ការស្រាវជ្រាវរបស់អ្នកវិទ្យាសាស្ត្រ ពិតជាបានរកឃើញនូវការជាប់ទាក់ទងគ្នាយ៉ាងជិតស្និទ្ធរវាងអ្វីដែលយើងទទួលទាន និងដំណេកស្កប់ស្កល់ក្នុងពេលយប់ ។ ពួកអ្នកវិទ្យាសាស្ត្ររបស់សាកលវិទ្យាល័យ University of Pennsylvania សហរដ្ឋអាមេរិក បានរកឃើញថា សារធាតុចិញ្ចឹមពិតប្រាកដ អាចដើរតួនាទីយ៉ាងសំខាន់លើលំនាំនៃដំណេកប្រកបដោយសុខ ភាព ។ ពួកគេបានអះអាងថា កង្វះខាតវីតាមីន C ការបាត់បង់ជាតិទឹកឬការទទួលទានអាហារមានខ្លាញ់ច្រើនសុទ្ធតែអាចបំផ្លាញដំណេកដ៏ស្កប់ស្កល់បាន ។ បណ្តាជនដែលមិនទទួលបាន វីតាមីន C (មាននៅក្នុងក្រូចពោធិ៍សាត់ ផ្កាខាត់ណាខៀវ ម្ទេសប្លោកនិងបណ្តាបន្លែស្លឹកពណ៌បៃតង) -រ៉ែ Selenium (មាននៅក្នុងពពួកសណ្តែកសម្បូរប្រេង សាច់និងងាវ ខ្យងខ្ចៅ បង្គា បង្កង) និងសារធាតុលីកូប៉ែន (មាននៅក្នុងបន្លែពណ៌ក្រហមនិងពណ៌ទឹកក្រូច) ត្រូវគេដឹងថា ជួបបញ្ហាដេកមិនសូវលក់ ។
ចំណែក អាហារដែលសម្បូរខ្លាញ់និងអាហារមានសារធាតុ Choline (មានក្នុងស៊ុតនិងសាច់ជាប់ខ្លាញ់) ត្រូវអ្នកវិទ្យាសាស្ត្ររកឃើញថា បង្កការរំខានដល់ដំណេកយ៉ាងធ្ងន់ធ្ងរ ។
អ្នកដឹកនាំការស្រាវជ្រាវ សាស្ត្រាចារ្យ Michael Grandner បានថ្លែងថា ៖ «ជាទូទៅ អ្នកដែលទទួលទានដំណេកពី៧-៨ម៉ោងក្នុងមួយយប់ របបអាហាររបស់គេខុសប្លែកគ្នាទៅនឹងអ្នកដែលដេកតិចជាង៧ម៉ោងឬច្រើនជាង៨ម៉ោង ។ ដូច្នេះ ដំណេកខ្លីនិងវែង អាចជាប់ពាក់ព័ន្ធនឹងការទទួលទានអាហារតិចឬច្រើន» ៕
ចែករំលែកព័តមាននេះ