ខេត្តកណ្តាល ៖ បុរសម្នាក់ដែលសកម្មខាងឆក់កាបូប ទូរស័ព្ទដៃ នៅតាមផ្លូវសាធារណៈ បានត្រូវនគរបាលក្រុងតាខ្មៅ ចាប់ខ្លួន កាលពីវេលាម៉ោង៧និង៤០នាទីយប់ថ្ងៃទី២៤ កុម្ភៈ បន្ទាប់ពីបុរសនោះបានជិះម៉ូតូធ្វើសកម្មភាពឆក់កាបូបដៃពីនារីម្នាក់ ដែលធ្វើដំណើរតាមផ្លូវបេតុង ស្ថិតក្នុងភូមិព្រែកប្ញស្សី សង្កាត់ព្រែកប្ញស្សី ក្រុងតាខ្មៅ ។
លោក ស៊ឹម ប៊ុតបណ្ឌិត អធិការនគរបាលក្រុងតាខ្មៅ បានឱ្យដឹងថា ជនសង្ស័យដែលចាប់ខ្លួនឈ្មោះ ពេញ សុខាល័យ ភេទប្រុស អាយុ២៩ឆ្នាំ មានទីលំនៅភូមិបត្តាជី សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ មុខរបរមិនពិតប្រាកដ ។ ជនសង្ស័យនេះ កន្លងមកថ្មីៗ ធ្លាប់បានធ្វើសកម្មភាពឆក់ទូរស័ព្ទពីអ្នកដំណើរបានសម្រេច ហើយគេចខ្លួន។
ប្រភពបន្តថា នៅថ្ងៃកើតហេតុខាងលើ វេលាម៉ោង៧និង៤០នាទីយប់ មានស្ត្រីម្នាក់ឈ្មោះ ហេង ដាណែត អាយុ៣១ឆ្នាំ មានទីលំនៅភូមិព្រែកតាពៅ សង្កាត់ព្រែកប្រា ខណ្ឌមានជ័យ រាជធានីភ្នំពេញ បានធ្វើដំណើរតាមផ្លូវ បេតុងមួយ ក្នុងភូមិព្រែកប្ញស្សី សង្កាត់ព្រែកប្ញស្សី ក្រុងតាខ្មៅ ដើម្បីទៅចូលរូមពិធីមង្គលការ ។ ពេលនោះជនសង្ស័យឈ្មោះ ពេញ សុខាល័យ បានជិះម៉ូតូមួយគ្រឿង ម៉ាកហុងដាSTR ពណ៌ស គ្មានស្លាកលេខ មកដល់បានធ្វើសកម្មភាពឆក់កាបូបដៃពីស្ត្រីរងគ្រោះ ប៉ុន្តែមិនបានសម្រេច ពេលនោះស្ត្រីរងគ្រោះបានស្រែកឆោឡោឡើងថា ចោរៗ ហើយស្របពេលដែលនគរបាលប៉ុស្តិ៍សង្កាត់កំពុងល្បាត ក៏ស្ទាក់ចាប់បានជនសង្ស័យភ្លាមៗតែម្តង ៕
ចែករំលែកព័តមាននេះ