ខេត្តកំពង់ឆ្នាំង ៖ ទណ្ឌិតពន្ធនាគារខេត្តកំពង់ឆ្នាំងម្នាក់ បានកាត់ចម្រឹងបង្អួចដែក រត់ចេញរួចកាលពីចន្លោះម៉ោង១ទៅម៉ោង២រំលងអធ្រាត្រ ឈានចូលថ្ងៃទី៣០ កញ្ញា នៅពន្ធនាគារខេត្ត មានទីតាំងស្ថិតក្នុងភូមិម៉ុងបារាំង សង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង ។
មន្ត្រីនគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តបាននិយាយថា ទណ្ឌិតរូបនោះមានឈ្មោះ អៀ តាល់ អាយុ៣០ឆ្នាំ មានទីលំនៅភូមិតាកែវក្រោម ឃុំបឹងកន្ទួត ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។ ទណ្ឌិតរូបនោះជាប់ពន្ធនាគារពីបទលួចម៉ូតូ ដែលត្រូវបាននគរបាលចាប់ខ្លួនកាលពីថ្ងៃទី១០ មិនា ២០១១ ពីបទលួចមានអំពើហិង្សា ហើយត្រូវបានសាលាដំបូងខេត្តកំពង់ឆ្នាំងកាត់ទោសដាក់ពន្ធនាគាកំណត់៥ឆ្នាំ ។ ពីថ្ងៃកាត់ទោសមកដល់ថ្ងៃរត់រួចមានរយៈពេល២ឆ្នាំ៦ខែ នៅសល់តែ២ឆ្នាំ៦ខែទៀត ត្រូវបានរួចខ្លួន។ ប្រភពដដែលបន្តថា ជនសង្ស័យរូបនោះធ្លាប់ជាប់ពន្ធនាគារម្តងហើយ ពីបទប្លន់ម៉ូតូ តែក្រោយនេះខណៈកំពុងជាប់ពន្ធនាគារ ពីបទលួចម៉ូតូក៏លួចការចម្រឹងដែករត់រួចតែម្តង ។ ប្រភពឱ្យដឹងទៀតថា ចម្រឹងដែកនោះមានទំហំធំប៉ុនមេជើង ដែលត្រូវប្រើរយៈពេលយូរថ្ងៃណាស់ ទើបដាច់ទាំងលើទាំងក្រោម ។
លោក ពៅ វុទ្ធី ប្រធានពន្ធនាគារខេត្តកំពង់ឆ្នាំងបាននិយាយឱ្យដឹងថា នៅមុនពេលកើតហេតុ អំឡុងម៉ោងជិត២រំលងអធ្រាត្រ ខណៈដែលមានការប្តូរវេនយាម មន្ត្រីពន្ធនាគារ៣នាក់ម្តង និងមន្ត្រីល្បាត ក៏ត្រូវចេញល្បាតដែរ ស្រាប់តែបានប្រទះឃើញទណ្ឌិតឈ្មោះ អៀ តាល់ ឡើងលើរបងពន្ធនាគារ ភ្លាមនោះក៍បានស្រែកឆោឡោនាំគ្នាចេញដេញចាប់ តែទណ្ឌិតខាងលើបានហក់ចេញផុតពីរបងពន្ធនាគារខេត្តទៅក្រៅ ដោយស្ថានភាពយប់ងងឹតពេកធ្វើឱ្យទណ្ឌិតខាងលើរត់គេចខ្លួនបាត់។ ទណ្ឌិតខាងលើនេះនៅក្នុងបន្ទប់ឃុំឃាំង(B1)។ លោកបន្តថា ភ្លាមៗនោះដែរ លោកបានរាយការណ៍ជូនលោកអភិបាលខេត្ត និងលោកអគ្គនាយកនៃនាយកដ្ឋានពន្ធនាគារ លោកព្រះរាជអាជ្ញានិងលោកស្នងការនគបាល ព្រហ្មទណ្ឌខេត្ត។
ប្រភពពីមន្ត្រីពន្ធនាគារម្នាក់ បាននិយាយថា ការដែលរត់រួចនោះ មិនមែនរត់តែម្នាក់ទេ គឺមានបំណងរត់ចេញជាច្រើននាក់ តែដោយសារមន្ត្រីអនុរក្សដែលដើរល្បាតទាន់ទើបរត់រួចតែម្នាក់៕
ព័ត៌មានលម្អិតនឹងមានផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព
ចែករំលែកព័តមាននេះ