ខេត្តកណ្តាល ៖ ស្ត្រីចិត្តសឿងព្រៃផ្សៃម្នាក់បានត្រូវនគរបាលខេត្តសហការជាមួយនគរបាលស្រុកកោះធំស្រាវជ្រាវ និងឃាត់ខ្លួន កាលពីវេលាម៉ោង៩យប់ ថ្ងៃទី២ មករា ឆ្នាំ២០១៥ បន្ទាប់ពីបានយកកំណាត់ឈើកាំរទេះគោរវាយសម្លាប់ស្ត្រីម្ចាស់បំណុលកាលពីរសៀលថ្ងៃទី៣១ ធ្នូ ឆ្នាំ២០១៤ នៅក្នុងបន្ទប់ក្រោមផ្ទះរបស់ខ្លួនស្ថិតក្នុងភូមិពោធិ៍បាន ឃុំពោធិ៍បាន ស្រុកកោះធំ ហើយយកសពដាក់ក្នុងកញ្ឆេរយកទៅទំលាក់ចោលក្នុងទឹកទន្លេ ព្រោះខឹងមកទារមាសនៅជំពាក់មួយជី ស្រែកឡូឡាខ្លាចខ្មាស់គេ និងខ្លាចប្ដីដឹង។
សពស្ត្រីរងគ្រោះត្រូវបានគេប្រទះឃើញអណ្តែតតាមខ្សែទឹកទន្លេបាសាក់ កាលពីរសៀលថ្ងៃទី២ មករា ឆ្នាំ២០១៥ មកទើនៅចំណុចក្បាលកោះថ្មី ស្ថិតក្នុងភូមិកោះថ្មី ឃុំកោះធំ(ក) ស្រុកកោះធំ រួចមកកម្លាំងនគរបាលស្រុកកោះធំ សហការជាមួយកម្លាំងបច្ចេកទេសខេត្តចុះធ្វើការពិនិត្យ និង ស្រាវជ្រាវរហូតឈានដល់ធ្វើការឃាត់ខ្លួនជនដៃដល់ដែលបានវាយសម្លាប់ស្ត្រីរងគ្រោះ ។
លោកវរៈសេនីយ៍ត្រី មុយ ចាន់ពេជ្រ អធិការនគរបាលស្រុកកោះធំបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ឡឹង កូលាប ភេទស្រី អាយុ២៥ឆ្នាំ មុខរបរ កសិករ មានទីលំនៅភូមិពោធិ៍បាន ឃុំពោធិ៍បាន ស្រុកកោះធំ ។ ចំណែកស្ត្រីរងគ្រោះមានឈ្មោះ ស្រ៊ុន ស្រិុន អាយុ៧៧ឆ្នាំ មុខរបរចងការប្រាក់ មានទីលំនៅក្នុងភូមិ-ឃុំជាមួយគ្នា ។
ជនដៃដល់ឈ្មោះ ឡឹង កូលាប បានសារភាពប្រាប់សមត្ថកិច្ចនគរបាលថា នៅវេលាម៉ោង១ និង៣០នាទីរសៀល ថ្ងៃទី៣១ ធ្នូ ឆ្នាំ២០១៤ ជនរងគ្រោះបានមកផ្ទះរបស់ខ្លួន ដើម្បីទារប្រាក់ដែលខ្លួននៅជំពាក់១ជីមាស។ ពេលនោះខ្លួនបានប្រាប់ជនរងគ្រោះជាម្ចាស់បំណុលថា ខ្លួនមិនទាន់មានមាសសងទេ ពេលនោះជនរងគ្រោះក៏បានស្រែកជេរ ហើយឡូឡាខ្លាំងៗ ដោយអង្គុយក្នុងបន្ទប់ថ្មខាងក្រោមផ្ទះ ។ នៅពេលនោះដែរខ្លួនបានប្រាប់ជនរងគ្រោះកុំមាត់ឡូឡាខ្លាំងពេក ព្រោះខ្លាចប្តី និងម្តាយខ្លួន ព្រមទាំងអ្នកជិតខាងដឹងខ្មាស់គេ តែជនរងគ្រោះនៅតែឡូឡា ទើបខ្លួនមានគំនិតសម្លាប់ជនរងគ្រោះចោល ។
នៅព្រឹកថ្ងៃទី៣ មករា ឆ្នាំ២០១៥ សមត្ថកិច្ចនគរបាលជំនាញបាននាំខ្លួនជនសង្ស័យទៅកាន់លំនៅឋានឲ្យធ្វើត្រាប់តាមសកម្មភាពវាយសម្លាប់ជនរងគ្រោះ រួចអូសសាកសពយកទៅទម្លាក់នៅក្នុងទឹកទន្លេបាសាក់នោះ និងបានកសាងសំណុំរឿងដើម្បីបញ្ជូនជនសង្ស័យទៅកាន់តុលាការ ផ្ដន្ទាទោសតាមច្បាប់ ។
ព័ត៌មានលំអិតនឹងមានផ្សាយជូននៅលើទំព័រសារព័ត៌មានកោះសន្តិភាព
ចែករំលែកព័តមាននេះ