ដើម្បីដឹកនាំជីវិតឆ្ពោះទៅរកសុខុមាលភាពគេចាំបាច់ត្រូវបំបាត់ចោលឱ្យអស់នូវភាពតានតឹង ( Stress)ចេញពីជីវិតរស់នៅ ។ Stressមិនមែនចេះតែកើតមានលើមនុស្សគ្រប់រូបនោះទេ ។ តាមការអង្កេតរបស់ក្រុមអ្នកជំនាញ Stress កើតមានដោយសារការប្រព្រឹត្តច្រំដែលៗនូវសកម្មភាពមួយចំនួនរបស់មនុស្សម្នាក់ៗតែប៉ុណ្ណោះ ហើយដែលយូរទៅក៏ក្លាយជាទម្លាប់ ។ ចូរជៀសវាងសកម្មភាព១០ចំណុចខាងក្រោយនេះដើម្បីកាត់បន្ថយនិងបំបាត់ Stress ៖
១- ទទួលទានដំណេកមិនគ្រប់គ្រាន់៖ ដំណេកគ្រប់គ្រាន់គឺជាតម្រូវការមូលដ្ឋានគ្រឹះរបស់រាងកាយមនុស្ស ។ កង្វះខាតដំណេក២-៣ម៉ោងរៀងរាល់ថ្ងៃ អាចនាំទៅរកការចុះខ្សោយផ្នែករាងកាយគិតអ្វីមិនចេញ និងបាត់បង់ភាពស្ងប់ចិត្តក៏ដូចជាភាពស្ងប់ក្នុងអារម្មណ៍ ។ ស្ថិតក្នុងស្ថានភាពបែបនេះយូរៗទៅ Stressនឹងបង្ហាញខ្លួន ។
២- ស្រស់ស្រូបអាហារមិនទៀងពេល ៖ អាហារ៣ពេលក្នុងមួយថ្ងៃគួរកុំរំលង ។ ជួនទទួលទាន ជួនអត់អាចនឹងនាំឱ្យមានភាពរញ៉ាំរញ៉ូវនិងឆាប់ខឹង ។ មួយវិញទៀត ការបរិភោគមិនទៀងបែបនេះ ក៏អាចកាត់បន្ថយសមត្ថភាពខួរក្បាលផងដែរ ហើយជាលទ្ធផលគឺជៀសមិនរួចពីកើតជំងឺ Stress ឡើយ ។
៣- ធ្វើការច្រើនម៉ោងគ្មានពេលសម្រាក៖ ការងារច្រើនម៉ោងនឹងធ្វើឱ្យអ្នកស្លុងទៅក្នុងមុខអាជីព ។ បើទោះណា ការងារបែបនេះនាំឱ្យអ្នករកចំណូលបានច្រើន ប៉ុន្តែធ្វើហួសប្រមាណពិតជានាំឱ្យចិត្តតានតឹងនិងជួនកាលនាំឱ្យមួម៉ៅទៀតផង ។
៤- មិនយកចិត្តទុកដាក់ថែរក្សាខ្លួនប្រាណ ៖ ការថែរក្សានិងតុបតែងរាងកាយឱ្យបានសមរម្យ និយាយជារួមគឺអនាម័យរាងកាយពិតជាសំខាន់ណាស់ក្នុងការធ្វើឱ្យជីវិតកាន់តែមានផាសុកភាពនិងសុខុមាលភាព ។ បើខ្វះខាតអ្វីទាំងនេះនឹងធ្វើឱ្យអ្នកមានអារម្មណ៍មិនស្រួលខ្លួន ។
៥-គ្មានទំនាក់ទំនងជាមួយមិត្តភក្តិនិងមនុស្សនៅជុំវិញខ្លួន ៖ ការជជែកសើចសប្បាយដោយក្តីរីករាយជាមួយមិត្តភក្តិនិងមនុស្សមួយចំនួននឹងធ្វើឱ្យជីវិតគ្មាន Stress ។ ផ្ទុយមកវិញ បើសិនជាធ្វើមិនបាន ចូរប្រញាប់ប្រញាល់ផ្លាស់ប្តូរទម្លាប់នេះចោល ។
៦- ឆាប់ខឹង ៖ តើអ្នកជាបុគ្គលរមែងបាត់បង់ការគ្រប់គ្រងអារម្មណ៍និងឆាប់ខឹងមិត្តភក្តិ គ្រួសារមែនទេ ? បើសិនជាដូច្នេះមែន អ្នកពិតជាបុគ្គលដែលពោរពេញដោយ Stressហើយ ។ ចូររៀនគ្រប់គ្រងអារម្មណ៍ខ្លួនឯងតាមរយៈការបន្ធូរចិត្តឬធ្វើអ្វីមួយដែលនាំឱ្យចិត្តរីករាយ ។
៧- មិនត្រូវគ្នាជាមួយក្រុមគ្រួសារ ៖ ចំពោះគូស្វាមីភរិយា វាពិតជាសំខាន់ដែលត្រូវជៀសវាងការទាស់គ្នា ។ ការរស់នៅក្នុងភាពល្អូកល្អិនជាមួយគ្នាគឺជាឱសថព្យាបាល Stress ។
៨- មិនចូលចិត្តការហាត់ប្រាណ ៖ ការហាត់ប្រាណគឺជាខ្សែពួរយិតយោងរាងកាយនិងចិត្តរបស់អ្នកឱ្យមានសុខភាពល្អ ។ មិនហាត់ប្រាណនឹងបង្កឱ្យមានបញ្ហាសុខភាពផ្លូវកាយនិងផ្លូវចិត្តច្រើនយ៉ាង ។ រាងកាយគ្មានសកម្មភាព ថាមពលក៏គ្មានការបញ្ចេញដែរ ហើយដូច្នេះ កត្តាដែលញ៉ាំងឱ្យអារម្មណ៍ស្រស់ថ្លាក៏បាត់បង់ផងដែរ ៕
ចែករំលែកព័តមាននេះ