ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមាស​ធាតុ៤​នៃ​ទេស​ភាព​អង្គរ​មាន​ប្រសាទ​ ទឹក ព្រៃឈើ ​និងប្រជាជន

10 ឆ្នាំ មុន

ខេត្ត​សៀ​ម​រាប​​ ​៖ សម្តេច​អគ្គមហា​សេនា​​បតីតេ​ជោ​ ហ៊ុន សែន ​នាយក​រដ្ឋ​មន្ត្រី​នៃ​ព្រះ​រា​ជា​ណាចក្រ​កម្ពុជា​​ មាន​ប្រសាសន៍​បញ្ជាក់​ថា ​នេះ​ពិត​ជា​អាច​មើល​ឃើញ​​យ៉ាង​​ប្រត្យ​​ក្ស​ថា ​សម្បត្តិ​​​វប្ប​ធម៌​​គឺជា​ដួងព្រលឹង​របស់​កម្ពុជា ​។ ជាក់​ស្តែង​​«អង្គរ​» ​គឺជា​​និមិត្ត​​រូបជាតិ​ ដោយ​ប្រាង្គ​ប្រាសាទ​អង្គរ​វត្ត​ដ៏​ល្បី​ល្បាញ​ត្រូវ​បាន​ផ្តិត​នៅ​លើ​ទង់​ជាតិ​កម្ពុជា ​។

ខេត្ត​សៀ​ម​រាប​​ ​៖ សម្តេច​អគ្គមហា​សេនា​​បតីតេ​ជោ​ ហ៊ុន សែន ​នាយក​រដ្ឋ​មន្ត្រី​នៃ​ព្រះ​រា​ជា​ណាចក្រ​កម្ពុជា​​ មាន​ប្រសាសន៍​បញ្ជាក់​ថា ​នេះ​ពិត​ជា​អាច​មើល​ឃើញ​​យ៉ាង​​ប្រត្យ​​ក្ស​ថា ​សម្បត្តិ​​​វប្ប​ធម៌​​គឺជា​ដួងព្រលឹង​របស់​កម្ពុជា ​។ ជាក់​ស្តែង​​«អង្គរ​» ​គឺជា​​និមិត្ត​​រូបជាតិ​ ដោយ​ប្រាង្គ​ប្រាសាទ​អង្គរ​វត្ត​ដ៏​ល្បី​ល្បាញ​ត្រូវ​បាន​ផ្តិត​នៅ​លើ​ទង់​ជាតិ​កម្ពុជា ​។

​ព្រះរាជា​ណាចក្រ​កម្ពុជា​គឺជា​ប្រទេស​តែ​មួយគត់​នៅ​ក្នុងពិភ​ពលោក​ ដែល​បានដាក់​បេតិ​កភណ្ឌ​ជាតិ​​​​ និង​ជា​បេតិ​កភណ្ឌ​​ពិភព​លោក​​ផងនោះ​នៅ​លើ​ទង់​ជាតិ​​របស់​ខ្លួន​ ។ ដូច្នេះ​ យុទ្ធនា​ការ​​អង្គរ​​មិន​ត្រឹ​ម​​តែ​ជា​​ការ​​អភិវឌ្ឍ​និង​អភិរក្ស​បេតិ​កភណ្ឌ​វប្ប​ធម៌​​ប៉ុណ្ណោះ​ទេ ​ប៉ុន្តែ​គឺជា​ការ​រួមចំណែក​យ៉ាងពិត​​​ប្រាកដ​ក្នុង​ការ​សម្រេច​​​បាន​នូវគោល​​ដៅ​អភិ​វឌ្ឍន៍​កម្ពុជា​ទៀត​​ផង ។ ​

​សម្តេច​​តេជោ​នាយ​ករដ្ឋ​មន្ត្រី​បាន​មាន​​​ប្រសាសន៍​បែ​ប​នេះ ​នា​ព្រឹក​ថ្ងៃ​ទី​៥ ធ្នូ ​ឆ្នាំ​២០១៣ ​នៅសណ្ឋាគារ​សុខា​ក្រុងសៀម​រាប ​ក្នុង​ឱកាស​​​​​អញ្ជើញ​​ជា​អធិបត​ីភាព​ដ៏​ខ្ពង់​ខ្ពស់​ក្នុង​ពិធី​បើក​សន្និ​សីទ​​អន្តរ​រដ្ឋា​ភិបាល​​​លើក​ទី​៣​ស្តី​ពី​អង្គរ​ ដែល​ជា ​ព្រឹត្តិការណ៍​ដ៏​មាន​សារ​សំខាន់​​មួយ​នៅ​ក្នុង​ប្រវត្តិ​សាស្ត្រ​របស់​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​ ។ ​​សន្និ​សីទ​ដ៏​មាន​សារ​សំខាន់​​នេះ គឺជា​​​ការ​បន្ត​នូវ​សន្និសីទ​លើក​ដំបូង​បង្អស់​ដែលបាន​ប្រារព្ធ​ធ្វើ​ឡើង​នៅ​ទី​ក្រុង​​តូក្យូ​នៅខែ​តុលា​ឆ្នាំ​១៩៩៩៣ ​ក្រោមគំនិត​ផ្តួច​ផ្តើម​របស់​ប្រទេស​ជប៉ុន​​ ឆ្លើយ​តប​ទៅ​នឹង​ព្រះរាជ​បំណង​ដ៏​ខ្ពង់​ខ្ពស់​​របស់​ព្រះ​ករុណា​ព្រះ​បាទ​​សម្តេច​ព្រះ​នរោត្តម​ ​សីហនុ ព្រះ​មហា​វីរ​ក្សត្រ​​ ព្រះ​វរ​​រាជ​បិតា​ជាតិ​ខ្មែរ ​ព្រះ​បរម​រត​ន​កោដ្ឋ ​ជា​ទី​​គោរ​ព​សក្ការៈដ៏ខ្ពង់​ខ្ពស់​បំផុត​ នៅ​ពេល​ដែល​ព្រះ​​អង្គ​ទ្រង់​​គង់នៅ​ជា​ព្រះ​​​ប្រធាន​នៃ​ឧត្តម​​ក្រុម​ប្រឹក្សា​​ជាតិ​​​​​នៃ​កម្ពុជា ​។

សម្តេច​តេជោ​នាយក​រដ្ឋ​មន្ត្រី​មាន​ប្រសាសន៍​បន្ត​ថា ​ក្នុង​ឱកាស​រំលឹក​​ខួប​អនុ​ស្សាវរីយ៍​​គួរ​ជា​ទី​​មោទនៈនេះ ​ខ្ញុំ​សូម​សម្តែង​នូវការ​អប​អរ​សា​ទរ​​ និង​ថ្លែងអំណរគុណ​ចំពោះ​​គណៈ​កម្មាធិការ​​សម្រប​សម្រួល​​អន្តរជាតិ សម្រាប់​​រមណីយ​ដ្ឋាន​អង្គរ​ (ICC) ​ដែល​បាន​រួម​ចំណែក​ផ្តល់​ឋានៈ ដ៏​ស័ក្តិ​សម​ដល់​​អារ្យ​ធម៌​ខ្មែរ​នៅ​ក្នុង​ប្រវត្តិ​សាស្ត្រ​មនុស្ស​ជាតិ ​ជា​ពិសេស​នៅ​ក្នុង​ប្រវត្តិ​សាស្ត្រ​នៃសម័យ​​កាល​វិទ្យា​សាស្ត្រ​ និង​បច្ចេក​វិទ្យា​​រីក​លូត​​លាស់​នេះ ​។ យើង​ក៏​​ត្រូវ​ទទួល​ស្គាល់​​ជា​សាធារណ​ៈថា ជោគ​ជ័យ​របស់​គណៈ​កម្មា​ធិការ​ICC អង្គរ ​ក្នុងរយៈ​ពេល​២០​ឆ្នាំ ​កន្លងមក​នេះ ​​ពិតជា​មិន​អាច​កាត់​ផ្តាច់​បាន​ពី​ការ​រួ​ម​ចំណែក​ដ៏​សំខាន់​​របស់​ប្រទេស​ជប៉ុន ​និ​ង​ប្រទេស​បារាំង​ ដែល​បាន​ខិត​ខំ​រួម​គ្នា​ក្នុង​នាម​​ជា​សហ​ប្រ​ធាន​នៃគណៈ​កម្មា​ធិការ​នេះ ​។ ​​ប្រទេស​ជប៉ុន​និង​ប្រទេស​បារាំង​ បាន​បំពេញ​តួ​នាទី​នេះ​ប្រកប​ដោយ​គតិ​បណ្ឌិត​ និង​ប្រកប​ដោយ​ជវភាព ​។

សម្តេច​​តេជោ​មាន​​ប្រសាសន៍​​គូ​ស​បញ្ជាក់​ថា ​ក្នុងទិស​ដៅ​​ធានា​សម្រេច​​ឱ្យបាន​​នូវ​គោល​ដៅ​ដ៏ពិសិដ្ឋ​នេះ ​រាជ​រដ្ឋា​ភិបាល​នីតិ​កាល​ទី​៥ ​​នឹង​​បន្ត​ពង្រឹង​និង​ពង្រីក​​សមិទ្ធ​ផល​នានា​ ដែល​រាជ​រដ្ឋា​ភិបាល​​​សម្រេច​​បាន​​កន្លង​មក ​តាម​រយៈ​ការ​ពង្រឹង​​សន្តិភាព ​ស្ថិរភាព​នយោ​បាយ​ ​សន្តិ​សុខ ​និង​​សណ្តាប់​ធ្នាប់​សង្គម ​ដោយ​អនុ​វត្តវិ​ធាន​ការ​​ជាក់​ស្តែង​នានា ​សំដៅ​លើ​កស្ទួយ​នីត​ិរដ្ឋ ​ការ​គោរព​សិទ្ធិសេរី​ភាព ​និង​សេចក្តី​ថ្លៃ​ថ្លូរ​របស់​មនុស្ស ​ព្រម​ទាំង​លទ្ធិ​ប្រជា​ធិប​តេយ្យ​​​សេរី​​ពហុ​​បក្ស ​​សម្រាប់​ពង្រឹង​​បរិ​ស្ថាន​​នយោ​បាយ​និង​សន្តិ​សុខ ​​ដែល​អនុ​គ្រោះ​ដល់​ការ​អភិវឌ្ឍ​ប្រកប​ដោយ​​​ចីរ​ភាព​ក្នុង​រយៈ​ពេល​វែង ​ក្នុងន័យ​នេះ​លើក​កម្ពស់​​កម្រិត​ជីវភាព​ និងសុខុមាល​ភាព​របស់​ប្រជា​ជន ​ការជំរុញ​កំណើន​សេដ្ឋកិច្ច​​ និង​វឌ្ឍ​ន​ភាព​សង្គម ​ប្រកប​ដោយ​សម​ធម៌​ និងការ​អភិរក្ស​​​សម្បត្តិ​​វប្ប​ធម៌​នៅទូទាំងប្រទេស ​។ ​

​ឈរ​លើ​ស្មារតី​នេះ​ សម្តេច​តេជោ​​នាយក​រដ្ឋ​មន្ត្រី​​ បាន​អំពាវ​​នាវ​ដល់​លោក​ លោកស្រី ​គណ​ៈ​ប្រតិភូ លោក លោក​ស្រី ដែលជា​តំណាង​​ឱ្យ​សហ​គមន៍​អន្តរជាតិ​​ទាំងអស់​ ដែល​មាន​វត្ត​មាន​នៅ​ទី​នេះ ​សូម​បន្ត​ការ​ប្តេជ្ញា​ចិត្ត​របស់​ខ្លួន​សា​​ជា​ថ្មី​បន្ថែម​​ទៀត ​សម្រាប់​សកម្ម​ភាព​ការងារ​នៃ​​ទសវត្សរ៍​ថ្មី ​ក្នុងការការ​ពារ​និង​​អភិរក្ស​រមណីយ​ដ្ឋាន​​អង្គរ​ដោយ​រួម​ជា​មួយ​​នឹង​អាជ្ញា​​ធរ​​ជាតិ​អប្ស​រា ​។ ក្នុងនោះ​ចាំបាច់​ត្រូវ​​គិត​គូរ​រួមគ្នា អំពី​វិធី​សាស្ត្រ ​និងការ​ប្រើ​ប្រាស់​​បច្ចេក​វិជ្ជា​ថ្មី​ៗ​ថែម​ទៀត ​ដើម្បី​ធានា​ឱ្យ​ការ​គ្រប់គ្រង​រមណី​ដ្ឋាន​បេតិ​កភណ្ឌ​ពិភពលោក​ត្រូ​វ​បាន​​អនុ​វត្ត​​ទៅតាម​ក្រម​សីល​ធម៌​ និង​​ការប្រតិ​បត្តិ​ស្តី​ពី​ការ​អភិរក្ស​ និង​ការ​អភិវឌ្ឍ​ ដូច​ដែល​​កំណត់​នៅ​ក្នុង​«​ធម្ម​នុញ្ញ​អង្គរ » ។

​សម្តេច​​​តេជោ​​បាន​អំពាវ​នាវ​បន្ថែម​ទៀត​ ឱ្យ​មាន​​ការ​ចាប់​​អារម្មណ៍​កាន​់តែ​ច្រើន​ចំពោះ​ទី​ក្រុង​នេះ សម្រាប់​គោ​ល​ដៅ​រមណីយដ្ឋាន​ទេសចរណ៍​វប្ប​ធម៌​នាពេល​បច្ចុប្បន្ន​និងអនាគត ។ ជា​រួម​ នៅ​ក្នុង​បរិការណ៍​ដែល​ពិភពលោក​កំពុង​នាំ​គ្នា​យក​ចិត្ត​ទុក​ដាក់​អំពី​ការ​អភិវឌ្ឍ​សង្គម-សេដ្ឋកិច្ច​​ជាតិ​និង​ការ​គ្រប់គ្រង​បេតិ​កភណ្ឌ​សម្បត្តិ​វប្ប​ធម៌​ ​​​ខ្ញុំ​សូម​​ឱ្យ​អង្គ​ពិធី​ត្រូវ​បន្ត​គិតគូរ​ឱ្យ​បាន​​ទូលំ​ទូ​លាយ​គ្រប់​ជ្រុងជ្រោយ​ និងស៊ី​ជម្រៅ​ដោយ​ផ្សារ​ភ្ជាប់​គ្នា​រវាង​ការគ្រប​់គ្រង​បេតិ​កភណ្ឌ​សម្បត្តិ​វប្ប​ធម៌ និង​ការ​​កាត​់បន្ថយ​ភាព​ក្រី​ក្រ ​ដែល​ផ្តល់​​ជា​តម្លៃ​​សេដ្ឋ​កិច្ច​​មួួ​យ​រឹងមាំ ​ឆ្លើយ​តប​បានទៅ​នឹង​ការ​អភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព ។

សមាសធាតុ​សំខាន់​និងមិន​អាច​ផ្តាច់​​ចេញ​​ពី​គ្នា​បានចំនួន​៤ ដែល​បង្កើត​​បាន​ជា​ទេស​ភាព​​អង្គរ​នេះ ​គឺ​ប្រាសាទ​ ទឹក ​ព្រៃ​ឈើ ​និង​ប្រជា​​ជន ។ ​​ចំពោះ​មុខ ​គឺ​យើង​ត្រូវ​រួម​គ្នា​គិត​គូរ​​ និងយក​ចិត្ត​ទុក​ដាក់​ខ្ពស​់​ចំពោះសមា​ស​ធាតុ​​ទាំង​អស់​នេះ ។ ​សម្តេច​តេជោ​នាយក​​រដ្ឋ​មន្ត្រី​បានស្នើ​ដល់​អាជ្ញា​ធរ​ជាតិ​អប្ស​រា ​និងអ្នក​​ជំនាញ​​វ័យ​ក្មេង​កម្ពុជា​​ ព្រម​ទាំងភាគី​​ពាក់ព័ន្ធ​ទាំងអស់ ដើម្បី​រួម​​ប្រយុទ្ធ​ប្រឆាំង​នឹងការ​ពុក​ផុយ​​​នៃ​​​ថ្ម​ប្រាសាទ​ ​និងការ​​ខូច​ខាត​រូប​ចម្លាក់ ​ដែលអាច​​បង្ក​ឡើង​ដោយ​ការ​បំពុល​បរិយា​កាស​ ។

សម្តេច​​​តេជោ​​បាន​ទាញ​​ការ​ចាប់​អារម្មណ៍​ដល់​​អង្គ​សន្និ​សីទ​ទាំងមូល​ថា ​ទោះ​បី​​ជាមាន​ការ​​ព្រួយ​បារម្ភ​អំពី​ហានិភ័យ​នានា​ចំពោះ​រមណីយ​ដ្ឋាន​​ ន​ិង​ប្រាង្គ​ប្រាសាទ ដែល​បណ្តាលម​កពី​​ចំនួន​ភ្ញៀវ​ទេស​ចរ​មក​ទស្សនា​ច្រើន​លើស​លប់​ក៏​ដោយ ​ក៏​យើង​គប្បី​មាន​ការ​ប្រុង​​ប្រយ័ត្ន​ ដោយ​មិនត្រូវ​​យល់​ក្នុង​ន័យ​អវិជ្ជ​មាន​ណាមួយ​ចំពោះ​កំណើន​ខ្ពស់​នៃ​​ចំនួន​ភ្ញៀវ​ទេសចរ​នោះឡើយ ​។ ​រមណីយ​ដ្ឋាន​អង្គរ​មាន​ផ្ទៃ​ក្រឡា​សរុប​រហូតដល់​ទៅ​៤ម៉ឺន​ហិកតា ​ហើយ​ប្រាង្គ​ប្រាសាទ​​ ដែល​​ភ្ញៀវ​ទេសចរ​អាចមក​ទស្សនា​​យ៉ាងច្រើន ​សំខាន់​​ស្ថិត​នៅ​ត្រង់​ថា ​តើ​ត្រូវ​ធ្វើ​យ៉ាងណា​ ដើម្បី​គ្រប់​គ្រង​បែង​ចែក​លំហូរភ្ញៀវ​ និង​រៀបចំ​​ទី​កន្លែង​ឱ្យ​​ភ្ញៀវ​ទេសចរ​បាន​មក​ទស្សនា​​រមណីយ​ដ្ឋាន​នេះ​ប្រកប​ដោយ​​របៀប​រៀប​រយ ។
​លោ​ក​បណ្ឌិត​សភា​ចារ្យ ​សុខ អាន ​​ឧ​ប​នាយក​រដ្ឋមន្ត្រី​ រដ្ឋ​មន្ត្រី​ទទួល​បន្ទុក​ទីស្តីការ​​គណ​ៈ​រដ្ឋមន្ត្រី​ និងជា​​ប្រធាន​សន្ន​ិសីទ​អន្តរ​រដ្ឋាភិបាល​លើក​ទី​៣ ស្តី​ពី​អង្គរ​ មា​នប្រសាសន៍​ថា ​​យើង​អាច​និយាយ​បានថា ​ឆ្នាំ​២០១៣ ​ដែល​នឹង​ត្រូវ​បញ្ចប់​នា​ពេល​ខាងមុខ​ គឺជាឆ្នាំ​ដែល​ពោរ​ពេញ​​ទៅ​ដោយ​ជោគ​ជ័យ​ដ៏​ត្រចះ​ត្រចង់​​សម្រាប់​វិស័យ​​បេតិ​កភណ្ឌ​​នៅ​កម្ពុជា ​ហើយ​វានឹង​ដក់​ជាប់​យ៉ាង​ជ្រាល​ជ្រៅ​នៅក្នុង​ការចង​ចាំ​របស់​យើង​ទាំង​​អស់​គ្នា ​។

​លោក​ប​ណ្ឌិត​សភា​ចារ្យ​មាន​ប្រសាសន៍​បន្ត​ថា ​ជាក​់ស្តែង​កាលពី​ថ្ងៃ​ទី​១៦ ​ដល់​ថ្ងៃ​ទី​២៧ ​​មិថុនា ​​ឆ្នាំ​២០១៣ ​កន្លង​ទៅ​នេះ ​សម័យ​ប្រជុំ​ពេញ​អង្គ​​លើក​ទី​៣៧ ​នៃគណ​ៈ​កម្ម​ាធិការ​បេត​ិ​កភណ្ឌ​ពិភពលោក ​ត្រូវ​បាន​រៀបចំឡើង​នៅរាជ​ធានី​ភ្នំពេញ​ និងនៅ​សៀម​រាប ​អង្គរ​នេះ​ ដែល​ជា​ព្រឹត្តិការណ៍​​អន្តរ​ជាតិ​ ដ៏​ធំ​​ផ្នែក​បេតិ​កភណ្ឌ​វប្ប​ធម៌​និង​ធម្ម​ជាតិសម្រាប់​​អង្គ​ការ​យូ​ណេស្កូ​ ក៏​ដូច​ជា​សម្រាប់​​សមាជិក​​ទាំង​១៩​០ប្រទេស ​​ដែល​ជា​រដ្ឋ​ភាគី​នៃ​អនុ​សញ្ញា​ឆ្នាំ​១៩៧២ ​ព្រម​ទាំង​សម្រាប់​ស្ថា​ប័ន​ពិគ្រោះ​យោ​បល់​សំខាន់​ៗ​ដូច​ជា​ICCROM , IUCN និង ICOMOS ​ផងដែរ ។

លោក​បណ្ឌិត​សភា​ចារ្យ​បញ្ជាក់​ថា ​​ថ្ងៃទី​៥ ធ្នូ ​នេះគឺ​ជា​ព្រឹត្ត​ិ​ការណ៍​​មួ​យ​ទៀត​នៃ​​​​ឆ្នាំ​​បេតិ​កភណ្ឌ​២០១៣ ​បន្ទាប់​ពី​សន្និ​សីទ​លើក​ទី​១នៅ​ខែ​​​ តុលា ​ឆ្នាំ​១៩៩៣ ​ដែល​​​បាន​​ប្រារព្ធ​​ធ្វើ​​ឡើងនៅ​ទី​ក្រុង​តូ​ក្យូ​ និងសន្និ​សីទលើ​កទី​២ នៅ​​វិច្ឆិកា ​ឆ្នាំ​២០០៣ ​នៅ​​ទី​ក្រុង​បា៉ារីស​​​ និង​សន្និសីទ​អន្តរ​រដ្ឋាភិបាល​លើ​ក​ទី​៣ស្តី​ពីអង្គរ​​​ត្រូវ​បាន​ប្រារព្ធ​​ឡើងនៅ​ពេល​នេះ ​នៅ​ទី​ក្រុង​សៀម​រាប ​ដែល​ជា​ច្រក​ទ្វារ​ទៅ​កាន​់​រមណី​យ​ដ្ឋាន​អង្គរ ​ដែល​ត្រូវ​បាន​ចុះ​ក្នុងបញ្ជី​បេតិ​កភណ្ឌ​​ពិភពលោក​តាំងពីឆ្នាំ​១៩៩២ ​មក​ម្ល៉េះ ។

​លោក​បណ្ឌិត​​សភា​ចារ្យ​បាន​គូ​ស​បញ្ជាក់​​ថា ​​​អង្គ​សន្និសីទ​នេះ គឺជា​វេទិកា​​សម្រាប់​យើង​ទាំង​​អស់​គ្នា​ក្នុងការ​បន្ត​ជា​ឱឡា​រិក​នូវការ​ប្តេជ្ញា​ចិត្ត​របស់​យើង​ និង​ការ​បន្ត​ដោយ​ឥត​ងាក​រេ ​នូវមាគា​៌​ដែល​​យើង​ទាំង​អស់​គ្នា​បាន​ត្រួស​ត្រាយ​ និង​ធ្វើ​​ដំណើរ​រួមគ្នា ​អស់រយៈ​ពេល​២០​ឆ្នាំ ​មក​​ហើយ ​នៅ​ក្នុង​ក្រប​ខណ្ឌ​នៃ​ICC​អង្គរ ។​ ជា​ការ​ពិត​ ​យើង​នឹង​បន្ត​ការ​ងារ​នៅ​លើ​​មាគា​៌​​ដ៏ត្រឹម​ត្រូវ​នេះ ​​និង​បំពេញ​ការ​ងារ​នេះ​​ឱ្យ​​បាន​សម្រេច​ជោគ​ជ័យ ។

ប៉ុន្តែ​បច្ចុប្បន្ន​នេះ ​យើង​បាន​ជួប​ប្រទះ​នឹង​ប​ញ្ហា​ប្រឈម​មួយ​ចំនួន​ ជា​ពិសេស​​ក្នុងការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ឥទ្ធិ​ពល​នៃការ​បំពុល​បរិស្ថាន​លើ​រមណី​​យ​ដ្ឋាន​ និង​ក្នុងការគ្រប់​គ្រង​លំហូរ​ភ្ញៀវ​ទេសចរ ។ ​ចំពោះ​បញ្ហា​​នេះ ​យើង​នឹង​រួម​គ្នា​រិះ​រក​​វិធី​​សាស្ត្រ​ និង​មធ្យោ​បាយ​នានា​ ដើម្បី​ធានា​នូវ​ការ​គ្រប់គ្រង​រមណី​យដ្ឋាន​​​អង្គរ​​ប្រកប​ដោយ​​ចីរភាព​គ្រប់​ជ្រុង​ជ្រោយ​ ដើម្បី​ពិភាក្សា​ពី​បញ្ហា​ប្រឈម​នានា​ និង​ធ្វើការ​វិភាគ​អំពី​ទិដ្ឋ​ភាព​ផ្សេង​ៗ​របស់​បញ្ហា​ទាំង​នោះ ៕