នៅសល់តែ០៥ថ្ងៃទៀត នឹងដល់ខួបពីរឆ្នាំ នៃការយាងចូលទិវង្គត របស់អតីតព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទសម្តេចព្រះនរោត្តម សីហនុ ។ គួរបញ្ជាក់ថា ព្រះមហាវីរក្សត្រ ព្រះបាទ នរោត្តម សីហនុ ព្រះវររាជបិតាជាតិខ្មែរ និងជាព្រះបិតាឯករាជ្យជាតិបានសោយទិវង្គតដ៏គួរឱ្យសោកស្តាយ អាឡោះអាល័យពន់ពេក នៅទីក្រុងប៉េកាំង ប្រទេសចិន កាលពីវេលាម៉ោងជិត២ព្រឹក ថ្ងៃទី១៥ តុលា ២០១២ ម៉ោងនៅទីក្រុងប៉េកាំង ត្រូវជាម៉ោង១និង២០នាទី រំលងអធ្រាត្រ (ម៉ោងនៅរាជធានីភ្នំពេញ) គឺសុគតប៉ុន្មាននាទីក្រោយពេលបញ្ជូនទៅកាន់មន្ទីរពេទ្យទំនើប ប្រចាំព្រះកាយព្រះអង្គ ដោយសាររោគគាំងបេះដូង ។
ព្រះមហាវីរក្សត្រ ព្រះបាទ នរោត្តម សីហនុ បានចូលទិវង្គតក្នុងព្រះជន្មាអាយុ៩០ព្រះវស្សា នៅក្នុងការព្យាបាលអស់រយៈពេលរាប់សិបឆ្នាំប្រយុទ្ធប្រឆាំង នឹងជំងឺមហារីកគ្រាប់ឈាមដែលជាញឹកញយព្រះមហាវីរក្សត្រតែងតែ ចេញចូលផ្លាស់ប្តូរវេនគ្នានៅទីក្រុងភ្នំពេញ ដើម្បីធ្វើព្រះរាជកិច្ចប្រទេសជាតិ និងនៅទីក្រុងប៉េកាំង ដើម្បីព្យាបាលព្រះរោគ ។ ដំណឹងលាចាកលោករបស់ព្រះមហាវីរក្សត្រ (សម្តេចឪ) បានបញ្ជូនមកដល់ប្រទេសកម្ពុជាភ្លាម ធ្វើឱ្យប្រជាពលរដ្ឋខ្មែរគ្រប់រូបស្លុតស្លុងប្រមាក្តុកក្តួល ឆួលឱរាស្រណោះអាឡោះអាល័យរកទីបំផុតគ្មាន ។
ព្រះរាជកិច្ចដ៏ធំធេងទោះមេឃរលំភ្នំរលាយក៏ ប្រជាពលរដ្ឋខ្មែរមិនអាចបំភ្លេចបាននោះ គឺព្រះរាជបូជនីយកិច្ចទាមទារឯករាជ្យជាតិពីអាណាព្យាបាល បារាំង ហើយទទួលបានជោគជ័យនៃឯករាជ្យជាតិពេញលេញនៅថ្ងៃទី៩ វិច្ឆិកា ១៩៥៣ ។ ការទាមទារធ្វើជាម្ចាស់ស្របច្បាប់ពីកណ្តាប់ដៃសៀមលើប្រសាទ ព្រះវិហារ និងតំបន់ជុំវិញ ទទួលបានជោគជ័យនៅថ្ងៃទី១៥ មិថុនា ១៩៦២, ការទាមទារខេត្តទាំង៤ពីកណ្តាប់ដៃសៀមទទួលបានជោគជ័យគឺខេត្តបាត់ ដំបង, សៀមរាប, កំពង់ធំ និងស្ទឹងត្រែង, និងជាស្ថាបនិក រួមជាមួយសម្តេចតេជោ ហ៊ុន សែន បង្កើតឱ្យខ្មែរគ្រប់ភាគី រួបរួមគ្នា គឺកិច្ចចរចាសន្តិភាពក្រុងប៉ារីស ។ ក្រៅពីនេះនៅមានស្នាព្រះហស្តធំធេងទៀតនោះគឺ បង្រួបបង្រួមជាតិ និងផ្សះផ្សាជាតិ-អន្តរជាតិ ។
សូមទស្សនារូបភាព ស្តីពីសកម្មភាពនៃការចូលរួមរបស់ប្រជាពលរដ្ឋ ព្រះសង្ឃ និងថ្នាក់ដឹកនាំ ក្នុងព្រះរាជពិធីទទួល និងដង្ហែព្រះបរមសព ការគោរពព្រះវិញ្ញាក្ខន្ឋ ៖
ចែករំលែកព័តមាននេះ