ខេត្តបន្ទាយមានជ័យ ៖ យុវជនម្នាក់ត្រូវកម្លាំងអាវុធហត្ថខេត្តឃាត់ខ្លួន បញ្ជូនទៅសាលាដំបូងខេត្ត កាលពីព្រឹកថ្ងៃទី២២ តុលា បន្ទាប់ពីជននេះនាំក្មេងស្រីអាយុ១៤ឆ្នាំទៅរំលោភសេពសន្ថវៈនៅក្នុងផ្ទះសំណាក់ ។
លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ប្រាប់ឱ្យដឹងថា ជនសង្ស័យឈ្មោះ អ៊ុច អេម អាយុ១៩ឆ្នាំ មានលំនៅភូមិមួយ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ រីឯក្មេងស្រីរងគ្រោះអាយុ១៤ឆ្នាំ ។ លោកថា នៅពេលចាប់ខ្លួនជនជាប់ចោទ គឺកម្លាំងជំនាញបានទទួលពាក្យបណ្តឹងពីម្តាយក្មេងស្រីរងគ្រោះ ប្តឹងឈ្មោះ អ៊ុច អេម នាំកូនស្រីរបស់គាត់ទៅរំលោភបានសម្រេចនៅក្នុងផ្ទះសំណាក់ជាយក្រុង កាលពីយប់ថ្ងៃទី១៩ តុលា នៅភូមិសូភី សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ។
លោកមេបញ្ជាការរងកងរាជអាវុធហត្ថខេត្តឱ្យដឹងទៀតថា យោងតាមចម្លើយសារភាពរបស់ជនជាប់ចោទថា រូបគេបានស្គាល់ក្មេងស្រីរងគ្រោះ តាមរយៈមិត្តភក្តិ រួចនាំនាងដើរលេង ហើយក៏បបួលចូលផ្ទះសំណាក់ ដោយពុំបានបង្ខំនោះទេ គឺមានការយល់ព្រមពីនាង លុះក្រោយមកស្រាប់តែឪពុកម្តាយរបស់នាងចោទប្រកាន់ថា ចាប់រំលោភទៅវិញ ៕
ចែករំលែកព័តមាននេះ