ខេត្តព្រះសីហនុ ៖ យុវជនម្នាក់បានរងរបួសធ្ងន់ បន្ទាប់ពីត្រូវអ្នករកស៊ីជាមួយគ្នាកាប់ឱ្យរបួសស្ទើរស្លាប់ ខណៈពេលនាំគ្នាទៅរកទិញម៉ូតូ កាលពីវេលាម៉ោងជាង៨យប់ ថ្ងៃទី១៣ កុម្ភៈ ២០១៤ នៅចំណុចផ្លូវចូលទៅកាន់សួនទេសភាពលើភ្នំមាស ស្ថិតក្នុងភូមិ១ សង្កាត់១ ក្រុងព្រះសីហនុ។
យោងតាមការអះអាងរបស់ជនរងគ្រោះឈ្មោះខូវ សុខហេង ភេទប្រុស អាយុ២៥ឆ្នាំ មានទីលំនៅរាជធានីភ្នំពេញបាននិយាយថា រូបគេ និងជនសង្ស័យគឺជាម៉ូយរកស៊ីទិញ-លក់ម៉ូតូជាមួយគ្នាជាយូរមកហើយ។
រូបគេបានមកឱ្យជនសង្ស័យរកទិញម៉ូតូបានជាង២០គ្រឿងមកហើយពុំដែលមានបញ្ហានឹងគ្នាទេ ហើយនៅថ្ងៃកើតហេតុរូបគេបានជិះរថយន្តឈ្នួលមកពីភ្នំពេញមករកទិញម៉ូតូដូចសព្វដងក៏ត្រូវជនសង្ស័យប្រាប់ថាឱ្យមកឈប់នៅក្បែររោងចក្រញូវស្តា ព្រោះមានគេលក់ម៉ូតូម្តុំនោះ។ ឮដូចនោះរូបគេក៏បានឈប់រថយន្តតាមការណាត់ បន្ទាប់មកជនសង្ស័យបានជិះម៉ូតូម៉ាកវ៉េវអ៊ីមកដឹករូបគេចូលតាមច្រកផ្លូវលំសំដៅមកកាន់សួនទេសភាពលើភ្នំមាស ប៉ុន្តែពេលមកដល់ជិតសួនជនសង្ស័យប្រាប់ថាឱ្យនៅចាំទីនេះទៅម្ចាស់ម៉ូតូជិតមកដល់ហើយ។ ការរង់ចាំបានអូសបន្លាយពេលតាំងពីម៉ោងជិត៦ល្ងាចរហូតដល់ម៉ោងជាង៧យប់ក៏ស្រាប់តែជនសង្ស័យបានទាញកាំបិតប៉័ងតោមកលបកាប់រូបគេពីក្រោយចំកញ្ចឹង.ក ខណៈពេលរូបគេកំពុងរវល់និយាយទូរស័ព្ទ។
បន្ទាប់មករូបគេ និងជនសង្ស័យបានប្រវ៉ាយប្រតប់គ្នាមួយប្រាវ តែដោយរូបគេពុំមានអ្វីនៅដៃទើបរូបគេហក់ចូលកូនជ្រោះនៅក្បែរនោះដើម្បីគេចខ្លួនពីសេចក្តីស្លាប់រហូតបានជាងកន្លះម៉ោងទើបរូបគេដើរមកកាន់ទីភ្លឺដើម្បីឱ្យអ្នកស្រុកជួយរហូតមានមនុស្សប្រុស២នាក់បានដឹករូបគេមកកាន់គ្លីនិកឯកជន តែដោយសាររបួសធ្ងន់ពេកក៏បានបញ្ជូនបន្តមកកាន់មន្ទីរពេទ្យបង្អែកចំការចេកក្រុងព្រះសីហនុ។
បច្ចុប្បន្នជនរងគ្រោះកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យបង្អែកចំការចេក ឯជនសង្ស័យសមត្ថកិច្ចកំពុងបើការស៊ើបអង្កេតវែកមុខ ព្រោះមានពន្លឺច្រើនហើយក្នុងការឈានទៅចាប់ខ្លួន៕
ចែករំលែកព័តមាននេះ