សារព័ត៌មានបរទេសផ្សាយថា រណ្ដៅឧស្ម័នមួយនៅក្នុងប្រទេសតួកមេ៉នីស្ថាន ឬហៅថា«ទ្វារឆ្ពោះទៅឋាននរក» មានភ្លើងឆេះឥតឈប់ជារៀងរាល់ថ្ងៃរយៈពេលជាង៤០ឆ្នាំមកហើយក្រោយពីកកើតឡើងដោយការជីករកប្រភពឧស្ម័ន ។
រណ្ដៅឧស្ម័ននោះមានទំហំប្រហែល៧០ម៉ែត្រ ស្ថិតនៅក្បែរភូមិមួួយដែលអ្នកភូមិហៅថា«ទ្វារឆ្ពោះទៅឋាននរក» ។ រណ្ដៅឧស្ម័ននោះចាប់កកើតនៅឆ្នាំ១៩៧១ នៅលើបរិវេណដែនដីដែលមានឈ្មោះថាប្រភពប្រេង ។ អ្នកវិទ្យាសាស្ត្របានចោះជីកតំបន់នោះ ស្ថិតក្រោមការឧបត្ថម្ភពីរដ្ឋាភិបាលសហភាពសូវៀតដែលត្រូវការឧស្ម័ន ប៉ុន្តែលទ្ធផលបង្ហាញថា ត្រង់បរិវេណជីកបង្កឱ្យកើតជាប្រលោះមួយហៅថាចំណុចបញ្ចេញឧស្ម័នយ៉ាងច្រើន និងបង្កឱ្យមានភ្លើងឆាបឆេះឡើង ។
ក្រោយមកអ្នកវិទ្យាសាស្ត្រសម្រេចថា វិធីសាស្ត្រក្នុងការលុបបំបាត់ការឆាបឆេះឧស្ម័ននោះត្រូវបណ្ដោយឱ្យវាឆាបឆេះរហូតដល់អស់អំណាចដោយខ្លួនឯង តែក្នុងរយៈពេលប៉ុន្មានថ្ងៃប៉ុណ្ណោះ ប៉ុន្តែផ្ទុយទៅវិញវានៅបន្តឆេះរហូតដល់ពេលបច្ចុប្បន្នដោយមានរយៈពេលជាង៤០ឆ្នាំមកហើយ ។
គេជឿថា វាលខ្សាច់ការ៉ាកាំ គឺជាប្រភពឧស្ម័នដ៏ធំបំផុតនៅលើពិភពលោក និងអាជ្ញាធរតួកម៉េនីស្ថានមានសង្ឃឹមថានឹងនាំចេញឧស្ម័នធម្មជាតិក្នុងបរិមាណ៧៥លានម៉ែត្រគូបក្នុងរយៈពេល២០ឆ្នាំ ខាងមុខ ៕
ចែករំលែកព័តមាននេះ