ខេត្តកំពង់ឆ្នាំង ៖ ស្ត្រីម្នាក់បានមកទ្រហោយំរៀបរាប់ប្រាប់ភ្នាក់ងារកោះសន្តិភាព ដើម្បីឱ្យជួយរូបគាត់ដែលជាស្ត្រីរងគ្រោះផង ព្រោះគាត់គ្មានប្រាក់កាសសម្រាប់ដើររកកូនស្រីដែលបាត់ចេញពីផ្ទះដោយការចាញ់បោកគេនោះទេ ណាមួយប្តីគំរាមថា នឹងលែងលះគ្នា បើសិនគាត់រកកូនស្រីមិនឃើញ ។ គាត់បន្តថា កូនស្រីគាត់បានបាត់ចេញពីផ្ទះចំនួន២០ថ្ងៃមកហើយ ដែលសង្ស័យចាញ់បោកគេយកទៅលក់ ។
ស្ត្រីរូបនេះឈ្មោះ លាវ ពៅ អាយុ៤៤ឆ្នាំ មានទីលំនៅភូមិកំពង់អូស សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ។ គាត់រៀបរាប់ថា កាលពីថ្ងៃទី៨ វិច្ឆិកា ២០១៤ មានយុវជនម្នាក់នៅក្នុងភូមិជាមួយគ្នាមកបបួលកូនស្រីគាត់ទៅធ្វើការនៅឯភ្នំពេញ ហើយក៏បាត់ដំណឹងឈឹងអស់រយៈពេល២០ថ្ងៃហើយ នៅតែពុំអាចទាក់ទងគ្នាតាមទូរស័ព្ទបានឡើយ ធ្វើឱ្យគាត់មានការព្រួយបារម្ភជាខ្លាំង ។
ស្ត្រីរូបនោះបន្តថា ប្តីរបស់គាត់ឈ្មោះ ឈឺន នៅ អាយុ៤៨ឆ្នាំ ប្រកបរបរនេសាទត្រី ពួកគាត់មានកូន៥នាក់ ឯកូនស្រីដែលបាត់ឈ្មោះ ឈឺន ឆដា អាយុ១៨ឆ្នាំ ជាកម្មការិនីធ្វើទឹកបរិសុទ្ធឱ្យសិប្បកម្មមួយនៅក្នុងក្រុងកំពង់ឆ្នាំង ។ កាលពីថ្ងៃទី៨ វិច្ឆិកា ២០១៤ យុវជនម្នាក់ឈ្មោះឡាំ អាយុប្រមាណ១៨ឆ្នាំ បានមកលួងលោមបបួលកូនស្រីគាត់ថា បើព្រមទៅធ្វើការនៅភ្នំពេញ គេមានកន្លែងមួយ ហើយផ្តល់ប្រាក់ខែ២០០ដុល្លារក្នុងមួយខែ ។ ដោយសារជីវភាពក្រុមគ្រួសារក្រីក្រ ហើយឪពុកម្តាយជួលផ្ទះគេនៅ ម្យ៉ាងឈ្មោះឡាំ នេះជាអ្នកភូមិជាមួយគ្នាផង គាត់ជាម្តាយក៏យល់ព្រមឱ្យឈ្មោះឡាំ នាំកូនស្រីទៅរកការងារធ្វើនៅភ្នំពេញ ។
នៅពេលទៅធ្វើការបាន៥ថ្ងៃដំបូង គាត់បានទូរស័ព្ទទៅជួបកូនស្រី តែឈ្មោះឡាំ ជាអ្នកលើកទូរស័ព្ទជំនួសកូនស្រីគាត់ទៅវិញ ។
គាត់មិនបានជួបផ្ទាល់មាត់ជាមួយកូនស្រីគាត់ឡើយ ដោយគ្រាន់តែដឹងតាមរយៈឈ្មោះឡាំ ថា កូនស្រីគាត់សុខសប្បាយជាធម្មតាទេ ហើយទូរស័ព្ទទៅលើកណា ក៏ជួបតែឈ្មោះឡាំ ដែរ ។ ក្រោយមកក៏បាត់ដំណឹងឈឹង និងទូរស័ព្ទហៅលែងចូលតែម្តង ។
ប្រភពដដែលបន្តថា នៅម៉ោង៣និង៣០នាទីរសៀលថ្ងៃទី២៧ វិច្ឆិកា ២០១៤ គាត់បាន ទូរស័ព្ទទៅកូនម្តងទៀត ក៏ជួបនឹងបុរសម្នាក់ដែលអះអាងថា គេឈ្មោះម៉ាក់ ជាបងប្រុស របស់ឈ្មោះឡាំ ហើយនិយាយថា កាលពីថ្ងៃទី៨ វិច្ឆិកា ២០១៤ រូបគេ (ឈ្មោះម៉ាក់) បានទៅទទួលយកនារីឈ្មោះ ឈឺន ឆដា ពីចំណតរថយន្តសូរិយាក្រុងភ្នំពេញមែន ប៉ុន្តែនាងនៅបានតែ២ថ្ងៃទេ ក៏វិលត្រឡប់ទៅផ្ទះវិញហើយ ។
ស្ត្រីជាម្តាយនារីរងគ្រោះរៀបរាប់ទាំងទឹកភ្នែករហាមថា គាត់សង្ស័យថា កូនស្រីគាត់ត្រូវគេបោកយកទៅលក់នៅកន្លែងណាមួយ ទើបនាងមិនអាចទូរស័ព្ទមកប្រាប់ឪពុកម្តាយបាន។ ក្រុមគ្រួសារគាត់ក្រីក្រណាស់ គ្មានលុយកាក់ប្តឹងប្តល់សមត្ថកិច្ចឱ្យជួយរកកូនស្រីគាត់បានទេ ហេតុនេះគាត់សូមសំណូមពរដល់សារព័ត៌មានកោះសន្តិភាព មេត្តាជួយចុះផ្សាយស្វែងរកកូនឱ្យគាត់ផង ។ គាត់ក៏បានអំពាវនាវដល់គ្រប់ស្ថាប័ន និងអាជា្ញធរគ្រប់ទីកន្លែង បើសិនជាបានឃើញនារីដូចក្នុងរូបថតនេះ សូមមេត្តាជួយផ្តល់ដំណឹងឱ្យគាត់ផង ឬបើកូនស្រីបានទទួលដំណឹងនេះ សូមកូនទូរស័ព្ទមកអ្នកផ្ទះផង ដើម្បីកុំឱ្យអ្នកផ្ទះព្រួយបារម្ភ ។
នៅល្ងាចថ្ងៃទី២៨ វិច្ឆិកា ភ្នាក់ងារកោះសន្តិភាពប្រចាំខេត្តកំពង់ឆ្នាំងបានរាយការណ៍ទៅលោកឧត្តមសេនីយ៍ត្រី ប្រាក់ វុឌ្ឍី ស្នងការនគរបាលខេត្ត ដើម្បីឱ្យលោកជួយអន្តរាគមន៍ហើយលោកបានសំណូមពរឱ្យម្តាយនារីរងគ្រោះមកដាក់ពាក្យបណ្តឹងនៅការិយាល័យនគរបាលប្រឆាំងការជួញដូរមនុស្សខេត្ត ។ ការដាក់ពាក្យប្តឹងមិនតម្រូវឱ្យបង់ប្រាក់អ្វីឡើយ ហើយលោកស្នងការមានប្រសាសន៍ថា លោកនឹងអន្តរាគមន៍ទៅលោកនាយការិយាល័យដើម្បីស្រាវជ្រាវជាបន្ទាន់ក្នុងរឿងខាងលើនេះ មិនអាចទុកយូរបានទេ ៕
ចែករំលែកព័តមាននេះ