រាជធានីភ្នំពេញ ៖ បុរសម្នាក់ជិះម៉ូតូតែម្នាក់ឯងត្រឡប់មកពីដើរលេងវិញ ក៏ជួបប្រទះនិងបុរសមួយក្រុមមានគ្នា៤នាក់ ដែលជាគូទំនាស់ចាស់ក៏បាននិយាយឌឺដងដាក់គ្នារហូតឈានទៅវាយតប់គ្នាទៅវិញទៅមក ហើយភាគីខាងគ្នា៤នាក់បានដកកាំភ្លើងបាញ់ភាគីជម្លោះរបស់ខ្លួនដែលមានតែម្នាក់ឯង បណ្តាលឱ្យត្រូវមួយគ្រាប់ធ្លាយពីត្រគាកឆ្វេងទៅត្រគាកខាងស្តាំរងរបួសធ្ងន់ត្រូវបានក្រុមអ្នករត់រឺុម៉កម៉ូតូដឹកទៅសង្រ្គោះនៅមន្ទីរពេទ្យ ។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ១ និង ៥០នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី ១៦ ធ្នូ ២០១៤ នៅចំណុចក្បែរផ្សារសូរិយាស៊ីធីម៉ល តាមផ្លូវលេខ១៧២ ស្ថិតក្នុងសង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនពេលកើតហេតុបុរសរងគ្រោះបានជិះម៉ូតូហុងដាឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០១៥ ពណ៌ខ្មៅមួយគ្រឿង ពាក់ស្លាកលេខ2P-2839 ដោយធ្វើដំណើរត្រឡប់មកពីដើរលេងតែម្នាក់ឯង ខណៈមកដល់ចំណុចកើតហេតុ ក៏បានជួបគ្នាជាមួយបុរសមួយក្រុមមានគ្នា៤នាក់ដែលធ្លាប់ជាគូជម្លោះនិងគ្នា ជិះម៉ូតូពីរគ្រឿង មិនមានពាក់ស្លាកលេខ (ម៉ូតូស្គូពី និង ម៉ូតូហុងដាឌ្រីម ) ។ ពេលនោះក្រុមបុរស៤នាក់ បាននិយាយទៅបុរសរងគ្រោះថា < ម៉េចចង់លេងជាមួយក្រុមអញផង! > ហើយបុរសរងគ្រោះក៏បានឆ្លើយតបទៅវិញថា <<អើអញចង់លេងជាមួយ!>> គ្រាន់តែជនរងគ្រោះនិយាយចប់ភ្លាមភាគីទាំងពីរក៏បានវាយតប់គ្នាទៅវិញមក ។ ក្នុងពេលនោះដែរបុរសរងគ្រោះក្រលែកឃើញភាគីជម្លោះរបស់ខ្លួនមានកាំភ្លើងក៏ស្រែកឱ្យគេជួយតែគ្មានអ្នកណាហ៊ានចូលជួយនោះទេ ហើយជនរងគ្រោះក៏ត្រូវភាគីជម្លោះបាញ់មួយគ្រាប់ធ្លាយពីត្រគាកខាងឆ្វេងទៅត្រគាកខាងស្តាំ រងរបួសធ្ងន់ត្រូវបានអ្នករត់រឺុម៉កម៉ូតូជួយដឹកទៅសង្រ្គោះនៅមន្ទីរពេទ្យ ។
ក្រោយពេលកើតហេតុមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញបានបញ្ជាឱ្យកូនចៅក្រោមឱវាតចេញប្រតិបត្តិការភ្លាមៗតាមចាប់ម៉ូតូស្កូពី និងហុងដាឌ្រីម អត់ពាក់ស្លាកលេខដើម្បីយកមកសួរនាំពេលនោះកម្លាំងប៉េអឹមក៏បានឃាត់ម៉ូតូស្គូពីមួយគ្រឿងអត់មានពាក់ស្លាកលេខនៅចំណុចមុខវត្តនាគវ័ន្តដើម្បីយកមកសាកសួរ ។
ចែករំលែកព័តមាននេះ