ខេត្ដតាកែវ ៖ កាលពីព្រឹកថ្ងៃទី២៦ វិច្ឆិកា ទីតាំងរោងសិប្បកម្មកែច្នៃឈើប្រណីតមួយកន្លែងដែលសម្ងំលាក់ខ្លួនធ្វើអាជីវកម្មជាង២ខែមកហើយ ត្រូវបានសមត្ថកិច្ចរដ្ឋបាលព្រៃឈើចាត់វិធានការឱ្យរុះរើចេញ ក្រោមបញ្ជារបស់លោក ស្រី បេន អភិបាលខេត្ដ ដោយចោទថាខុសច្បាប់ ។ ចំពោះការចុះទៅរុះរើនេះ គេឃើញមានលោក សាយ សាយឿន នាយផ្នែករដ្ឋបាលព្រៃឈើតាកែវ លោក ញ៉េប សារិន នាយសង្កាត់រដ្ឋបាលព្រៃឈើដូនកែវ និងបានធ្វើកិច្ចសន្យាជាមួយម្ចាស់ទីតាំងនេះត្រូវរុះរើម៉ាស៊ីន និងសម្ភារផ្សេងៗចេញឱ្យផុតត្រឹមថ្ងៃទី២៦ វិច្ឆិកា ។
មន្ដ្រីរដ្ឋបាលព្រៃឈើដែលបានចុះមករុះរើរោងសិប្បកម្មកែច្នៃឈើនេះនិយាយថា ចំពោះទីតាំងនេះជារបស់យាយ លី អតីតប្រធានមន្ទីរកិច្ចការនារីទើបចូលនិវត្ដន៍ ហើយជួលបន្ដទៅឱ្យជនជាតិវៀតណាមម្នាក់ឈ្មោះ យូ ធ្វើអាជីវកម្មអស់រយៈពេលជាង២ខែមកហើយ ដោយមិនបានសុំច្បាប់ពីរដ្ឋបាលព្រៃឈើឡើយ ។ ក្រោយពីដឹងថា ទីតាំងសិប្បកម្មកែច្នៃឈើនេះដំណើរការអត់ច្បាប់នោះ លោកប្រធានផ្នែករដ្ឋបាលព្រៃឈើតាកែវ កាលពីព្រឹកថ្ងៃទី២៦ វិច្ឆិកា បានសុំយោបល់ពីលោកអភិបាលខេត្ត រួចលោកអភិបាលខេត្ដបញ្ជាឱ្យជនជាតិវៀតណាមនោះរើម៉ាស៊ីនអារច្រៀកចេញឱ្យអស់ដោយមិនរឹបអូសអ្វីឡើយ ។ ប៉ុន្ដែបើគិតតាមច្បាប់ យាយ លី ដែលជាម្ចាស់ទីតាំង និងជួលទៅឱ្យជនជាតិវៀតណាមធ្វើអាជីវកម្មជាអ្នកទទួលខុសត្រូវ មិនគួរណាយាយ លី គាត់ដឹងច្បាប់ហើយបែរជាបំពានច្បាប់បែបនេះសោះ បើទោះបីគាត់ជួលឱ្យគេក៏ដោយ ក៏ត្រូវតែគោរពច្បាប់ដែរ ។
លោក ញ៉េប សារិន ឱ្យដឹងថា ទីតាំងសិប្បកម្មកែច្នៃឈើខុសច្បាប់នេះ ស្ថិតក្នុងភូមិផ្សារតាកោ សង្កាត់រកាក្នុង ក្រុងដូនកែវ ដែលជនជាតិវៀតណាមលួចបើកយូរហើយ តែលោកមិនដឹងសោះ ព្រោះគេមិនសុំច្បាប់ ។ ចំណែកយាយ លី ម្ចាស់ទីតាំងបាននិយាយបំភ្លឺយ៉ាងខ្លីប្រាប់មេព្រៃថា គាត់អត់ខុសអីទេ ព្រោះដីរបស់គាត់មែន តែគាត់ជួលឱ្យគេកែច្នៃឈើសម្រាប់ធ្វើផ្ទះរបស់គាត់តែប៉ុណ្ណោះ ៕
ចែករំលែកព័តមាននេះ