ក្រុងព្រះសីហនុ ៖ ស្ត្រីជាកម្មករចំការដូងប្រេងឧកញ៉ាម៉ុងឬទ្ធីម្នាក់ត្រូវប៊ីដុងសាំងផ្ទុះឆាបឆេះរលាករលួយពេញខ្លួន និងឆេះផ្ទះស្លឹកអស់មួយខ្នងទៀត ខណៈពេលបង្កាត់ភ្លើងដាំបាយមិនដឹងថាមានប៊ីដុងសាំងនៅជិតចង្ក្រាន។ ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង១០ព្រឹក ថ្ងៃទី៤ តុលា ២០១៤ នៅភូមិចំការខ្ញី ឃុំកែវផុស ស្រុកស្ទឹងហាវ ក្រុងព្រះសីហនុ ។
ស្ត្រីរងគ្រោះមានឈ្មោះ ហ៊ុន កញ្ញា អាយុ២៤ឆ្នាំ ជាកម្មករចំការដូងប្រេងឧកញ៉ាម៉ុង ឬទ្ធី ស្នាក់នៅភូមិកើតហេតុខាងលើមានប្តីឈ្មោះ អៀយ ឈឿន អាយុ២៥ឆ្នាំ ធ្វើការជាមួយគ្នា ។
បើតាមសម្តីបុរសជាប្តីឈ្មោះ អៀយ ឈឿន បានឲ្យដឹងថា គាត់មានកូនប្រុសម្នាក់អាយុ៣ឆ្នាំ តែកូនបានទៅរស់នៅជាមួយម្តាយ ។ ផ្ទះដែលគាត់ស្នាក់នៅរាល់ថ្ងៃជាផ្ទះស្លឹក មានកម្ពស់ពីដីប្រមាណ១ម៉ែត្រតែប៉ុណ្ណោះ ។ មុនពេលកើតហេតុប្រពន្ធបានឡើងទៅលើផ្ទះបង្កាត់ភ្លើងដាំបាយ ដោយមិនបានដឹងថាមានប៊ីដុងសាំងសម្រាប់យកទៅចាក់ម៉ាស៊ីនចំណុះប្រមាណ៤លីត្រនៅជិតចង្ក្រានទេ ។ លុះពេលបង្កាត់ភ្លើងឆេះហើយមានចំហាយក្តៅធ្វើឱ្យប៊ីដុងសាំងផ្ទុះខ្ទាតជះសាំងលើខ្លួនឆេះរលាករលួយតែម្តង និងឆាបឆេះផ្ទះស្លឹកអស់មួយខ្នងទៀត ។
បុរសជាប្តីបានឲ្យដឹងទៀតថា បន្ទាប់ពីភ្លើងឆេះផ្ទះ ឆេះទ្រព្យសម្បត្តិអស់រលីង នៅជាប់នឹងខ្លួនសល់តែលុយ៥ម៉ឺនរៀលគាត់ក៏បានខ្ចីលុយអ្នកជិតខាងបានថែមតិចតួចទៀតនាំប្រពន្ធទៅព្យាបាលនៅមន្ទីរពេទ្យស្រុកវាលរេញ តែស្ថានភាពធ្ងន់ពេកគាត់បានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យខេត្តតាកែវ ហើយទើបបញ្ជូនបន្តទៅព្យាបាលនៅមន្ទីរពេទ្យព្រះកុសុមៈ ។
តាមវេជ្ជបណ្ឌិតប្រចាំនៅមន្ទីរពេទ្យព្រះកុសុមៈបានឲ្យដឹងថា ស្ថានភាពនៃការរលាកកម្រិត៦០ភាគរយធ្ងន់ ចំណែកការព្យាបាលត្រូវប្រើប្រាស់ថ្នាំដែលមានតម្លៃថ្លៃ ទើបឆាប់ជា ៕
ចែករំលែកព័តមាននេះ