ខេត្តកំពង់ធំ ៖ អំពើឆបោកដ៏កម្លៅមួយបានធ្វើឱ្យ ញ័រកក្រើកផ្សារកំពង់ធំ បន្ទាប់ពីក្រុមជនខិលខូច៣នាក់ បានយកក្រដាសប្រាក់ដុល្លារខ្មោចបន្លំទិញមាស ។ ទោះបីជាយ៉ាងណា បក្សពួកម្នាក់ក្នុងចំណោម៣នាក់នេះ ត្រូវបាននគរបាលល្បាតក្នុងផ្សារ រួមជាមួយអាជីវករព័ទ្ធចាប់បានភ្លាមៗ កាលពីថ្ងៃទី៧ តុលា បន្ទាប់ពីក្រុមខាងលើនេះ បានបន្លំយកក្រដាសដុល្លារសែនខ្មោចចំនួន២១.៧០០ដុល្លារ មកទិញមាសចំនួន៦តម្លឹង ក្នុងផ្សារកំពង់ធំ ។
ទាក់ទិននឹងហេតុការណ៍ខាងលើ សមត្ថកិច្ចនៅកន្លែងកើតហេតុបាននិយាយប្រាប់តាមការរៀបរាប់របស់ស្ត្រីម្ចាស់តូបលក់មាសថា មានមនុស្សប្រុសស្រី៣នាក់(ស្រី២នាក់ប្រុសម្នាក់) ដើរមើលតាមទូមាស និងមានបំណងចង់ចូលតូបមួយនៅក្បែរតូបគាត់ តែដោយសារតូបនោះមានមនុស្សច្រើន ក៏ដើរចេញវិញ រួចសំដៅមកតូបគាត់ ដែលមានតែគាត់នៅម្នាក់ឯង ។
ដំបូងជនទាំង៣នាក់សួរនាំពីហាំងឆេងមាស និងឱ្យគាត់ថ្លឹងមាស៦តម្លឹងឱ្យពួកគេ ។ ស្ត្រីអ្នកលក់មាសរៀបរាប់ថា ប៉ុន្តែគាត់មិនបានលក់មាសឱ្យម្តងទាំង៦តម្លឹងទេ គឺបានកាត់ថ្លឹងម្តង១តម្លឹង ត្រូវប្រគល់លុយម្តង ។ បន្ទាប់ពីថ្លឹងមាសបាន១តម្លឹង ស្ត្រីម្នាក់នោះ បានហុចបន្តទៅឱ្យបុរសជាបក្សពួកកាន់មើល ហើយស្ត្រីរូបនេះ ក៏រាប់លុយឱ្យថ្លៃមាស ។ ឆ្លៀតឱកាសនោះ បក្សពួក២នាក់ដែលកាន់មាសមើល បានគេចខ្លួនបាត់មុខភ្លាម ។ ចំណែកម្ចាស់តូបលក់មាសក្រោយពីទទួលលុយឃើញថា សុទ្ធតែជាក្រដាសដុល្លារសែនខ្មោច គាត់ក៏ស្រែកផ្អើលក្នុងផ្សារ និងបានឱ្យអ្នកលក់មាសក្បែរៗគ្នាជួយដេញចាប់បានស្ត្រីអ្នករាប់កាន់លុយ រួមជាមួយវត្ថុតាង ដុល្លារខ្មោចមួយបាច់ជាង២ម៉ឺនទៀត ។
លោកអធិការនគរបាលក្រុងស្ទឹងសែន បាននិយាយថា មាសដែលបាត់បង់មានចំនួន១តម្លឹង ហើយស្ត្រីម្នាក់ដែលត្រូវបានឃាត់ខ្លួននេះឈ្មោះ ឆាន នី អាយុ៣៥ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅក្នុងភូមិសាលាសន្ទុក ឃុំកកោះ ស្រុកសន្ទុក និងបានកសាងសំណុំរឿងបញ្ចូនទៅសាលាដំបូងខេត្ត ។
ជាមួយនឹងសកម្មភាពក្លែងបន្លំខាងលើ សមត្ថកិច្ចក៏បានធ្វើការអំពាវនាវដល់អាជីវករលក់ទិញមាស និងប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានត្រូវមានការប្រុងប្រយ័ត្នចំពោះជនឆបោក ដែលឆ្លៀតឱកាសបន្លំគ្រប់រូបភាព និងត្រូវសហការរាយការណ៍បន្ទាន់ដល់សមត្ថកិច្ច ក្នុងករណីកើតមានបញ្ហាអ្វីមួយ ៕
ចែករំលែកព័តមាននេះ