រាជធានីភ្នំពេញ ៖ គូសង្សារមួយគូចេញពីកម្មវិធីខួបកំណើតមិត្តភក្តិ បើកម៉ូតូឌុបគ្នាត្រឡប់ទៅផ្ទះវិញ ។ធ្វើដំណើរដល់ពាក់កណ្តាលផ្លូវក៏ឈប់ម៉ូតូដូរគ្នាបើកវិញដោយសារតែបុរសជាសង្សារស្រវឹងធ្លាក់ភ្នែកបើកម៉ូតូរេពេញផ្លវ ហើយពេលនោះមានជនសង្ស័យម្នាក់ដើរមកវាយនារីជាសង្សារដណ្តើមយកកាបូប ដោយមានការប្រទាញប្រទង់គ្នាទៅវិញទៅមក តែដោយសារជនសង្ស័យឃើញឱកាសល្អ ក៏ប្រលែងកាបូប រួចអូសម៉ូតូនារីរងគ្រោះឡើងជិះគេចខ្លួនបាត់ទៅ ខណៈបុរសដែលជាសង្សារនារីរងគ្រោះ ស្រវឹងលែងជួួយអីបាន ។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១២ អាធ្រាត្រឈានចូលថ្ងៃទី ១៦ ធ្នូ ២០១៤ នៅចំណុចទល់មុខផ្ទះបើកបម្រើសេវាកម្មអីុនធើណែត២៤ម៉ោង << full day net >> ក្បែរអង់តែនទួលគោក តាមបណ្តោយផ្លូវលេខ៣៥៤ ស្ថិតក្នុងសង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។ នារីរងគ្រោះមានឈ្មោះ ស្រី មុំ អាយុ២៤ឆ្នាំ រស់នៅក្នុងសង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ ចំណែកបុរសជាសង្សារមានឈ្មោះ ភារុណ រស់នៅក្នុងសង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនពេលកើតហេតុនារីរងគ្រោះនិងសង្សារបានចេញពីកម្មវិធីខួបកំណើតមិត្តភក្តិនៅទឹកថ្លា ហើយបានជិះម៉ូតូម៉ាកស្មាសរីវ៉ូ ស៊េរីឆ្នាំ២០១០ មួយគ្រឿងបើកឌុបគ្នាក្នុងគោកបំណងទៅផ្ទះនៅសង្កាត់ឬស្សីកែវ ខណៈបើកម៉ូតូមកដល់ចំណុចកើតហេតុនារីរងគ្រោះបានប្រាប់ឱ្យបុរសជាសង្សារឈប់ម៉ូតូទុកឱ្យនាងជាអ្នកឌុបវិញ ព្រោះថាបុរសជាសង្សារស្រវឹងធ្លាក់ភ្នែកបើកម៉ូតូរេពេញផ្លូវ ។ ពេលដែលនារីរងគ្រោះឡើងជិះម៉ូតូម្រុងបើកចេញទៅនោះ ក៏ស្រាប់តែមានជនសង្ស័យម្នាក់បានវាយនារីរងគ្រោះនិងបានទាញកាបូបនារីរងគ្រោះម្រុងរត់គេចខ្លួន តែនារីរងគ្រោះបានប្រទាញប្រទង់យកកាបូបពីជនសង្ស័យមកវិញ ។ ពេលប្រទាញប្រទង់គ្នាចុះឡើងជនសង្ស័យបានក្រលែកឃើញសោនៅជាប់នឹងម៉ូតូ ក៏បានប្រលែងកាបូប ឱ្យទៅនារីរងគ្រោះហើយជនសង្ស័យបានទៅអូសម៉ូតូនារីរងគ្រោះកាច់សោបញ្ឆេះឡើងជិះគេចខ្លួនបាត់ស្រមោល ខណៈពេលដែលបុរសជាសង្សារនារីរងគ្រោះស្រវឹងជួយអ្វីមិនកើតនោះ ។
ក្រោយពេលកើតហេតុកម្លាំងសមត្ថកិច្ចមូលដ្ឋានបានចុះមកពិនិត្យកន្លែងកើតហេតុ នឹងនាំនារីរងគ្រោះទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងកក់១ ដើម្បីឱ្យសមត្ថកិច្ចស្រាវជ្រាវរកម៉ូតូដែលបាត់ត្រឡប់មកវិញ។
ចែករំលែកព័តមាននេះ