ខេត្តបន្ទាយមានជ័យ ៖ មុននេះ សារព័ត៌មានក្នុងស្រុកបានដកស្រង់ប្រសាសន៍របស់លោកអនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោក កុយ គួង ទាក់ទិននឹងព័ត៌មានមួយដែលថា ក្រសួងការបរទេសបានទទួលទូរស័ព្ទពីជនរងគ្រោះម្នាក់ ក្នុងចំណោមពលករជិត៩០នាក់ ដែលប្រាប់ថា ពួកគេនិងក្មេង២នាក់ត្រូវបានមេខ្យល់ថៃឃុំឃាំងទុកនៅក្រុងបាងកក និងនៅខេត្តសាមុទ្រសាខន ហើយព្រោះតែអត់អាហារ សុំបាយបរិភោគ ក៏ត្រូវមេខ្យល់ទាត់ធាក់រហូតដល់ស្លាប់ កាលពីថ្ងៃទី៨ វិច្ឆិកា កន្លងទៅ ។
នៅព្រឹកថ្ងៃទី១០ វិច្ឆិកា លោកវរសេនីយ៍ឯក ជិន ពិសិដ្ឋ អនុប្រធានការិយាល័យទំនាក់ទំនងព្រំដែនកម្ពុជា-ថៃ ប្រាប់កោះសន្តិភាពថា ចំពោះព័ត៌មានខាងលើ ក្រោយពីការស្រាវជ្រាវរួច ទើបដឹងថាជារឿងមិនពិត ។ បញ្ហាខាងលើនេះ ធ្វើឱ្យមន្ត្រីកម្ពុជាប្រចាំប្រទេសថៃ រួមទាំងការិយាល័យទំនាក់ទំនងព្រំដែនរបស់លោក ព្រមទាំងអាជ្ញាធរនិងសមត្ថកិច្ចថៃ ញាប់ដៃញាប់ជើងយ៉ាងសស្រាក់សស្រាំធ្វើការស្រាវជ្រាវតាមព័ត៌មាននោះ ។ លោកបន្តថា ទីបំផុតអ្នកផ្តល់ព័ត៌មានក៏បិទទូរស័ព្ទ មិនអាចទាក់ទងបាន ហើយក្នុងខេត្តខាងលើ ទាំងមន្ត្រីកម្ពុជា ទាំងមន្ត្រីនិងសមត្ថកិច្ចថៃ សហការគ្នាស្វែងរក មិនឃើញកើតមានករណីនេះទេ ។ មិនមែនមានតែមន្ត្រីក្រសួងការបរទេសនោះទេ ដែលទទួលទូរស័ព្ទពីជនម្នាក់ប្រាប់ពីរឿងរ៉ាវខាងលើ ការពិតព័ត៌មានមួយនេះត្រូវលោកវរសេនីយ៍ឯក ជិន ពិសិដ្ឋ ប្រាប់ថា កាលពីថ្ងៃទី៨ វិច្ឆិកា នោះ មន្ត្រីរបស់លោកម្នាក់ គឺលោកវរសេនីយ៍ត្រី ឡុន ថាណាក់ ប្រចាំការនៅច្រកតំបន់ម៉ាឡៃ ក៏បានទទួលព័ត៌មានពីបុរសម្នាក់នោះដែរ ។
ជននោះប្រាប់ថា ខ្លួននិងពលករជាង៨០នាក់ផ្សេងទៀត ត្រូវគេឃុំឃាំងធ្វើទារុណកម្ម ហើយមេខ្យល់ថៃ បានទាត់ធាក់ក្មេងពីរនាក់ស្លាប់ ។ លោក ជិន ពិសិដ្ឋ បញ្ជាក់ថា ករណីខាងលើនេះ ក្រោយពីបានដឹងភ្លាម ខាងការិយាល័យរបស់លោកមិនបានព្រងើយកន្តើយទេ ។ បន្ទាប់ពីរាយការណ៍ទៅថ្នាក់លើ ក៏ទទួលបញ្ជាមកវិញឱ្យសហការជាមួយភាគីថៃតាមរយៈការិយាល័យទំនាក់ទំនងព្រំដែនថៃ-កម្ពុជា ចុះស្រាវជ្រាវក្នុងខេត្តខាងលើ តែទីបំផុតពុំបានរកឃើញតាមព័ត៌មានដូចជនម្នាក់នោះរាយការណ៍ឡើយ មិនតែប៉ុណ្ណោះ អ្នករាយការណ៍តាមទូរស័ព្ទនោះ បានបិទទូរស័ព្ទថែមទៀត ។
គួរបញ្ជាក់ថា កន្លងមកករណីមួយធ្លាប់កើតមានស្រដៀងគ្នានេះដែរ ដោយបុរសម្នាក់បានមកកុហកប្រាប់អ្នកសារព័ត៌មានថា ប្រពន្ធខ្លួនត្រូវជនជាតិថៃមួយក្រុមចាប់រំលោភ ហើយសម្លាប់កាត់ដៃកាត់ជើងទម្លាក់ក្នុងលូ ដង្ហោយរកគេឯងឱ្យជួយ តែគ្មានអ្នកជួយ ។ គ្រានោះសារព័ត៌មានក្នុងស្រុកក៏បានចុះផ្សាយ តែទីបំផុតមន្ត្រី និងសមត្ថកិច្ច កម្ពុជា-ថៃ សហការគ្នាចុះស្រាវជ្រាវ បែរជាត្រូវបុរសម្ចាស់ដើមរឿងសារភាពថា ជារឿងមិនពិតទៅវិញ ព្រោះតែប្រពន្ធ ខ្លួនត្រូវម្តាយក្មេកបំបែក ហើយដោយខ្លួននឹកប្រពន្ធពេក ទើបកុហកបែបនេះទៅ ។ ទោះបីជាបែបណា ការបំពុលបរិយាកាសដោយប្រឌិតរឿងមិនពិតបែបនេះ ធ្វើឱ្យមានការប៉ះពាល់ដល់សភាពការណ៍ផ្សេងៗ ដែលយើងមិនអាចនឹកស្មានដល់ ៕
ចែករំលែកព័តមាននេះ