ខេត្តពោធិ៍សាត់ ៖ ផ្ទះឈើមួយខ្នងប្រក់ស្បូវ ក្រាលក្ដារជញ្ជាំងស្លឹក ទំហំ៥ម៉ែត្រគុណនឹង៦ម៉ែត្រ បានក្លាយជាចំណីអគ្គិភ័យបន្សល់ទុកតែគ្រោងឆ្អឹង និងផេះផង់ ដោយសារភ្លើងចង្ក្រាន ខណៈពេលដែលម្ដាយរវល់តែទៅច្រូតស្មៅឲ្យគោក្របីស៊ីទុកកូនតូចៗឲ្យនៅផ្ទះដាំបាយ។ ករណីភ្លើងឆេះផ្ទះនេះ បានកើតឡើងកាលពីថ្ងៃទី២៣ តុលា ២០១៤ នៅភូមិត្រពាំងថ្ម ឃុំស្យា ស្រុកកណ្ដៀង។ ស្ត្រីជាម្ចាស់ផ្ទះឈ្មោះឡុង អឿន បានរៀបរាប់ថា ប្ដីរបស់គាត់ឈ្មោះប៉ែន រិន ទៅធ្វើពលករនៅប្រទេសថៃ ទុកឲ្យគាត់នៅជាមួយកូនប្រុសស្រីចំនួន៣នាក់។ នៅថ្ងៃកើតហេតុនោះ គាត់រវល់ទៅច្រូតស្មៅឯវាលស្រែ ដើម្បីយកមកឲ្យគោក្របីស៊ី ទុកឲ្យកូនៗនៅចាំផ្ទះ ស្រាប់តែម៉ោងប្រហែល១០និង៣០នាទីព្រឹក ពួកគេបង្កាត់ភ្លើងចង្ក្រានដាំបាយទុកចោល ហើយក្មេងៗរវល់តែរត់លេងភ្លេចមកមើល ក៏ត្រូវខ្យល់បក់រាលឆេះជញ្ជាំង និងឆេះផ្ទះទាំងមូលតែម្ដង ដោយពុំមានអ្នកណាឃើញភ្លាមៗជួយពន្លត់ទាន់នោះឡើយ។ ទ្រព្យសម្បត្តិក្នុងផ្ទះទាំងប៉ុន្មានខូចខាតទាំងស្រុង ក្នុងនោះរបស់របរសំខាន់ៗមានស្រូវមួយតោន និងលុយមួយលានរៀល។
នៅថ្ងៃទី២៤ តុលា ២០១៤ សាខាកាកបាទក្រហមកម្ពុជាខេត្តពោធិ៍សាត់ បាននាំយកអំណោយរបស់សាខា និងសប្បុរសជនទៅផ្ដល់ជូនគ្រួសារដែលរងគ្រោះដោយភ្លើងឆេះផ្ទះនេះ ដល់លំនៅឋាន មានអង្ករ១០០គីឡូក្រាម សម្ភារប្រើប្រាស់ សម្លៀកបំពាក់ និងថវិការ ១០ម៉ឺនរៀល, អនុសាខាស្រុកកណ្ដៀង មានអង្ករ មី សម្ភារប្រើប្រាស់ និងថវិការ១០ម៉ឺនរៀល ព្រះចៅអធិកាវត្តកញ្ជរខាងជើង អង្ករ៥០គីឡូក្រាម ថវិការ៥០ម៉ឺនរៀល, លោកខូយ រីដា អភិបាលរងខេត្ត ថវិការ២០ម៉ឺនរៀល, លោកកាង ប៉េងហាក់ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត ថវិការ១០ម៉ឺនរៀល, លោកតាំង ប៊ុនហុង ថវិការ១០ម៉ឺនរៀល រួមជាមួយសប្បុរសជនជាសមាជិក សមាជិការគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត សរុប៦៥ម៉ឺនរៀលទៀត៕
ចែករំលែកព័តមាននេះ