ខេត្តពោធិ៍សាត់ ៖ បុរសម្នាក់បានបាត់ពីផ្ទះតាំងពីយប់ថ្ងៃទី០៧ មករា មកម្ល៉េះ រួមទាំងម៉ូតូម៉ាកហុងដាស៊េរី២០១៤ ព៌ណខ្មៅ មួយគ្រឿងផង។ លុះមកដល់ថ្ងៃទី១២នេះ វេលាម៉ោង១២ថ្ងៃត្រង់ ស្រាប់តែគេប្រទះឃើញសពហើមស្អុយរលួយនៅក្នុងពំនូកចំបើងត្រង់ចំណុចទួលព្រះធាតុ ស្ថិតក្នុងភូមិអន្លង់ហាប ឃុំកោះជុំ ស្រុកកណ្ដៀង ដែលសមត្ថកិច្ចសន្និដ្ឋានថា ជាករណីប្លន់សម្លាប់យកម៉ូតូ។
សមត្ថកិច្ចមូលដ្ឋានឲ្យដឹងថា ជនរងគ្រោះឈ្មោះហេង សេងលី ហៅង៉ោល ភេទប្រុស អាយុ៣៦ឆ្នាំ រស់នៅភូមិផ្ទះស្រែ ឃុំស្វាយលួង ស្រុកកណ្ដៀង មានមុខរបរជាជាងតភ្លើង។ តាមការផ្ដល់ព័ត៌មានពីស្ត្រីជាភរិយាបានប្រាប់ឲ្យដឹងថា ប្ដីរបស់នាងបានបាត់ពីផ្ទះតាំងពីយប់ថ្ងៃទី០៧ មករា មកម្ល៉េះ។ កាលនោះវេលាម៉ោងប្រមាណ៨យប់គាត់ជិះម៉ូតូចេញពីផ្ទះដោយប្រាប់ថាជូនមិត្តភក្កិនៅឯចុងភូមិដែលទើបនឹងមកពីធ្វើកម្មករនៅឯប្រទេសថៃបានប៉ុន្មានថ្ងៃទៅហូបអីនៅក្នុងទីរួមខេត្តមួយភ្លែត ហើយក៏បាត់រហូតតែម្ដងទៅ។
រយៈពេលប៉ុន្មានថ្ងៃដែលបាត់ខ្លួននោះនាង និងបងប្អូនបាននាំគ្នាដើររក និងសាកសួរគ្រប់ទីកន្លែង ប៉ុន្តែពុំមានអ្នកណាបានឃើញទេ។ លុះមកដល់ថ្ងៃទី១២ មករា វេលាម៉ោង១២ថ្ងៃត្រង់នេះស្រាប់តែគេប្រទះឃើញសពនៅក្នុងពុំនូកចំបើងដែលហើមស្អុយរលួយទៅហើយនៅចំណុចទួលព្រះធាតុ ស្ថិតក្នុងភូមិអន្លង់ហាប ឃុំកោះជុំ។
សមត្ថកិច្ចបានពិនិត្យសាកសពឃើញមានស្នាមផុងលលាដ៏ក្បាលពីក្រោយ ហើយនៅក្បែរនោះមានគល់ឫស្សីប៉ុនកំភួនដៃមនុស្សចាស់មួយដើមប្រវែងប្រហែលមួយម៉ែត្រ និងស្បែកជើងរបស់ជនរងគ្រោះមួយគូរផងដែរ បន្ទាប់ពីពិនិត្យសាកសពរួចសមត្ថកិច្ចបានធ្វើការសន្និដ្ឋានថា ជាករណីប្លន់សម្លាប់យកម៉ូតូ ហើយសាកសពជនរងគ្រោះក៏ត្រូវក្រុមគ្រួសារធ្វើពិធីបូជានៅនឹងកន្លែងកើតហេតុនោះតែម្ដង។
បន្ទាប់ពីស៊ើបសួរ និងស្រាវជ្រាវមក សមត្ថកិច្ចបានកំណត់មុខសញ្ញាជនដៃដល់បានហើយ ប៉ុន្តែមិនទាន់ចាប់ខ្លួនបាននៅឡើយទេ ដោយសារជននោះបាត់ខ្លួនពីស្រុកភូមិតាំងពីយប់ជាមួយគ្នានោះដែរ។ ប្រភពព័ត៌មានឲ្យដឹងថា ជនដៃដល់ធ្វើកម្មករនៅប្រទេសថៃទើបតែមកស្រុកភូមិបានប៉ុន្មានថ្ងៃប៉ុណ្ណោះ ហើយក៏ជាមនុស្សញៀនថ្នាំផងដែរ៕
ព័ត៌មានលម្អិតនឹងផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព
ចែករំលែកព័តមាននេះ