ខេត្តបន្ទាយមានជ័យ ៖ យុវជនជំទង់ម្នាក់ត្រូវបានគេប្រទះឃើញ ដេកស្លាប់ក្នុងចម្ការអំពៅ នៅវេលាម៉ោង២និង៤០នាទី ថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៤ នៅចំណុចជិតអូរព្រំដែនកម្ពុជា-ថៃ ស្ថិតក្នុងភូមិដំបូកវិល ឃុំម៉ាឡៃ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ។
ប្រភពព័ត៌មានពីនគរបាលស្រុកម៉ាឡៃបានឲ្យដឹងថា បន្ទាប់ពីទទួលព័ត៌មានពីប្រជាពលរដ្ឋឈ្មោះ ប៉ុន រស់ បានប្រាប់ឱ្យថា មានសាកសពយុវជនម្នាក់បានដេកស្លាប់នៅចម្ការអំពៅ ក្រោយពីទទួលបានព័ត៌មានភ្លាម កម្លាំងនគរបាលស្រុកបានចុះទៅពិនិត្យមើលទើបដឹងថា សាកសពឈ្មោះ ឃឹម ហារីន ភេទប្រុសអាយុ១៦ឆ្នាំនៅភូមិត្រសេកជ្រុំ ឃុំម៉ាឡៃ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ។ បើតាមការឲ្យដឹងពីក្រុមគ្រួសារជនរងគ្រោះ បាននិយាយថា ឈ្មោះ ឃឹម ហារិន បានបាត់ពីផ្ទះរយៈពេល២យប់ មិនដឹងជាទៅណា ពេលទទួលដំណឹងស្រាប់តែស្លាប់បាត់ទៅហើយ ។
ប្រភពដដែលបានបន្តថា សពជនរងគ្រោះ សមត្ថកិច្ចបានហាមឃាត់ ដោយមិនទាន់ឲ្យសាច់ញាតិនិងក្រុមគ្រួសារទៅក្បែរទេ ព្រោះរងចាំខាងជំនាញបច្ចេកទេសវិទ្យាសាស្ត្រខេត្ត ទៅពិនិត្យនិងឈានដល់កំណត់មុខសញ្ញា ។ ប៉ុន្តែនៅកន្លែងក្បែរកើតហេតុមើលពីចម្ងាយគេសង្កេតស្នាមឈាម និងគ្របស្រាបៀរ ព្រមទាំងមានប្រដាប់ជក់ថ្នាំញៀន ។ ចំពោះករណីនេះសមត្ថកិច្ចមិនទាន់កំណត់បានមុខសញ្ញានៅឡើយទេ តែប្រសិនជាឈាមស្រែកស្បែកហៅមិនយូរមិឆាប់ជនដៃដល់នឹងត្រូវបានវែកមុខ។
ចែករំលែកព័តមាននេះ