ខេត្តព្រះវិហារ ៖ បុរសម្នាក់ឈ្មោះ ធួន វៀច អាយុ៥៣ឆ្នាំ ត្រូវបានជនល្មើសបាញ់សម្លាប់នឹងអាវុធកែច្នៃ ឬស្នាតេស ចំពោះខាងស្តាំ ស្លាប់ភ្លាមៗនៅនឹងកន្លែង ។ តាមការឲ្យដឹងពីមន្រ្តីកងរាជអាវុធហត្ថ ខេត្តព្រះវិហារថា ករណីមនុស្សឃាតខាងលើនេះ កើតឡើងនៅចំណុច ភូមិអាចមដែក ឃុំរំដោះ ស្រុករវៀង ខេត្តព្រះវិហារ កាលពីម៉ោង៦និង៣០នាទី ថ្ងៃទី២៣ ខែកញ្ញា ។
មន្រ្តីកងរាជអាវុធហត្ថខេត្តបានឱ្យដឹងថាជនល្មើសឈ្មោះ ឆេង ខេម អាយុ៤០ឆ្នាំ មុខរបរធ្វើស្រែចម្ការ មានប្រពន្ធ មានកូនរស់នៅភូមិ កើតហេតុខាងលើ បានប្រើអាវុធកែច្នៃ បាញ់ទៅលើជនរងគ្រោះ ឈ្មោះ ធួន វៀច អាយុ៥៣ឆ្នាំ ភេទប្រុស មុខរបរធ្វើស្រែចម្ការ មានប្រពន្ធ មានកូន៥នាក់ រស់នៅភូមិកើតហេតុ ជាមួយជនល្មើស មានលំនៅឋានចម្ងាយពីគ្នាប្រហែល៤០០ម៉ែត្រ ។ មន្រ្តីកងរាជអាវុធហត្ថខេត្តបន្តថា ករណីមនុស្សឃាតខាងលើនេះ មិនមែនកើតឡើងដោយសារគំនុំនោះទេ គឺកើតឡើងដោយគ្រឿងស្រវឹង ខណៈ ដែលជនរងគ្រោះផឹកស្រាស្រវឹង និងបានកាន់ពូថៅ ដើរទៅមុខផ្ទះ ឈ្មោះ ខេម គម្រាមកាប់សម្លាប់ជនល្មើស និងជេរប្រមាថ ហើយក៏ត្រូវបានជនល្មើសបាញ់សម្លាប់តែម្តងទៅ ចំណែកជនល្មើសត្រូវ បានឃាត់ខ្លួនភ្លាមៗ និងបញ្ជូនមកកាន់បញ្ជាការដ្ឋានអាវុធហត្ថ ដើម្បីកសាងសំណុំរឿងតាមផ្លូវច្បាប់ ។
ព័ត៌មានលម្អិតនឹងមានផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព
ចែករំលែកព័តមាននេះ