រាជធានីភ្នំពេញ ៖ បុរសជាកម្មករសំណង់ម្នាក់ត្រូវជនសង្ស័យប្រដាប់អាវុធ២នាក់ជិះម៉ូតូមកកៀរភ្ជង់ប្លន់យកម៉ូតូម៉ាកឌ្រីមសេ១២៥ ស៊េរី២០០៦ជិះទៅបាត់ដោយសុវត្ថិភាពកាលពីវេលាម៉ោង៣ និង២០នាទីរសៀល ថ្ងៃទី២២ ធ្នូ ២០១៣ នៅចំណុចភូមិទួលគោក សង្កាត់ទួលសង្កែ ខណ្ឌប្ញស្សីកែវ ។
ម្ចាស់ម៉ូតូត្រូវគេស្គាល់ឈ្មោះធា វុទ្ធី ភេទប្រុស អាយុ២៣ឆ្នាំ ជាកម្មករសំណង់ ស្នាក់នៅផ្ទះជួលចំណុចកើតហេតុ មានស្រុកកំណើតនៅភូមិក្រឡា ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ តាមប្រភពបានឱ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះជិះគ្នា៣នាក់ចេញពីផ្ទះជួលក៏ត្រូវជនសង្ស័យ២នាក់ប្រដាប់ដោយអាវុធជិះមកដល់កៀរ រួចដកកាំភ្លើងភ្ជង់ជនរងគ្រោះឱ្យឈប់ប្លន់យកម៉ូតូ១គ្រឿងម៉ាកឌ្រីមសេ១២៥ ស៊េរី២០០៦ ពាក់ស្លាកលេខភ្នំពេញ១L៧០១៥ ជិះគេចខ្លួនដោយសុវត្ថិភាព។
បន្ទាប់ពីត្រូវចោរប្លន់ម៉ូតូរួច ជនរងគ្រោះបានទៅដាក់ពាក្យប្តឹងនៅប៉ុស្តិ៍នគរបាលទួលសង្កែឱ្យជួយអន្តរាគមន៍ស្វែងរកម៉ូតូមកវិញ៕
ចែករំលែកព័តមាននេះ