មូលហេតុសាម័ញ្ញបំផុតនៃការចុកខ្មាញ់ក្នុងពោះអំឡុងការមករដូវគឺបណ្តាលមកពីសារធាតុគីមីកើតពីធម្មជាតិមួយប្រភេទក្នុងរាងកាយឈ្មោះ prostaglandins ។ របបអាហារប្រចាំថ្ងៃក៏ជាកត្តាសំខាន់មួយផងដែរដែលអាចធ្វើឱ្យប៉ះពាល់ដល់ស្ត្រីក្នុងពេលមករដូវ ។ អាហារមួយចំនួន បើទោះជាមិនធ្វើឱ្យប៉ះពាល់ដល់សុខភាព ប៉ុន្តែ វាអាចបណ្តាលឱ្យឈឺចាប់មុនពេលមករដូវរឹតតែអាក្រក់ខ្លាំងឡើង និងមានរយៈពេលយូរទៀតផង ។ ដូច្នេះដើម្បីកាត់បន្ថយអាការៈឈឺចាប់ ស្ត្រីគួរចៀសវាងការទទួលទានអាហារដូចខាងក្រោមនេះ ៖
១- ពពួកអាហារដែលផ្ទុកសារធាតុកាហ្វេអីុន ៖
ចូរចៀសវាងអាហារដូចជា កាហ្វេ តែ សូដា ស្ករសូកូឡាក្នុងពេលកំពុងមករដូវ ។ សារធាតុកាហ្វេអុីនបានកម្រិតនូវការចរាចរឈាមហើយធ្វើឱ្យរាងកាយខ្សោះជាតិទឹក ។ បញ្ហានេះអាចធ្វើឱ្យអ្នកឈឺក្បាល បង្កើនភាពញាប់ញ័រជ្រួលច្របល់ក្នុងចិត្ត ។
២- ផលិតផលអាហារធ្វើពីទឹកដោះគោ ៖
អាហារប្រភេទនេះផ្ទុកទៅដោយអាស៊ីដ arachadonic ដែលមានលទ្ធភាពជួយជំរុញឱ្យការផលិតសារធាតុ prostaglandins កាន់តែច្រើនឡើង ។ ក្នុងពេលដែល prostaglandinsចំនួនច្រើនត្រូវបានចែកចាយក្នុងរាងកាយ ស្បូនក៏ឆ្លើយតបដោយការរមួលកន្ត្រាក់ ។ ផ្ទុយមកវិញ ការទទួលទានអាហារដែលសម្បូរដោយអាស៊ីដខ្លាញ់អូមេហ្គា-៣អាចជួយទប់ស្កាត់ការចែកចាយសារធាតុគីមី prostaglandins ។ ដូច្នេះចូរទទួលទាន ពពួកត្រីសម្បូរខ្លាញ់ សណ្តែកវ៉លណាត់ឱ្យបានច្រើន ដើម្បីកាត់បន្ថយការឈឺ ចាប់ ។
៣- បណ្តាអាហារកែច្នៃដាក់ក្នុងកំប៉ុងឬកញ្ចប់និងមានប្រើប្រាស់អំបិលច្រើន ៖
កាត់បន្ថយការទទួលទានប្រៃនឹងធ្វើឱ្យថយចុះខ្សោះជាតិទឹកក៏ដូចជាការហើម ។ ចូរចៀសវាងអាហារកំប៉ុង អាហារកែច្នៃនិងអាហារវេចខ្ចប់ដែលមានផ្ទុកអំបិល ២០០មិល្លីក្រាមឡើងទៅ ។
៤- ប្រភេទអាហារចៀនឬបំពង ៖
ទទួលទានអាហារចៀន-បំពងដោយខ្លាញ់ ឬប្រេងឆាសុទ្ធតែអាចធ្វើឱ្យកម្រិតអ័រម៉ូនភេទ estrogenកើនឡើងខ្ពស់ ។ នៅពេលកម្រិត estrogenកើនបែបនេះ ការឈឺចាប់ឡើងទ្វេគុណ ។
ក្រៅពីរបបអាហារ ស្ត្រីគួរតែហាត់ប្រាណផងដែរ ។ ការធ្វើសកម្មភាពរាងកាយនឹងជួយធ្វើឱ្យល្អប្រសើរដល់ការចរាចរឈាមនិងអុកស៊ីសែនបានគ្រប់ទិសទីក្នុងរាងកាយជាពិសេសទៅដល់ត្រគាក ហើយបន្ទាប់មកអាចបន្ថយការឈឺចុកខ្លាញ់ ៕
ចែករំលែកព័តមាននេះ