវមួយសំបកដប រងរបួសស្រាល មិនតែប៉ុណ្ណោះក៏មានអ្នកយកព័ត៌មានទូរទស្សន៍អាស៊ីអាគ្នេយ៍ដែលរត់ទៅស្ទាក់ក្នុងហេតុការណ៍ដែរនោះបានដួលម៉ូតូ ត្រូវបានបុគ្គលិកក្លិបស្មានតែជាបក្សពួករបស់ជនបង្ក បម្រុងគប់នឹងសំបក ឃើញបែបនេះសមត្ថកិច្ចបានបាញ់គំរាម២គ្រាប់ ទើបបែកហ្វូងអស់ ។
សមត្ថកិច្ចបានឲ្យដឹងថា ក្លិបខាងលើនេះវាយតប់គ្នាស្ទើររាល់យប់ សូម្បីតែអ្នកយកព័ត៌មាន និងអ្នកធ្វើដំណើរឆ្លងកាត់មុខក្លិបខាងលើនេះជារៀងរាល់យប់ក៏មានការភ័យខ្លាចដែរមិនដែលហ៊ានសម្លឹងមើលឆ្វេងស្តាំទេ ជិះមកដល់ចំណុចខាងលើគឺជិះត្រង់ទៅមុខ ព្រោះកន្លងមានអ្នកជិះកាត់មុខក្លិបមួយចំនួនត្រូវបានជនដៃដល់រត់ចាប់ទាញវាយទក់សាច់ក៏មានដែរ ៕
ចែករំលែកព័តមាននេះ