រាជធានីភ្នំពេញ ៖ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់អង្គការសង្គមស៊ីវិលបំពេញការងារប្រយុទ្ធនឹងជំងឺអេដស៍បានឱ្យដឹងថា មកដល់ពេលនេះ កម្ពុជាមានមនុស្សពេញវ័យ និងកុមារជាង៩០%ហើយ ដែលទទួលបានឱសថព្យាបាលមេរោគអេដស៍ ដែលចំនួននេះបានទទួលការអបអរសាទរពីអង្គការសហប្រជាជាតិ និងបណ្តាប្រទេសនានានៅលើពិភពលោក ជាពិសេសប្រទេសនៅតំបន់អាស៊ីប៉ាស៊ីហ្វិក ។ ទន្ទឹមនោះតាមតួលេខរបស់មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សើស្បែក និងកាមរោគបានបង្ហាញថា នៅឆ្នាំ២០១៣ នេះ កម្ពុជាមានអ្នករស់នៅជាមួយមេរោគអេដស៍ប្រមាណ៧១.៣៤៧នាក់ ក្នុងនោះស្ត្រី៣៨.៤២០នាក់ កុមារចំនួន៦.៨៥នាក់ ក្នុងនោះកុមារី៣.៣៥៤នាក់ ។
ទាក់ទងនឹងជំងឺអេដស៍នេះដែរ លោកវេជ្ជបណ្ឌិត អ៊ុំ សុភាព នាយកប្រតិបត្តិនៃអង្គការខាណា បានមានប្រសាសន៍ថា អត្រាឆ្លងនឹងចុះជាបន្តទៀតនៅឆ្នាំ២០១៤ និង២០១៥ ដែលជាឆ្នាំចុងក្រោយនៃទិសដៅអភិវឌ្ឍន៍សហស្សវត្សន៍អង្គការសហប្រជាជាតិ ។ លោកមានប្រសាសន៍បន្ថែមថា នៅឆ្នាំ១៩៩៤ អត្រាឆ្លងបានឡើងខ្ពស់រហូតដល់១,៧ភាគរយ ប៉ុន្តែឆ្នាំបន្ទាប់ៗមក តាមរយៈការថែទាំ និងព្យាបាលទាន់ពេល និងមានការរុញខ្លាំងក្លារួមទាំងការឆ្លើយតបតាមលក្ខណៈពហុវិស័យ អត្រាឆ្លងបានថយចុះ និងប្រៀបធៀបឆ្នាំ២០១៣ នេះ អត្រាឆ្លងបានធ្លាក់ចុះមកត្រឹមតែ០,៧ភាគរយប៉ុណ្ណោះ ។
ចំណែកលោកទឹម វរ៉ា នាយកប្រតិបត្តិនៃគណៈកម្មាធិការសម្របសម្រួលប្រយុទ្ធនឹងជំងឺអេដស៍មានប្រសាសន៍បញ្ជាក់ដែរថា ដើម្បីឆ្លើយតបប្រកបដោយប្រសិទ្ធភាពលើករណីគ្មានឆ្លងថ្មី ការមិនរើសអើង និងគ្មានការស្លាប់ទាក់ទងនឹងជំអឺអេដស៍ ការបាត់បង់ការតាមដានក្នុងចំណោមអ្នកចំណាកស្រុកគួរតែយកចិត្តទុកដាក់ឱ្យបានខ្លាំងបំផុត ។ លោកបានអំពាវនាវដល់ស្ថាប័នពាក់ព័ន្ធរបស់ប្រទេសកម្ពុជា ឱ្យបង្កើនកិច្ចពិភាក្សាឱ្យបានខ្លាំងក្លា ដើម្បីបង្កើតយន្តការជាមួយបណ្តាប្រទេសដែលមានអ្នកចំណាកស្រុកកម្ពុជា ដើម្បីឱ្យពួកគេទទួលបានសេវាថែទាំសុខភាព និងឱសថប្រឆាំងមេរោគអេដស៍ ។ ជាងនេះទៅទៀត លោកក៏បានបន្តថា ក្រៅពីកម្មវិធីការពារ និងថែទាំ គឺយើងត្រូវយកចិត្តទុកដាក់ផងដែរ ទាក់ទងនឹងការបង្កបរិយាកាសសង្គម និងការបង្កើតជំនាញដល់អ្នកដែលរងផលប៉ះពាល់ ដើម្បីឱ្យពួកគេមានស្ថានភាពកាន់តែប្រសើរ ។
ជាការកត់សម្គាល់ថា អង្គការសហប្រជាជាតិបានផ្តល់នូវពានរង្វាន់ទិសដៅអភិវឌ្ឍន៍សហវត្សរ៍ដល់រាជរដ្ឋាភិបាលកម្ពុជា នៅឆ្នាំ២០១០ ចំពោះភាពជាអ្នកដឹកនាំ ការប្តេជ្ញាចិត្ត និងដំណើរឆ្ពោះទៅរកការសម្រេចបានគោលបំណងទី៦ ទាក់ទងនឹងការប្រយុទ្ធនឹងមេរោគអេដស៍ ។
ចែករំលែកព័តមាននេះ