ពួកបាតុករដែលទាមទាររំលាយរដ្ឋាភិបាលថៃ កាលពីថ្ងៃទី២៩ វិច្ឆិកា បានលើកគ្នាសម្រុកចូលក្នុងទីស្នាក់ការកងទ័ពជើងគោក ដោយស្នើដល់ពួកយោធាឱ្យចូលរួមដៃក្នុងចលនារបស់ពួកគេ ។អ្នកនាំពាក្យម្នាក់របស់កងទ័ពគូសបញ្ជាក់ថា ពួកបាតុករបានច្រានទ្វារនាវេលាម៉ោង១២និង១០នាទីម៉ោងក្នុងស្រុក ហើយពេលនេះស្ថិតនៅក្នុងទីបញ្ជាការដ្ឋានកងទ័ពជើងគោកស្ថិតនៅកណ្តាលក្រុងបាងកក ។ អ្នកនាំពាក្យបញ្ជាក់ថា ប្រមុខកងទ័ពជើងគោកមិននៅក្នុងទីបញ្ជាការដ្ឋានឡើយនាពេលនោះ ។
យោងតាមអ្នកកាសែតបរទេសម្នាក់ថា មនុស្សជាច្រើនពាន់នាក់បានលុកចូលក្នុងប្លុកទីបញ្ជាការដ្ឋានកងទ័ពជើងគោក ក៏បុ៉ន្តែពុំចូលក្នុងអគារទាំងឡាយឡើយ ។ លោកអាមន អាមនរ៉ាតាណាណុង មេខ្លោងបាតុកម្មម្នាក់និយាយថា យើងចង់បង្ហាញប្រាប់កងទ័ពថា ប្រជាជនមានកម្លាំងខ្លាំងហើយក្លាហាន ។ យើងចង់ដឹងថា តើកងទ័ពឈរនៅខាងប្រជាជន ឬយ៉ាងណា ។ យើងពុំចង់បានរដ្ឋប្រហារយោធាមួយឡើយ ។
ការប្រមូលផ្តុំមនុស្សធ្វើបាតុកម្មប្រឆាំងនាយករដ្ឋមន្ត្រីថៃ លោកស្រីយីងឡាក់ ស៊ីណាវ៉ាត្រា និងបងប្រុសលោកថាក់ស៊ីន កើតមានចាប់តាំងពី១ខែមកហើយ ។ បាតុកម្មទាំងឡាយមានភាពពុះកញ្ជ្រោលខ្លាំងនាសប្តាហ៍នោះ ហើយពួកបាតុករបដិសេធមិនព្រមចរចាជាមួយលោកស្រីយីងឡាក់ ហើយលើកគ្នានាថ្ងៃទី២៩ វិច្ឆិកា ចូលកាន់កាប់អគាររដ្ឋជាច្រើនក្នុងនោះរួមមាន ក្រសួងហិរញ្ញវត្ថុជាដើម ហើយលើកគ្នាឡោមព័ទ្ធក្រសួងជាច្រើនទៀតរយៈពេលបុ៉ន្មានថ្ងៃចុងក្រោយនេះ ក្នុងនោះមានទីស្នាក់ការបូ៉លិសជាតិដែរ ។ នៅទីនោះពួកគេបាននាំគ្នាកាត់ផ្តាច់ភ្លើងអគ្គិសនី ។
កាលពីថ្ងៃទី២៨ វិច្ឆិកា អ្នកនាំពាក្យរដ្ឋាភិបាលថៃគូសបញ្ជាក់ថា រដ្ឋាភិបាលសន្យាពី ការអធ្យាស្រ័យខ្លាំងបំផុតក្នុងការគ្រប់គ្រងបាតុកម្មដែលកាន់តែរីករាលដាល ។ លោក SEK WANNAMETHEE អ្នកនាំពាក្យរបស់ក្រសួងការបរទេសថៃនិយាយថា គ្រប់អាជ្ញាធររដ្ឋាភិបាលទាំងអស់បានទទួលការណែនាំឱ្យមានការអធ្យាស្រ័យខ្លាំងបំផុតក្នុងការគ្រប់គ្រងសភាពការណ៍តាមបែបសន្តិវិធី ។ រដ្ឋាភិបាលត្រៀមផ្តល់រាល់ការទ្រទ្រង់ចាំបាច់ចំពោះបណ្តាក្រសួងមន្ទីរដែលការងារត្រូវរាំងខ្ទប់ដោយបាតុកម្ម ហើយអំពាវនាវឱ្យបន្តបេសកកម្មរបស់ខ្លួនឱ្យបានល្អ ។
ចំណែកឯមជ្ឈមណ្ឌលទទួលបន្ទុកខាងរដ្ឋបាលសន្តិភាព និងរបៀបរៀបរយ (CAPO) ចំណុះឱ្យកងកម្លាំងប៉ូលិសថៃគូបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍មួយថា ខ្លួននឹងបន្តធ្វើសកម្មភាពចាំបាច់នានាដើម្បីថែរក្សាសន្តិភាព និងរបៀបរៀបរយ ក៏បុ៉ន្តែការប្រើប្រាស់កម្លាំងនឹងត្រូវចៀសវាង ហើយស្នើឱ្យមានការអត់ធ្មត់ខ្លាំងបំផុត ។ ពួកអ្នកដែលប្រើកម្លាំងលុកចូលហើយបំផ្លាញអគាររដ្ឋាភិបាល នឹងត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ ។ CAPO នឹងបញ្ជូនបណ្តាតំណាងទៅចរចាជាមួយពួកបាតុករដើម្បីឱ្យពួកគេចាកចេញពីអគាររដ្ឋាភិបាលទាំងឡាយដែលពួកគេកាន់កាប់ ។
ក្នុងសេចក្តីថ្លែងការណ៍តាមទូរទស្សន៍មួយបុ៉ន្មានម៉ោងក្រោយពីទទួលបានការបោះឆ្នោតសម្តែងការជឿទុកចិត្តក្នុងសភាលោកស្រីនាយករដ្ឋមន្ត្រីថៃ អំពាវនាវដល់ពួកបាតុករឱ្យបញ្ចប់សកម្មភាពពួកគេ ហើយបើកការចរចាជាមួយរដ្ឋាភិបាលដើម្បីស្វែងរកច្រកចេញមួយចំពោះវិបត្តិនយោបាយដែលលោកស្រីយល់ថា ធ្វើឱ្យប្រទេសនិងសេដ្ឋកិច្ចជាតិដើរថយក្រោយ ។
យោងតាមអ្នកនាំពាក្យក្រសួងការបរទេសថៃថា ប្រទេស៥ គឺអូស្ត្រាលី កាណាដា ចិន អង់គ្លេស និងសហរដ្ឋអាមេរិក ព្រមទាំងសហភាពអឺរុ៉ប និងអ.ស.ប បានចេញសេចក្តីថ្លែងការណ៍ជាផ្លូវការដើម្បីសម្តែងពីការព្រួយបារម្ភរបស់ពួកគេចំពោះសភាពការណ៍នយោបាយនៅថៃ ដោយអំពាវនាវឱ្យគ្រប់គ្នាមានភាពអត់ធ្មត់ក្នុងការប្រើកម្លាំង ហើយស្វែងរកដំណោះស្រាយនយោបាយ ។ ប្រទេសសរុបចំនួនជាង៣០ បានធ្វើការព្រមានចំពោះជនជាតិពួកគេដែលស្ថិតនៅប្រទេសថៃ ឱ្យចៀសវាងកុំទៅកាន់កន្លែងមានបាតុកម្ម ៕
ចែករំលែកព័តមាននេះ